លោក​ត្រាំ​សម្រេច​ចុះហត្ថលេខា​លើ​កញ្ចប់​ជំនួយ​ជូន​ដល់​ពលរដ្ឋ​អាមេរិក​ហើយ​!

28-12-2020 10:08 am 769

​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃ​អាទិត្យ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០២០ បានសម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សេចក្ដីព្រាង​ស្តីពី​ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ក្នុងដំណាក់កាល​ការ​រាតត្បាត​វីរុស​កូវី​ដ​-១៩ និង​ការចំណាយ​កញ្ចប់​ថវិកា​ដល់​ពលរដ្ឋ​អាមេរិក​សម្រាប់​ការបិទ​ផ្នែក​ខ្លះៗ​នៃ​ប្រទេស​រួចហើយ បន្ទាប់ពី​រូបលោក​ត្រាំ​ធ្លាប់​បាន​បដិសេធ​កាលពីពេល​កន្លង​ទៅ​។ នេះ​បើ​ដកស្រង់​ការផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​CNA​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ថា ការសម្រេច​ចុះ​ហត្ថលេខា​របស់​លោក​ត្រាំ​លើ​កញ្ចប់​ជំនួយ​ប្រមាណ​៩០០​លាន​ដុល្លារ​អាមេរិក​នេះ បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាព​អត់​ការងារ​ធ្វើ​របស់​ប្រជាជន​អាមេរិក​រាប់លាន​នាក់ និង​បាន​ជួយ​បញ្ចៀស​អាមេរិក​ពី​ការបិទ​ផ្នែក​ខ្លះ​ឬ​សហព័ន្ធ​មួយចំនួន​ផង​ដែរ​។ ចំពោះ​មូលហេតុ​នៃ​ការប្ដូរ​ចិត្ត​យល់ព្រម​របស់លោក​ត្រាំ​លើ​ការសម្រេច​ចុះហត្ថលេខា​នេះ​ដែរ​គឺ​ពុំ​ទាន់​ត្រូវបាន​ដឹង​នៅឡើយ ខណៈ​មុននឹង​ឈាន​ដល់​ការចុះហត្ថលេខា​នេះ លោក​ត្រាំ​បាន​រង​នូវ​ការរិះគន់​និង​សម្ពាធ​យ៉ាងខ្លាំង​ពី​សមាជិក​សភា​ទាំង​ពីរ​។ 

​ការសម្រេច​ចុះហត្ថលេខា​លើ​កញ្ចប់​ជំនួយ​ដ៏​សំខាន់​ជូន​ដល់​ពលរដ្ឋ​អាមេរិក​នេះ​ទៀតសោត ក៏​ជា​ការសម្រេចចិត្ត​ចុងក្រោយ​របស់​លោក​ត្រាំ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​។ ជា​លើក​ចុងក្រោយ ដោយសារតែ​លោក​នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០២០ បន្ទាប់ពី​លោក​ត្រាំ​បាន​បរាជ័យ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លងទៅ​។​

​ដោយឡែក​ប្រសិនបើ​លោក​ត្រាំ​មិន​យល់ព្រម​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង​កញ្ចប់​ជំនួយ​នេះ​ទេ នោះ​ការបិទ​ផ្នែក​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក​នឹងត្រូវ​ចាប់ផ្ដើម​ឡើង​។ ប្រការ​នេះ​ក៏​នឹង​រុញច្រាន​ប្រជាជន​អាមេរិក​ប្រមាណ​១៤​លាន​នាក់​ដែល​បាត់បង់​ការងារ​ចន្លោះ​ពេល​វិបត្ដិកូ​វីដ​-១៩ លែង​ទទួលបាន​អត្ថប្រយោជន៍​ពី​កញ្ចប់​ជំនួយ​ដ៏​សំខាន់​។​

​ទន្ទឹម​នឹង​ការបដិសេធ​លើ​កញ្ចប់​ជំនួយ​ជូន​ដល់​ពលរដ្ឋ​អាមេរិក​របស់​លោក​ត្រាំ​នេះដែរ បើ​តាម​លោកចូ បាយ​ដិន បេក្ខជន​ឈ្នះឆ្នោត​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី​ក៏​បាន​និយាយ​ដែរ​ថា អាមេរិក​នឹងរង​ផលវិបាក​យ៉ាង​ខ្លាំង ប្រសិន​បើ​លោក​ត្រាំ​នៅតែ​បន្ត​ពន្យារពេល​ការចុះហត្ថលេខា​លើ​សេចក្ដីព្រាង​ក្នុង​ការបញ្ចេញ​កញ្ចប់​ជំនួយ​នេះ​។​

​សូមជម្រាបថា ក្រៅពី​ការបដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ជំនួយ​វីរុស​កូវី​ដ​-១៩ លោក​ត្រាំ​ក៏​បាន​ប្រើ​សិទ្ធិ​វេតូ​លើ​កញ្ចប់​ថវិកា​ការពារ​ជាតិ​ចំនួន​៧៤០​ពាន់​លាន​ដុល្លារ ដែល​សភា​បាន​អនុម័ត ហើយ​ផ្ញើ​មក​ឲ្យ​លោក​ចុះហត្ថលេខា​ផ្តល់​សុពលភាព នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២០​។ ការបដិសេធ​នេះ ដោយសារតែ​លោក​មិន​ពេញចិត្ត​នឹង​ការការពារ​ទំនួល​ខុស​ត្រូវ​សម្រាប់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​មិន​ជាប់ទាក់ទង​នឹង​សន្តិសុខ​ជាតិ និង​មិន​ចង់​ប្តូរ​ឈ្មោះ​មូលដ្ឋាន​យោធា​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត