រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំនៅថ្ងៃចន្ទទី២៨ខែធ្នូឆ្នាំ២០២០ បានបន្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍សហព័ន្ធអាមេរិក ដើម្បីចាត់វិធានការរារាំងកម្មវិធីដ៏ពេញនិយមរបស់ក្រុមហ៊ុនចិន គឺកម្មវិធីTikTok។ នេះបើយោងតាមការដកស្រង់ការផ្សាយ ដោយបណ្ដាញសារព័ត៌មានCNAនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។
ក្រសួងយុត្តិធម៌អាមេរិកឲ្យដឹងថា បណ្ដឹងក្នុងការទាមទារឲ្យហាមឃាត់ប្រតិបត្តិការកម្មវិធីTikTokនៅសហរដ្ឋអាមេរិកនេះ ធ្វើឡើងស្របតាមការចោទថា កម្មវិធីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនមួយនេះ អាចបង្កជាករណីចារកម្មនិងផ្សព្វផ្សាយព័ត៌មានមិនពិត អាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក។ សេតវិមានបានអះអាងថាTikTok ជាកម្មវិធីដ៏មានហានិភ័យសម្រាប់សន្តិសុខជាតិ ដោយសារតែកម្មវិធីផលិតដោយក្រុមហ៊ុនByteDanceនេះ មានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
ទាក់ទងនឹងចំណាត់ការប្រឆាំងនឹងលើកម្មវិធីកម្សាន្ត ដែលទទួលបានការគាំទ្រពាសពេញពិភពលោកនេះដែរ លោកត្រាំនិយាយថា នេះជាសកម្មភាពដ៏ចាំបាច់ ដើម្បីការពារសន្តិសុខជាតិអាមេរិក និងដើម្បីឲ្យប្រាកដថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់TikTokនៅអាមេរិក មិនត្រូវបានគ្រប់គ្រងដោយទីក្រុងប៉េកាំង។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ពីរដ្ឋបាលលោកត្រាំ ក្រុមហ៊ុនByteDanceដែលជាក្រុមហ៊ុនផលិតកម្មវិធីកម្សាន្តTikTok បានចេញមុខការពារខ្លួនម្តងហើយម្តងទៀត ថា ទិន្នន័យរបស់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កម្មវិធីនេះ មិនបានរក្សាទុកឬបញ្ចូនទៅរក្សាទុកនៅប្រទេសចិនឡើយ។ ពោល ក្រុមហ៊ុនByteDanceថា ព័ត៌មានឬទិន្នន័យអ្នកប្រើប្រាស់ គឺរក្សាទុកនៅលើម៉ាស៊ីនមេនៅសហរដ្ឋអាមេរិកនិងសិង្ហបុរីប៉ុណ្ណោះ។
គួររម្លឹកថា រដ្ឋបាលលោកត្រាំធ្លាប់បានដាក់ពាក្យបណ្ដឹងលើកម្មវិធីTikTokជាបន្តបន្ទាប់កាលពីពេលកន្លងទៅ និងបានទទូចឲ្យតុលាការកំពូលអាមេរិក សម្រេចបិទចោលនូវប្រតិបត្តិការរបស់កម្មវិធីនេះនៅអាមេរិកផងដែរ។ ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានចេញបទបញ្ជាបណ្ដោះអាសន្នមួយម្ដងរួចមកហើយ ក្នុងការទាមទារឲ្យផ្អាកប្រតិបត្តិការកម្មវិធីនេះនៅអាមេរិក។ ក្រោយមក លោកត្រាំបានប្តូរពីការបិទកម្មវិធីនេះ មកជាការបង្ខំឲ្យក្រុមហ៊ុនByteDanceលក់កម្មវិធីTikTokមកឲ្យអាមេរិក ដើម្បីគ្រប់គ្រងដោយផ្ទាល់វិញ។ តែដំណើរចរចាទិញ-លក់ហាក់បានស្ងប់ស្ងាត់ ហើយបច្ចុប្បន្នកម្មវិធីនេះ នៅតែដំណើរការបានជាធម្មតានៅអាមេរិកដដែល៕ ដោយ៖ យឺន សីហា