គ្រោះថ្នាក់ចរាចរណ៍បង្កជាជម្លោះផ្ទុះអាវុធស្លាប់មន្ដ្រីនគរបាលម្នាក់

30-12-2020 1:39 pm 1150

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ត្រូវថ្ងាស១គ្រាប់ និងខ្លួន៣គ្រាប់ ដោយសារតែទំនាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បាញ់ប្រហារដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនាថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងសូន្យនិងប្រាំនាទីយប់ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីណេត ហៅញ៉ក់ ភេទប្រុសអាយុ៣៩ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិម្នាក់បានបើករថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-3738 តាមមហាវិថីហសព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខសៀមរាប 2A 4546 បើកមកបុកពីក្រោយផ្នែកខាងឆ្វេង ដែលបណ្តាលឲ្យរងការខូចខាត។ ពេលនោះជនរងគ្រោះ បានបើករថយន្តបាំងពីមុខរថយន្ត Lexus ហើយក៏បានដកអាវុធខ្លីភ្ជង់ទៅលើរថយន្ត Lexus ក្នុងគោលបំណងមិនឲ្យបើកគេចខ្លួន។

យោងតាមរបាយការណ៍ដដែលបានបន្ថែមទៀតថា បន្ទាប់មកភាគីទាំងសងខាង បានឈប់ដើម្បីចរចាគ្នា ហើយភាគីបង្កបានព្រមព្រៀងយករថយន្តជនរងគ្រោះទៅជួសជុលដើម្បីបញ្ចប់រឿង។ ក្រោយបើករថយន្តអែបខាងផ្លូវ ជនរងគ្រោះរ៉េត ស៊ីណេត និងមិត្តភក្តិក៏បានអង្គុយមើលរថយន្តដែលរងការខូចខាត ស្រាប់តែជនល្មើស២នាក់ដែលជាអ្នកបង្ករគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកពណ៌ទឹកប្រាក់ បាញ់សំដៅទៅលើជនរងគ្រោះពីក្រោយចំនួន៤គ្រាប់ ចំក្បាល១គ្រាប់ និងខ្លួន៣គ្រាប់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយបាញ់ប្រហារជនរងគ្រោះ ក្រុមជនល្មើសក៏បានរត់គេចខ្លួនបាត់ស្រមោល ៕

គួរបញ្ជាក់ថា ក្រោយរត់គេចខ្លួន ពេលនេះរថយន្តរបស់ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ ដោយត្រូវបានយកទៅប្លុងចោលនៅម្ដុំភ្នំបាសិទ្ធ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ហើយរថយន្តត្រូវបានដោះស្លាកលេខចេញ។ យ៉ាងណាមិញ ពេលនេះកម្លាំងសមត្ថកិច្ចក៏កំពុងតែព្យាយាមតាមស្វែងរកជនល្មើស ដើម្បីនាំខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត

បុរសវ័យ៦៥ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ទាំងមិនដឹងថាខ្លួនឆ្លងកូវីដ!

 គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​យ៉ាង​គំហុក ក្រោយ​មាន​បម្រាម​គោចរ​និង​វិធានការ​បិទ​ខ្ទប់​

 ​អ្នកតាមដាន​សង្គម​ថា​​បញ្ហា​ចំនួន​ពីរ​នៅ​កម្ពុជា​​គួរតែ​ប្រកាសអាសន្ន​​

 ​គ្រោះថ្នាក់​ចរាចរណ៍​​ដល់​ពេល​ប្រកាសអាសន្ន​​ដូច​កូវី​ដ​១៩​ហើយ​?​

ខែ​ដំបូង​ឆ្នាំ​នេះ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៤៧​នាក់​

 ​អ្នកតាមដាន​សង្គម​៖​​គួរ​ប្រកាសអាសន្ន​​រឿង​គ្រោះថ្នាក់​ចរាចរណ៍​​​ដូច​ជំងឺ​កូវី​ដ​១៩​

លោក​ស ខេង ចូលរួម​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មន្ត្រីនគរបាល​បាន​ស្លាប់​ក្រោយ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​

 អ្នកវិភាគ​៖ វិបត្តិកូ​វីដ​១៩​អាច​ជា​កត្តា​ធ្វើឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០​ធ្លាក់ចុះ​

 លោកស ខេង៖គ្រោះថ្នាក់ចរាចណ៍ឆ្នាំ២០២០ធ្លាក់ចុះដោយអ្នកស្លាប់មានត្រឹមជាង៣០០នាក់