គិតត្រឹមថ្ងៃទី១៥ធ្នូនេះ មនុស្សឆ្លងកូវីដ-១៩សរុបទូទាំងពិភពលោកកើនដល់ជាង៧៣លាននាក់ និងស្លាប់ជាង១លាន៦សែននាក់។ សហរដ្ឋអាមេរិកជាប្រទេសមានមនុស្សឆ្លងនិងស្លាប់ច្រើនជាងគេ គឺគិតក្នុងថ្ងៃដដែលឆ្លងជិត១៧លាននាក់ ស្លាប់ជាង៣០ម៉ឺននាក់។ នេះបើតាមតួលេខចុះផ្សាយដោយគេហទំព័រworldometers។ ចំនួនឆ្លងនិងស្លាប់កើនឡើងជាបន្ដបន្ទាប់ ជាកត្ដាជំរុញឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមល្បឿនកាន់តែខ្លាំង។ ទីបំផុតវ៉ាក់សាំងការពារកូវីដ-១៩ក៏លេចរូបរាង និងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ពីរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិក(FDA)។ ក្នុងចំណោមបេក្ខភាពវ៉ាក់សាំងជាច្រើនដែលកំពុងធ្វើតេស្ដសាកល្បងលើកចុងក្រោយ មានតែវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTechមួយប៉ុណ្ណោះ ទទួលបានការអនុញ្ញាតផ្លូវការពីFDA ហើយអាមេរិកក៏ចាប់ផ្ដើមចាក់ទៅលើបុគ្គលអាទិភាពមុនគេបង្អស់។
សហរដ្ឋអាមេរិកបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយ បន្ទាប់ពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថPfizerរបស់អាមេរិក សហការជាមួយក្រុមហ៊ុនឱសថBioNTechរបស់អាល្លឺម៉ង់ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការពីរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិក(FDA)កាលពីថ្ងៃទី១២ធ្នូ។ នៅថ្ងៃទី១៤ធ្នូវ៉ាក់សាំងត្រូវចាប់ផ្ដើមចាក់ទៅឲ្យអ្នកមានអាទិភាព គឺទៅលើបុគ្គលិកសុខាភិបាល និងមនុស្សវ័យចំណាស់ស្ថិតនៅក្នុងមណ្ឌលថែទាំមនុស្សចាស់មុនគេ។
តាមអ្នកគ្រប់គ្រងការចែកចាយវ៉ាក់សាំងលោកGustave Pernaបានថ្លែងថា វ៉ាក់សាំងប្រមាណ២លាន៩សែនដូសដំបូង ត្រូវចែករំលែកនិងដឹកជញ្ជូនទៅដល់រដ្ឋនានាក្នុងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៤ធ្នូ។ លោកGustave Pernaបង្ហាញថាទីតាំងចំនួន១៤៥ត្រូវទទួលបានវ៉ាក់សាំងនៅថ្ងៃទី១៤ធ្នូ ទីតាំង៤២៥ផ្សេងទៀតនឹងទទួលបានវ៉ាក់សាំងនៅថ្ងៃទី១៥ធ្នូ ខណៈ៦៦ទីតាំងនឹងទទួលបានវ៉ាក់សាំងនៅថ្ងៃទី១៦ធ្នូ។
រីឯលោកStephen Hahnប្រធានរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍CNNថាវ៉ាក់សាំងចំនួន១៨៤,០០០ដប ត្រូវបានដឹកចេញតាមក្បួនរថយន្តទីមួយពីទីតាំងផលិតឱសថរបស់ក្រុមហ៊ុន Pfizer។ លោកHahnគូសបញ្ជាក់ថា ពលរដ្ឋអាមេរិកប្រមាណ២០លាននាក់ អាចទទួលបានវាក់សាំងការពារជំងឺកូវីដ-១៩ក្នុងដូសទី១ នៅត្រឹមដំណាច់ខែធ្នូឆ្នាំ២០២០នេះ។ ដោយឡែកលោកMoncef Slaoui ប្រធានទីប្រឹក្សាអភិវឌ្ឍន៍វ៉ាក់សាំងរបស់រដ្ឋាភិបាលសហព័ន្ធ បានប្រាប់កម្មវិធីទូរទស្សន៍Fox Newsកាលពីថ្ងៃទី១៣ធ្នូថា ពលរដ្ឋអាមេរិកាំងប្រមាណ១០០លាននាក់ អាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅដំណាច់ខែមីនាឆ្នាំ២០២១ខាងមុខនេះ។
លោកStephen Hahnប្រធានទីភ្នាក់ងាររដ្ឋបាលស្បៀងអាហារនិងឱសថអាមេរិក បានពណ៌នាពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩លើកដំបូងនេះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវ ដែលបានជះឥទ្ធិពលដល់គ្រួសារជាច្រើននៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។ លោកនិយាយថា ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីដំណើរការពិនិត្យឡើងវិញដោយបើកចំហនិងប្រកបដោយតម្លាភាព ដែលធានាថាវ៉ាក់សាំងបានបំពេញតាមស្តង់ដាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់របស់FDA សម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ(Donald Trump) បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់លោកថា៖ «ការចាក់វ៉ាក់សាំងជាលើកដំបូងត្រូវបានធ្វើឡើង។ ចូលរួមអបអរសាទរសហរដ្ឋអាមេរិក! ចូលរួមអបអរសាទរពិភពលោកទាំងមូល!» នៅក្នុងសារបង្ហោះតាមប្រព័ន្ធ Twitter នៅយប់ថ្ងៃទី១៣ធ្នូ លោកត្រាំបន្ថែមថាបុគ្គលិករបស់សេតវិមាននឹងត្រូវចាក់វ៉ាក់សាំងការពារនៅក្នុងកម្មវិធីបន្ទាប់ លើកលែងតែអ្នកដែលចាំបាច់ពិសេសដែលអាចត្រូវទទួលបានភ្លាមៗ។ លោកក៏បានបញ្ជាក់ផងដែរថា រូបលោកផ្ទាល់នឹងមិនមានគម្រោងទទួលចាក់វាក់សាំងភ្លាមៗនៅពេលនេះទេ តែលោកទន្ទឹងរង់ចាំចាក់វ៉ាក់សាំងនេះនៅពេលសមស្របណាមួយ។
ការផលិតបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុនPfizerចាប់ដៃជាមួយក្រុមហ៊ុនBioNTech ដោយប្រើពេលជិតមួយឆ្នាំគិតតាំងពីចាប់ផ្ដើមដំណើរការ អាចនិយាយបានថាជារឿងដ៏អស្ចារ្យបំផុត។ នាយកប្រតិបត្ដិក្រុមហ៊ុនPfizerលោកAlbert Bourlaបាននិយាយថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងផលិតវ៉ាក់សាំងឲ្យបាន១.៣ពាន់លានដូសនៅចុងឆ្នាំ២០២១។ ក្រុមហ៊ុនក៏បាននិងកំពុងបង្កើនការផលិតឲ្យបានច្រើនដើម្បីបំពេញតម្រូវការខ្ពស់បំផុត តបតាមសំណើពីរដ្ឋាភិបាលអាមេរិកសុំផលិតឲ្យបាន១០០លានដូសនៅត្រីមាសទី២ឆ្នាំ២០២១ បន្ថែមលើចំនួន១០០លានដូសរំពឹងនឹងអាចផលិតបាននៅចុងត្រីមាសទី១ឆ្នាំ២០២១។
វ៉ាក់សាំងប្រឆាំងកូវីដ១៩ដែលគេហៅថាmRNAរបស់ក្រុមហ៊ុនអាមេរិកPfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់BioNTechដើម្បីផលិតចេញនេះ បានប្រកាសពីជោគជ័យក្នុងការសាកល្បងដោយទទួលបានប្រសិទ្ធភាព៩៥ភាគរយ។ វ៉ាក់សាំងនេះ បានទទួលការអនុម័តឲ្យប្រើប្រាស់រួចហើយនៅចក្រភពអង់គ្លេស កាណាដា បារ៉ែននិងអារ៉ាប់ប៊ីសាអូឌីត។ មនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងនេះចំនួន២ដង និងម្តងត្រូវចាក់១ដូស។ ប្រជាជនដែលទទួលការចាក់វ៉ាក់សាំងលើកទី១រួចហើយ ត្រូវគេផ្តល់ដំណឹងឲ្យមកចាក់លើទី២ទៀតដែលជាលើកចុងក្រោយ ក្នុងរយៈពេល៣សប្តាហ៍ឬ២១ថ្ងៃក្រោយការចាក់លើកទីមួយ។
វ៉ាក់សាំងផ្ដល់ប្រសិទ្ធភាពខ្ពស់ជាងដល់ក្រុមមនុស្សវ័យក្មេង ខណៈក្រុមមនុស្សវ័យចំណាស់មានអាយុលើ៦៥ឆ្នាំអាចមានប្រសិទ្ធភាពជាង៩៤ភាគរយ។ ពុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពធ្ងនធ្ងរនោះទេ គឺអាចមានអាការៈអស់កម្លាំងនិងឈឺក្បាលតិចតួចប៉ុណ្ណោះក្រោយចាក់។ ក្រៅពីនេះមានឈឺចាប់នៅកន្លែងចាក់និងឈឺសាច់ដុំ ដែលទាំងនេះវាជាអាការៈធម្មតានៅពេលចាក់វ៉ាក់សាំងទូទៅ។
ជារឿងច្បាស់ការណាស់ថានៅពេលទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ មនុស្សគ្រប់រូបពិតជាចង់ដឹងកាន់តែច្បាស់ពីព័ត៌មាននានារបស់វា។ ក្រៅពីព័ត៌មានដែលបានរៀបរាប់ ក៏មានសាធារណជនខ្លះចោទសួរទៀតថា តើវ៉ាក់សាំងនេះពិតជាអាចការពារមនុស្សបានគ្រប់គ្នាឬទេ? ចម្លើយគឺថាមិនគ្រប់គ្នា១០០ភាគរយទេ។ ក្នុងចំណោមមនុស្សប្រមាណ២ម៉ឺននាក់ដែលបានទទួលវ៉ាក់សាំងពេលសាកល្បង មាន០៨នាក់ឆ្លងជំងឺកូវីដ-១៩ ហើយមានម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នៅពុំទាន់មានការបញ្ជាក់ច្បាស់លាស់ទេ ថាមូលហេតុអ្វីបានជាអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពពីវ៉ាក់សាំង។ ប៉ុន្ដែអ្វីដែលបានប្រកាសផ្លូវការរួចហើយគឺថា វ៉ាក់សាំងមានប្រសិទ្ធភាព៩៥ភាគរយ ដូច្នេះទោះបីជាការពារមិនបានគ្រប់គ្នាតែមានមនុស្សតិចតួចណាស់ឆ្លងកូវីដ-១៩ក្រោយចាក់វ៉ាក់សាំង។
ក៏មានការចោទសួរទៀតថា នៅពេលមានវ៉ាក់សាំងហើយតើអាចដកចេញវិធានការសុវត្ថិភាពកន្លងមកទេ ជាក់ស្ដែងលែងពាក់ម៉ាស់ ឬលែងរក្សាគម្លាតសង្គមជាដើម? ចម្លើយដែលអ្នកជំនាញបានឆ្លើយគឺថា ពុំគួរធ្វេសប្រហែសនោះឡើយ។ ទោះបីមានវ៉ាក់សាំងដែលទទួលស្គាល់ ប៉ុន្ដែវ៉ាក់សាំងនេះដំបូងឡើយចែកចាយទ្រង់ទ្រាយធំក្នុងប្រទេសអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតប៉ុណ្ណោះ ដូចជាអង់គ្លេស កាណាដា បារ៉ែន និងអារ៉ាប៊ីសាអូឌីត តែវ៉ាក់សាំងនៅពុំទាន់អាចចែកចាយទៅកាន់ទូទាំងពិភពលោកបានទេ។
អ្នកជំនាញក៏បញ្ជាក់ផងដែរថា វ៉ាក់សាំងពិតជាមិនអាចត្រូវផ្ដល់ឲ្យមនុស្សគ្រប់រូបដែរ គឺសម្រាប់តែអ្នកប្រឈមហានិភ័យនិងអ្នកមានហានិភ័យខ្ពស់ជាជំហានដំបូង។ ចំពោះការចែកចាយវ៉ាក់សាំងទៀតសោត ស្ថិតក្នុងទ្រង់ទ្រាយកាន់តែធំនៅឆ្នាំក្រោយឯណោះ។ អ្នកជំនាញភាគច្រើននិយាយថា ទោះបីមានវ៉ាក់សាំងច្រើនក៏ដោយ វិធានការបន្ថែមដូចជាពាក់ម៉ាស់នឹងនៅតែចាំបាច់ក្នុងការអនុវត្ដ រហូតដល់ការគំរាមកំហែងសុខភាពសាធារណៈបានថយចុះ។ វេជ្ជបណ្ឌិត Paul Offitសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ Pennsylvaniaនិយាយថា វ៉ាក់សាំងនឹងមិនអាចជំនួសវិធានការអនាម័យទេ។
និយាយពីតម្លៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ក្រុមហ៊ុនបួនដែលត្រូវបានបង្ហាញកន្លងមក វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេសAstrazeneca មានតម្លៃ៤ដុល្លារក្នុងមួយដូស ប្រសិទ្ធភាពចន្លោះពី៦២-៩០ភាគរយ អាចរក្សាទុកក្នុងទូទឹកកកធម្មតា។ វ៉ាក់សាំងក្រុមហ៊ុនអាមេរិកModernaមានតម្លៃ៣៣ដុល្លារក្នុងមួយដូស មានប្រសិទ្ធភាព៩៥ភាគរយ ត្រូវរក្សាទុកក្នុងសីតុណ្ហភាព-២០អង្សារសេបានរហូតដល់៦ខែ។ វ៉ាក់សាំងក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់Pfizer-BioNTechមានតម្លៃ២០ដុល្លារក្នុងមួយដូស មានប្រសិទ្ធសភាព៩៥ភាគរយ ត្រូវរក្សាទុកក្នុងសីតុណ្ហភាព-៧០អង្សារសេ និងវ៉ាក់សាំងរបស់រុស្ស៊ីGamaleya(Sputnik V) មានតម្លៃ១០ដុល្លារក្នុងមួយដូស មានប្រសិទ្ធភាព៩២ភាគរយ អាចរក្សាទុកក្នុងទូទឹកកកធម្មតាបាន។ វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងបួននេះតម្រូវឲ្យចាក់ពីរដូសដូចគ្នាក្នុងម្នាក់។ ក៏នៅមានបេក្ខភាពវ៉ាក់សាំងជាច្រើនទៀតកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្ដលើកចុងក្រោយ តែមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTechប៉ុណ្ណោះ ដែលត្រូវបានរដ្ឋបាលស្បៀងអាហារនិងឱសថអាមេរិកអនុញ្ញាតឲ្យប្រើប្រាស់៕
ដោយ៖ពេញ ផេង