លោកស្រី​ស៊ូ​លី សា​រ៉ូ ស្ដ្រីខ្មែរ​-​អាមេរិកកាំង​ដំបូង​គេ​ជាប់​ជា​ចៅសង្កាត់​ក្នុង​ក្រុង​ឡុង​ប៊ិច​

20-12-2020 8:53 pm 388

​លោកស្រី​បណ្ឌិត​ស៊ូ​លី សា​រ៉ូ​(Suely Saro) គឺជា​ស្ដ្រី​ជនជាតិខ្មែរ​-​អាមេរិកកាំង​ដំបូង​គេ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​នៅ​ទីក្រុង​ឡុង​ប៊ិច​រដ្ឋ​កាលីហ្វ​ញ៉ាសហ​រដ្ឋ​អាមេរិក កាន់តំណែង​ជា​ចៅសង្កាត់​លេខ​៦​នៅ​ទីនោះ​។ មាន​ប្រភព​ចេញពី​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ ប៉ុន្ដែ​លោកស្រី​បានប្រែក្លាយ​ជីវិត​ថ្មី ដែល​អាច​និយាយបានថា​ជា​ជីវិត​ជោគជ័យ​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។ 

​លោកស្រី​បណ្ឌិត​ស៊ូ​លី សារ៉ូ​បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ ធ្លាប់ជា​គ្រូបង្រៀន ជា​អ្នកដឹកនាំ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល  ជា​អ្នករៀបចំ​ការងារ​នានា និង​ធ្លាប់បាន​បម្រើ​ការងារ​ផ្សេងៗ​ទៀត​ជាច្រើន​ផង​នោះ បាន​ស្បថ​ចូល​កាន់តំណែង​ចៅសង្កាត់​លេខ​៦​ក្នុង​ទីក្រុង​ឡុង​ប៊ិច​រដ្ឋ​កាលីហ្វ​ញ៉ាសហ​រដ្ឋ​អាមេរិកជា​ផ្លូវការ កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លោកស្រី​បាន​យកឈ្នះ​ចៅសង្កាត់​ក្នុង​តំណែង​លោក​Dee Andrews ដែល​កាន់តំណែង​ជាង​១២​ឆ្នាំ​មកហើយ​នោះ ក្នុង​សំឡេង​៧,៧៩៩​សំឡេង​ស្មើនឹង​ជាង​៥៩​ភាគរយ ទល់នឹង​៥,២៤៦​សំឡេង​ស្មើនឹង​ជាង​៤០​ភាគរយ​។​

​លោកស្រី​ក៏​ទទួលបាន​ការគាំទ្រ​និង​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​អ្នកនយោបាយ​សហរដ្ឋអាមេរិក ដូចជា​សមាជិក​រដ្ឋសភា​អាមេរិក​លោកស្រី​Jayapal សមាជិក​រដ្ឋសភា​លោក​Alan Lowenthal និង​សមាជិក​ព្រឹទ្ធសភា​លោក​Bernie Sanders​ជាដើម​។ អ្នកនយោបាយ​ទាំងអស់នេះ​សុទ្ធតែ​កោតសរសើរ​ពី​សមត្ថភាព កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​លោកស្រី​សារ៉ូ និង​ចាត់ទុកជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ក្នុងការ​ជ្រើស​យក​លោកស្រី​ឲ្យធ្វើជា​ចៅសង្កាត់​លេខ​៦​នៅ​ឡុង​ប៊ិច​។ លោកស្រី​ជា​មនុស្ស​ដែល​តស៊ូ​ព្យាយាម​ខ្លាំង ពោរពេញ​ដោយ​ថាមពល​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម មិនថាតែ​បញ្ហា​ខ្លួនឯង​ប៉ុន្ដែ​សម្រាប់​អ្នកជិតខាង​ផងដែរ​។ ម្យ៉ាងវិញទៀត​លោកស្រី​ក៏​ទទួលបាន​ការកោតសរសើ​រ ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ថែទាំ​សុខភាព ការបង្កើត​ឱកាស​ផ្នែក​សេដ្ឋកិច្ច កាត់បន្ថយ​វិសមភាព​ប្រាក់ចំណូល និង​ការលើកកម្ពស់​ការអប់រំ​សម្រាប់​សិស្ស​និស្សិត​។ ដូច្នេះ​អ្នកគាំទ្រ​លោកស្រី​ជឿជាក់ថា លោកស្រី​នឹង​អាច​បំពេញការងារ​ប្រកបដោយ​ជោគជ័យ​។​

​មាន​ដើមកំណើត​ជា​ខ្មែរ​កើត​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ​មុន​ចាកចេញ​ទៅដល់​ទឹកដី​អាមេរិក លោកស្រី​បណ្ឌិត​ស៊ូ​លី សារ៉ូ​ជា​មនុស្ស​ចូលចិត្ដ​ការ​និយាយតាំ​ង​ពី​វ័យក្មេង​។ ដំបូង​ឡើយ​គឺ​ផ្ដើមចេញពី​លិខិត​មួយច្បាប់​ដែល​លោកស្រី​បានដាក់​ស្នើសុំ​អាហារ​ពេល​ថ្ងៃ​កាល​រៀន​នៅ​មត្ដេយ្យ​សិក្សា ដោយ​ស្នើសុំ​សម្រាប់​ខ្លួនឯង​ផង​និង​បងប្រុស​ផង​។ នៅ​អនុវិទ្យាល័យ​លោកស្រី​ត្រូវបាន​បញ្ជូន​ទៅក្នុង​ថ្នាក់រៀន​ភាសា​អង់គ្លេស​។ ក្រោយមក​លោកស្រី​បាន​ព្យាយាម​ជា​បន្ដបន្ទាប់​សម្រាប់​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដែល​លោកស្រី​គិតថា​ជា​រឿង​ចាំបាច់​។ លោកស្រី​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅក្នុង​គ្រួសារ​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​អប់រំ​ពី​សាកលវិទ្យា​ល័យ​La Verne​ក្នុង​រដ្ឋការ​លី​ហ្វ​ញ៉ា​។ 

​លោកស្រី​ធ្លាប់​បានរៀបចំ​ពាក្យស្នើសុំ​ជំនួយ​បន្ថែម​លើ​ប្រាក់ចំណូល និង​រៀបចំ​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ​សម្រាប់​ឪពុកម្ដាយ សមាជិកគ្រួសារ និង​សូម្បីតែ​មិត្ដភក្ដិ​នៃ​សមាជិក​គ្រួសាររប​ស់​លោកស្រី​។ លោកស្រី​បាន​ស្វែងយល់ថា មាន​មនុស្ស​ដែល​រដ្ឋាភិបាល​បាន​គិតគូរ​ដល់ ហើយក៏​មាន​មនុស្ស​ដែល​រដ្ឋាភិបាល​មិនបាន​គិតគូ​រដែរ​។​

​តាមរយៈ​ការចុះផ្សាយ​ដោយ​គេហទំព័រ​Los Angeles Times លោកស្រី​សារ៉ូ​បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ទទួលខុសត្រូវ​ក្នុងការ​ធានាថា​មិន​ត្រឹមតែ​ឪពុកម្ដាយ​របស់ខ្ញុំ​ទេ ប៉ុន្ដែ​គឺ​នៅក្នុង​សហគមន៍​ទាំងមូល​តែម្ដង​ត្រូវតែមាន​ការការពារ​និង​ការតស៊ូ​មតិ ហើយ​ទីបំផុត​វា​ត្រូវបាន​ពង្រីក​ទៅដល់​មនុស្ស​គ្រប់រូប ដែល​ត្រូវបាន​គេ​មើលរំលង​ឬ​ត្រូវគេ​ដកហូត​សិទ្ធិ​ជា​ពលរដ្ឋ​។​”

​ការព្រួយបារម្ភ​ពី​បញ្ហានយោបាយ បានធ្វើឲ្យ​លោកស្រី​ត្រូវ​ពិចារណា​ប្រកបដោយ​ហេតុ​ផល​។ លោកស្រី​ចង់​បង្កើន​អត្រា​ឆ្លើយតប​ទៅនឹង​បញ្ហា​គុណភាព​ជីវិត និង​ការកាត់បន្ថយ​ភាព​តែលតោល​គ្មាន​ផ្ទះសម្បែង​។ ឆាកជីវិត​កម្សត់​ដែលជា​និមិត្ដរូបដ៏​មានសារៈ​សំខាន់​របស់​លោកស្រី មិនបាន​បាត់បង់​ពី​លោកស្រី​ឡើយ ហើយ​លោកស្រី​ក៏​យល់ច្បាស់​ពី​ជីវិត​ជា​ជនអន្ដោប្រវេសន៍​។ ដូចជា​ពលរដ្ឋ​ខ្មែរ​-​អាមេរិកកាំង​ផ្សេងទៀត​នៅក្នុង​ក្រុង​ឡុង​ប៊ិច​ដែរ លោកស្រី​សារ៉ូ​កើត​នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ ហើយ​ឪពុកម្ដាយ​ជា​អ្នក​រួច​ជីវិត​ពី​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បានធ្វើការ​នៅក្នុង​រោងចក្រ​បន្ទាប់ពី​មកដល់​ទឹកដី​អាមេរិក​។ 

​ការតស៊ូ​ព្យាយាម​របស់​លោកស្រី​ទីបំផុត​ក៏​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ដ ដែល​បេក្ខភាព​របស់​លោកស្រី​ត្រូវបាន​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញសារព័ត៌មាន​មិន​ថា​ទូរទស្សន៍ កាសែត ព្រមទាំង​មាន​ក្នុង​បណ្ដាញសារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ទាំងនេះ​ជា​សញ្ញា​បង្ហាញឲ្យឃើញពី​មោទនភាព ពី​មនុស្ស​ចាប់កំណើត​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្លាយជា​មនុស្ស​ជោគជ័យ​មួយរូប​។ លោកស្រី​ចង់ឲ្យ​រឿងរ៉ាវ​របស់លោក​ស្រីមិន​ត្រឹមតែ​ជា​មេរៀន​ក្រោកឈរ​សម្រាប់​ជនភៀសខ្លួន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សម្រាប់​កូនប្រុស ស្រី ជំនាន់​ក្រោយៗ ឲ្យ​ចេះ​ពង្រឹង​ខ្លួនឯង​តាមរយៈ​បទពិសោធន៍​ជាក់ស្ដែង​។ 

“​ប្រជាជន​ជាធម្មតា​ត្រូវបាន​គេ​គិតថា ជា​មនុស្ស​ដែលមាន​តម្រូវការ​និង​ជា​ជន​ដែល​រងគ្រោះ ប៉ុន្ដែ​យើង​មិន​ដូចជា​សហគមន៍​ណាមួយ​នោះទេ​។ យើង​អាច​ត្រូវបាន​គេ​ជ្រើសរើស​ជា​មន្ដ្រី ជា​សិល្បករ​។​” នេះ​ជា​ការលើកឡើង​របស់លោក​ស្រី​សារ៉ូ​។ លោកស្រី​បន្ថែមថា “​ខ្ញុំ​គិតថា​មាន​ទស្សនៈ​ដែលថា​យើង​ខ្លាច​រដ្ឋាភិបាល តែ​ខ្ញុំ​អាច​ធ្វើជា​សាក្សី​បញ្ជាក់បាន​ថា​នោះ​គឺ​មិន​ពិត​ទេ​។​” 

​គួរ​ជម្រាបជូន​ថា លោកស្រី​បណ្ឌិត​ស៊ូ​លី សារ៉ូ​ត្រូវបាន​គេ​ចាត់ទុកជា​អ្នកដឹកនាំ​កិច្ចសហការ​ប្រមូលផ្ដុំ​មនុស្ស​ឲ្យ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​សហគមន៍​ដែល​លោកស្រី​រស់នៅ​។ មាន​ក្ដី​រំពឹងថា​លោកស្រី​នឹង​ក្លាយជា​អ្នកតស៊ូ​មតិ​ដ៏​រឹងមាំ​ម្នាក់​។ លោកស្រី​យល់​ពី​សារៈសំខាន់​នៃ​ការ​ស្ដាប់ កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ និង​បង្កើត​ការ​មូលមតិ​គ្នា​ដើម្បី​ធានាបាន​ថា សំឡេង​ទាំងអស់​នៅក្នុង​សហគមន៍​ត្រូវតែ​ជា​តំណាង​ក្នុង​ការសម្រេចចិត្ដ​។

តាមរយៈ​ការ​បំពេញការងារ​ជាច្រើន​កន្លងមក លោកស្រី​សារ៉ូ​បាន​ផ្ដោត​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឡុង​ប៊ិច និង​ព្យាយាម​លើកកម្ពស់​ជំនាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​បុរស ស្ដ្រី​គ្រប់គ្នា​។ ទាក់ទង​នឹង​ជីវិត​គ្រួសារ​លោកស្រី​និង​ស្វាមី​មានកូន​ចំនួន​ពីរ​នាក់​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត