អាមេរិកបានបញ្ជាក់ពីករណីឆ្លងដំបូង នៃវីរុសកូវីដ១៩ដែលទើបបំប្លែងខ្លួនរកឃើញមុនគេនៅប្រទេសអង់គ្លេស។ ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ទម្រង់ថ្មីនេះ ត្រូវបានរកឃើញលើបុរសអាយុ២០ឆ្នាំម្នាក់នៅរដ្ឋColorado។ បុរសដែលវិជ្ជមានកូវីដ១៩ទម្រង់ថ្មីនេះ មិនធ្លាប់មានប្រវត្តិធ្វើដំណើរទៅណាឡើយក្នុងពេលថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងតែធ្វើចត្តាឡីស័ក។ មន្ត្រីសុខាភិបាលរដ្ឋបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលបានទាក់ទងជាមួយបុរសរូបនេះ។
គួរជម្រាបថា វីរុសកូវីដ១៩ដែលទើបនឹងបំបែកខ្លួនថ្មី ត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស។ ពេលនេះមេរោគនេះ បានរាតត្បាតស្ទើរពាសពេញពិភពលោកហើយ។ គេនាំគ្នាព្រួយបារម្ភកាន់តែខ្លាំង ពីការឆ្លងរាតត្បាតនេះមេរោគថ្មីនេះ ដ្បិតអ្នកជំនាញវេជ្ជសាស្ត្រអះអាងថា វីរុសកូវីដ១៩ដែលទើបបំបែកខ្លួនថ្មី មានហានិភ័យឆ្លងខ្ពស់ជាងវីរុសកូវីដ១៩ ដែលមានប្រភពចេញពីទីក្រុងវូហានប្រទេសចិន។ មានហានិភ័យឆ្លងខ្ពស់ ដោយសារវាមានលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដល់ទៅ៧០ភាគរយឯណោះ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺនោះទេ។ យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការបកស្រាយច្បាស់លាស់ ពីវីរុសកូរ៉ូណាជំនាន់ថ្មីនេះនៅឡើយទេ ដោយកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម៕