មហាសេដ្ឋី​វ័យក្មេង​ចិន​និង​ជា​CEO“Game of Thrones”​ស្លាប់​ដោយសារ​​ការបំពុល

28-12-2020 1:27 pm 1434

​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​ក្រុង​សៀង​ហៃ​បានឲ្យដឹងថា មហាសេដ្ឋី​វ័យក្មេង​ជនជាតិ​ចិន​លោក​Lin Qi​អាយុ​៣៩​ឆ្នាំ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃបុណ្យ​ណូអែល គឺ​ដោយសារតែ​សារធាតុ​ពុល​។ លោក​Lin​គឺជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​ផលិត​ហ្គេម​ល្បីឈ្មោះ​Yoozoo ដែល​ត្រូវបាន​គេ​ស្គាល់​ថា​Game of Thrones: Winter Is Coming strategy game​។ ជនសង្ស័យ​ធំ​បំផុត​ក្នុងករណីនេះ​គឺ​មិត្ដ​រួម​ការងា​ររបស់លោក​Lin Qi​ផ្ទាល់​មានត្រកូល​Xu​។ កន្លងមក​មាន​ការសន្និដ្ឋាន​លោក​ត្រូវបាន​គេ​បំពុល​ដោយ​ដាក់​ថ្នាំ​នៅក្នុង​ទឹកតែ ប៉ុន្ដែ​ពុំទាន់​មាន​ការបញ្ជាក់​ច្បាស់លាស់​ឡើយ​។ ចំណែក​ការ​ឈានដល់​ការបំពុល​រូបលោ​កឲ្យស្លាប់ គឺ​ដោយសារ​តែមាន​ជម្លោះ​ការងារ ខណៈពេល​នេះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​។ 

​លោក​Lin​ត្រូវបាន​គេ​ជឿជាក់ថា​មាន​ទ្រព្យសម្បត្ដិ​ប្រមាណ​៦.៨​ពាន់​លាន​យ័ន ស្មើនឹង​ប្រមាណ​១.៣​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​បញ្ជី​ឈ្មោះ​អ្នក​មានទ្រព្យ​នៅ​ក្នុងប្រទេស​ចិន​Hurun​។ បុគ្គលិក​និង​អ្នក​គោរព​ស្រឡាញ់​លោក​Lin Qi បាននាំគ្នា​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ការិយាល័យ​ក្រុមហ៊ុន​Yoozoo​កាលពី​ថ្ងៃ​សុក្រ ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​របស់លោក​។ ក្រុមហ៊ុន​ក៏​បានចេញ​សេចក្ដីថ្លែងការណ៍​នៅលើ​បណ្ដាញ​សង្គម​Weibo​ផងដែរ ដោយ​និយាយថា “​លា​ហើយ​យុវវ័យ​ទាំងអស់គ្នា​។ យើង​នឹង​បន្ដស​មាណចិត្ដ​ល្អប្រសើរ ជឿជាក់​លើ​ភាពល្អ ហើយ​បន្ដ​ប្រយុទ្ធប្រឆាំង​នឹង​អ្វីដែល​អាក្រក់​ជាមួយគ្នា​។​” សេចក្ដីថ្លែងការណ៍​ដែល​បង្ហោះ​មាន​អ្នក​ចូល​បញ្ចេញមតិ​រហូតដល់​ជាង​២៩០​លាន​នាក់​នៅលើ​បណ្ដាញ​សង្គម​Weibo៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ជីវិតមហាសេដ្ឋីចិន

ព័ត៌មានផ្សេងទៀត