ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរឆ្នាំ២០២១ត្រូវបានលុបចោល

30-12-2020 2:48 pm 179

ដោយសារស្ថានភាពវិបត្តិកូវីដ១៩ ទិវារត់ប្រណាំងចម្ងាយឆ្ងាយដែលមានចម្ងាយ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ Angkor Ultra Trial ឆ្នាំ២០២១ ដែលតែងតែប្រារព្ធធ្វើនៅក្នុងខែមករាត្រូវបានលុបចោលហើយ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ព្រឹត្តិការណ៍កីឡាបែបផ្សងព្រេងរត់ទាំងពេលកណ្តាលអាធ្រាតមួយនេះត្រូវបានប្រារព្ធធ្វើឡើងចំនួន៥ឆ្នាំរួចមកហើយ ដោយលើកចុងក្រោយ កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ មានអ្នកចូលរួមកើនដល់ជាង ១,៣០០នាក់ មកពី៤៥ប្រទេសលើពិភពលោក។ 

សូមបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍មួយទៀត ដែលត្រូវបានលុបចោលនៅក្នុងឆ្នាំ២០២០នេះ ដោយសារស្ថានភាពកូវីដ១៩ បន្ទាប់ពីព្រឹត្តិការណ៍រត់ ប្រណាំងអន្តរជាតិសំខាន់ៗរបស់កម្ពុជា ដូចជាទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរ, ទិវាម៉ារ៉ាតុងអន្តជាតិចក្រភពខ្មែរ, ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅរាធានីភ្នំពេញ ដោយព្រឹត្តិការណ៍ទាំងអស់នេះត្រូវបានលើកពេលទៅឆ្នាំ២០២១ជំនួសវិញ ខណៈការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ត្រូវបានរក្សាទុកទៅឆ្នាំក្រោយ៕ 

ព័ត៌មានផ្សេងទៀត