បក្សមូលដ្ឋានទទូចដល់តួអង្គនយោបាយធំៗឈប់តាំងខ្លួនជាតួឯកនយោបាយ

18-12-2020 2:14 pm 354

បញ្ហាប្រទាំងប្រទើស ការប្រកួតប្រជែងចង់ចាញ់ចង់ឈ្នះលើបញ្ហានយោបាយ វាមិនមែនជារឿងចម្លែកទេសម្រាប់គណបក្សនយោបាយនីមួយៗ។ បញ្ហាទាំងនេះតែងតែកើតមានស្ទើរគ្រប់បណ្ដារប្រទេសនៅលើពិភពលោកបូករួមទាំងកម្ពុជាផងដែរ។ ក្នុងនោះប្រធានបក្សម្នាក់ៗតែងមានគោលនយោបាយរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យបក្សខ្លួនទទួលបានលទ្ធផលល្អ និងក្លាយជាគណបក្សដឹកនាំប្រទេស។ 

និយាយក្នុងប្រទេសកម្ពុជាក៏មិនខុសពីបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដែរ នៅតែមានការប្រឆាំងរិះគន់ទៅវិញទៅមករវាងអ្នកនយោបាយ ឬរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ដោយទាញយកហេតុផលត្រឹមត្រូវរៀងៗខ្លួន រហូតដល់ពេលខ្លះ បានប្រើពាក្យសម្ដីមិនសមរម្យវាយប្រហារគ្នាក៏មាន។

ជុំវិញការចង់ឈ្នះចង់ចាញ់រវាងអ្នកនយោបាយនៅកម្ពុជា ជាសហស្ថាបនិកនិងជាមន្ដ្រីជាន់ខ្ពស់មួយរូបផងក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកយ៉ង សាំងកុមារ ដែលគេរំពឹងនឹងអាចបង្កើតចរន្តនយោបាយថ្មីសម្រាប់កម្ពុជា បង្ហាញការយល់ឃើញថា កម្ពុជាមានអ្នកដឹកនាំនយោបាយធំៗ៤រូប។ នោះគឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា ដែលធ្លាប់មានឥទ្ធិពលតាំងពីឆ្នាំ១៩៩៣។ 

កត្ដានេះជំរុញឲ្យលោកយ៉ង សាំងកុមារយល់ឃើញទៀតថា អ្នកនយោបាយចាស់វស្សាទាំង៤រូប គួររួមគ្នាកសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្តជាតិ ជាអ្នករៀបចំថ្នាលបណ្តុះប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយ។ បើសិនចង់ឈ្នះចាញ់គ្នាលើសង្វៀននយោបាយទៀត ក៏គួរបន្តប្រកួតប្រជែងតាមវប្បធម៌នយោបាយថ្មី នោះក៏ជាគំរូមួយល្អប្រសើដែរ។ ក្នុងនាមតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកយ៉ង សាំងកុមារបានទទូចដល់រៀមច្បងនយោបាយទាំងនេះ ឈប់តាំងខ្លួនជាតួឯកនយោបាយ ឈប់បង្កើតគំនុំផ្ទាល់ខ្លួនវាយបំបាក់គ្នា ហើយបែរមកតតាំងជាគោលនយោបាយក្នុងការដោះស្រាយបញ្ហាជាតិទើបជាការប្រសើរ។

មន្ដ្រីជាន់ខ្ពស់ដដែលបន្ថែមទៀតថា លោកនិងគណបក្សរបស់លោកត្រៀមខ្លួនជានិច្ចក្នុងការប្រកួតនិងសហការតាមវប្បធម៌នយោបាយថ្មី ជាពិសេសផ្តោតលើការប្រកួតប្រជែងគោលនយោបាយល្អៗ ដោះស្រាយបញ្ហាសង្គមជាតិ។ ជាមួយគ្នានេះ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ បានប៉ាន់ប្រមាណពីគោលនយោបាយថ្មីនៅឆ្នាំ២០២៣ឬក្រោយឆ្នាំ២០២៣ ដោយមើលឃើញថាបច្ចុប្បន្នអ្នកដឹកនាំនយោបាយខ្មែរទាំង៤រូប គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា នឹងបន្តមានឥទ្ធិពលទៀតនៅឆ្នាំ២០២៣។ ប៉ុន្តែអ្វីដែលសំខាន់ថាតើគាត់ទាំង៤សម្រេចចិត្តបន្តប្រកួតផ្ទាល់ខ្លួន ឬសហការគ្នាផ្តល់ឱកាសឲ្យអ្នកជំនាន់ក្រោយប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។

ជាការកត់សម្គាល់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន លោកសម រង្ស៊ី និងលោកកឹម សុខា តិចក្តីច្រើនក្តីសុទ្ធតែធ្លាប់ប្រើប្រាស់សារនយោបាយអុចអាលញុះញង់ ដែលអាចនឹងបង្កើតអរិភាពដល់អ្នកគាំទ្ររៀងៗខ្លួនកន្លងមក។ ការណ៍នេះហើយទើបលោកយ៉ង សាំងកុមារទូចឲ្យមានការពិចារណាឡើងវិញ លើការចង់ប្រជែងយកឈ្នះចាញ់ក្នុងរឿងនយោបាយនៅពេលបន្ដបន្ទាប់ទៀត៕

ព័ត៌មានផ្សេងទៀត