ក្រោយរកឃើញនូវវីរុសកូរ៉ូណាឬកូវីដ-១៩ប្រភេទថ្មីនៅក្នុងចក្រភពអង់គ្លេស ការប្រកាសអាសន្នក៏បានធ្វើឡើងនៅក្នុងបណ្ដាប្រទេសមួយចំនួន។ មេរោគថ្មីនេះបានលេចរូបរាងនៅប្រទេសអង់គ្លេសកាលពីចុងខែវិច្ឆិកា តែបើនិយាយពីការតាមដានដោយប្រើភស្ដុតាងហ្សែនបង្ហាញថា ការផ្លាសប្ដូរដំបូងបំផុតបានកើតឡើងតាំងពីខែកញ្ញាមកម្ល៉េះ។ នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារសុខភាពសាធារណៈរដ្ឋាភិបាលអង់គ្លេស ប៉ុន្ដែការផ្លាស់ប្ដូរគឺក្នុងកម្រិតទាបបំផុតរហូតដល់ពាក់កណ្ដាលខែវិច្ឆិកា។ អ្នកជំនាញនៅពុំទាន់ទទួលបានព័ត៌មានច្រើនពីការផ្លាស់ប្ដូរថ្មីនៃវីរុសកូរ៉ូណាដែលគេស្គាល់ថាមានសែស្រឡាយB.1.1.7នេះទេ។ យ៉ាងណាមិញភាពតានតឹងបានផ្ទុះឡើងគួរឲ្យកត់សម្គាល់ ព្រោះវាមានអត្រាកើនឡើងនៅផ្នែកខ្លះក្នុងប្រទេសអង់គ្លេស ហើយចំនួនតំបន់និងករណីដែលបានរាយការណ៍ពីការឆ្លងក៏កំពុងកើនឡើងដែរ។
អ្វីទៅជាការវិវឌ្ឍថ្មីនៃសែស្រឡាយកូរ៉ូណាថ្មីនេះ?
ជាដំបូងសូមចាប់អារម្មណ៍ពីការវិវឌ្ឍនៃមេរោគកូរ៉ូណាបំបែកខ្លួនថ្មីនេះ។ មេរោគថ្មីមានច្រើនខុសពីធម្មតានៃការផ្លាស់ប្ដូរហ្សែន នេះបើតាមការបញ្ជាក់ពីសមាគមស្រាវជ្រាវរបស់អង់គ្លេសCOG-UK។ ការវិភាគរបស់សមាគមបង្ហាញពីការផ្លាស់ប្ដូរបីគួរឲ្យកត់សម្គាល់ គឺវាអាចជំនួសវីរុសជំនាន់មុនបានយ៉ាងឆាប់រហ័ស វាមានការផ្លាស់ប្ដូរដែលជះឥទ្ធិពលដល់ផ្នែកខ្លះនៃវីរុស គឺធ្វើឲ្យវីរុសកាន់តែមានឥទ្ធិពលជាងមុន ហើយចុងក្រោយគឺការផ្លាស់ប្ដូរមួយចំនួនត្រូវបានបង្ហាញរួចហើយនៅក្នុងមន្ទីរពិសោធន៍ ដែលវាបានបង្កើនសមត្ថភាពចូលទៅក្នុងកោសិកាមនុស្ស។
អ្នកវិទ្យាសាស្ដ្រនៅសមាគមស្រាវជ្រាវអង់គ្លេស(COG-UK)បានសន្មត់ថា ការបំប្លែងទៅជាវីរុសថ្មីមួយទៀតនេះ អាចមកពីការឆ្លងវីរុសដោយមនុស្សដែលមានរោគរ៉ាំរ៉ៃ។ វាគឺផ្អែកលើការសង្កេតដែលបង្ហាញថា មានអត្រាខ្ពស់នៃការផ្លាស់ប្ដូររហូតដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចទប់ទល់បានជាមួយនឹងការឆ្លងបាន។
តើមេរោគកូរ៉ូណាថ្មីនេះអាចជាការព្រួយបារម្ភទេ?
ដ្បិតថាវាងាយឆ្លងជាងវីរុសផ្សេងទៀតប្រមាណ៧០ភាគរយ អត្រាឆ្លងកំពុងកើនឡើងក្នុងភូមិសាស្ដ្រមួយចំនួនរបស់អង់គ្លេស ប៉ុន្ដែបើតាមទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស(PHE) គិតត្រឹមថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២០ ពុំទាន់មានភស្ដុតាងបង្ហាញថាវីរុសថ្មីទំនងនឹងបង្កជាជំងឺធ្ងន់ធ្ងរឬក៏ប្រឈមការស្លាប់ខ្ពស់នោះទេ។ យ៉ាងណាក៏ដោយគ្រប់យ៉ាងគឺស្ថិតក្នុងការតាមដានបន្ដ ហើយក៏មិនអាចធ្វេសប្រហែសបានដែរ។ ជាឧទាហរណ៍ស្រាប់គឺវីរុសកូវីដ-១៩មានប្រភពចេញពីក្រុងវូហានប្រទេសចិនក្នុងចុងឆ្នាំ២០១៩ ដែលកំពុងរាតត្បាតក្នុងពិភពលោក មានអត្រាស្លាប់តិចតួចណាស់ ហើយប្រឈមខ្ពស់តែអ្នកមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ឬមនុស្សវ័យចំណាស់ ប៉ុន្ដែវានៅតែអាចសម្លាប់មនុស្សបាន។ គិតត្រឹមថ្ងៃទី២២ធ្នូកូវីដ-១៩បានសម្លាប់មនុស្សជាង១លាន៧សែននាក់ហើយទូទាំងពិភពលោក។ ចំណែកករណីឆ្លងមានជាង៧៧លាននាក់ ជាសះស្បើយជាង៥៤លាននាក់។
វីរុសដែលបានរកឃើញដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន មិនដូចគ្នាទាំងអស់នឹងវីរុសដែលបានរកឃើញនៅទូទាំងពិភពលោកទេ។ នេះហើយដែលសបញ្ជាក់កាន់តែច្បាស់ថា វីរុសកូរ៉ូណាបានបំបែកខ្លួនចេញពីប្រភពដើមម្ដងបន្ដិចៗ និងអាចកើតឡើងតាមរយៈការចម្លងពីមនុស្សដែលមានរោគប្រចាំកាយរ៉ាំរ៉ៃ មានប្រព័ន្ធភាពស៊ាំចុះខ្សោយមិនអាចយកឈ្នះវីរុសបានដូចអ្នកជំនាញនិយាយ។ ភាពខុសគ្នាពីធាតុដើមនៃវីរុសកូរ៉ូណានៅវូហាន ដែលការបំប្លែងខ្លួនថ្មីគេហៅថាD614G ត្រូវបានរកឃើញនៅអឺរ៉ុបក្នុងខែមករា ហើយបានក្លាយជាទម្រង់លេចធ្លោទូទាំងពិភពលោក។ ការបំបែកខ្លួនមួយទៀតគេហៅថាA222Vបានរាលដាលទូទាំងអឺរ៉ុប និងមានទំនាក់ទំនងជាមួយមនុស្សដែលឆ្លងក្នុងថ្ងៃសម្រាករដូវក្ដៅក្នុងប្រទេសអេស្ប៉ាញ។
សរុបមក ចំពោះរូបរាងថ្មីនៃវីរុសកូរ៉ូណាតែកាលណាវាឆ្លងលឿនជាងមុន នោះនឹងមានមនុស្សសម្រាកនៅមន្ទីរពេទ្យកាន់តែច្រើន ហានិភ័យក៏អាចមានកាន់តែច្រើនដែរ។
តើវ៉ាក់សាំងអាចនឹងមានប្រសិទ្ធភាពប្រឆាំងកូរ៉ូណាថ្មីបានឬទេ?
បច្ចុប្បន្នមានវ៉ាក់សាំងប៉ុន្មានប្រភេទហើយដែលប្រកាសពីប្រសិទ្ធភាព ក្នុងនោះដូចជាវ៉ាក់សាំងក្រុមហ៊ុនPfizer-BioNTech របស់ក្រុមហ៊ុនModerna និងAstraZenecaជាដើម។ បណ្ដាប្រទេសមួយចំនួនក៏អនុញ្ញាតឲ្យចាក់ខ្លះហើយដែរ និងមានការបញ្ជាទិញរាប់លានដូសទៀត។ បើសិនជាអាចទទួលជោគជ័យលើវីរុសដើមកូរ៉ូណា នោះវ៉ាក់សាំងក៏អាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីដែរទោះបីពុំទាន់មានភស្ដុតាងអះអាងច្បាស់លាស់ក៏ដោយ។ ប៉ុន្ដែទន្ទឹមគ្នាក៏ត្រូវពន្លឿនការស្រាវជ្រាវបន្ថែមដើម្បីចាត់វិធានការឲ្យទាន់ពេលវេលា។ បើទុកឲ្យវាបំប្លែងខ្លួនកាន់តែខ្លាំងនោះការព្រួយបារម្ភនឹងកើតមានកាន់តែខ្លាំងដែរ។
គួរជម្រាបជូនផងដែរថា ដោយសារតែការវិវឌ្ឍខ្លួនថ្មីនៃវីរុសកូរ៉ូណា មានបណ្ដាប្រទេសជាច្រើនដាក់ការហាមឃាត់លើអ្នកដំណើរមកពីក្រៅ។ ជាក់ស្ដែងមានជាង៤០ប្រទេសបានហាមឃាត់អ្នកដំណើរទៅពីអង់គ្លេស ខណៈសហភាពអឺរ៉ុបកំពុងជជែកពីការបង្កើតគោលនយោបាយសមស្របចាត់វិធានការការពារវីរុសកូរ៉ូណាថ្មី។ ស៊ុយអែតបានហាមឃាត់អ្នកដំណើរមកពីប្រទេសដាណឺម៉ាក បន្ទាប់ពីរកឃើញករណីវីរុសកូរ៉ូណាថ្មីនៅទីនោះ។ អង់គ្លេសមានប្រជាជនប្រមាណជាង១៦លាននាក់ស្មើនឹងប្រមាណ៣១ភាគរយនៃប្រជាជនសរុប ត្រូវស្ថិតក្រោមវិធានការរឹតបន្ដឹងក្នុងនោះមានការណែនាំឲ្យស្នាក់នៅក្នុងផ្ទះ និងការបញ្ជាឲ្យបិទហាងលក់ទំនិញដែលមិនចាំបាច់ ហើយផ្នែកមួយចំនួននៅចក្រភពអង់គ្លេសក៏ស្ថិតក្រោមការរឹតបន្ដឹងផងដែរ។
មកទាល់ពេលនេះមិនទាន់មានការបកស្រាយច្បាស់លាសពីវីរុសកូរ៉ូណាថ្មីនៅឡើយទេ ដោយកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម។ ប៉ុន្ដែអ្នកជំនាញប្រាប់ព័ត៌មានបឋមថា វាអាចឆ្លងខ្លាំងជាងវីរុសកូរ៉ូណាដើមដល់ទៅ៧០ភាគរយ ហើយក្មេងៗគឺប្រឈមការឆ្លងខ្ពស់ ដែលទាំងនេះគឺជាក្ដីបារម្ភថ្មីមួយទៀត៕
ដោយ៖ពេញ ផេង