មេដឹកនាំ​ក្រុមប្រឆាំង​ប៉ា​គី​ស្ថាន​កៀរគរ​កម្លាំង ដើម្បី​បណ្តេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង​

14-12-2020 5:19 pm 335

​ជាថ្មី​ម្តងទៀត​ពួក​មេដឹកនាំ​ក្រុមប្រឆាំង​ចម្រុះ បានរៀបចំ​ការជួបជុំ​កាលពី​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០២០​។ នៅក្នុង​ការប្រមូលផ្តុំ​នេះ មេដឹកនាំ​នៃ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​រាប់ពាន់នាក់ ចូលរួម​នៅក្នុង​ការជួបជុំ​ដ៏​ធំ​មួយ ដែល​គ្រោង​ធ្វើ​នៅក្នុង​ទីក្រុង​នា​ខែ​ក្រោយនេះ ដើម្បី​ទាមទារ​បណ្តេញ​លោក​អ៊ី​ម រ៉ា​ន់​ខាន់​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។ មេដឹកនាំ​ក្រុមប្រឆាំង​មួយរូប គឺ​លោក​Bilawal Bhutto Zardari ដែលជា​កូនប្រុស​របស់​អតីត​នាក​យក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោកស្រី​Benazir Bhutto បានប្រកាស​ច្រានចោល​លទ្ធភាព នៃ​ការសន្ទនា​ជាមួយ​លោក​អ៊ី​ម រ៉ា​ន់​ខាន់​ឬ​យោធា លើកលែងតែ​ការបោះឆ្នោត​ជាថ្មី​ត្រូវ​បានប្រកាស​។ ក្រៅពី​ទាមទារ​ទម្លាក់​លោក​អ៊ី​ម រ៉ា​ន់​ខាន់ ក្រុមប្រឆាំង​បានទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​មុន​កំណត់​ផងដែរ​។​

​សម្ព័ន្ធភាព​នៃ​គណបក្សប្រឆាំង​ធំៗ​ចំនួន​១១ ដែល​បាន​រួមគ្នា​បង្កើតបានជា​ចលនា​ប្រជាធិបតេយ្យ​ប៉ា​គី​ស្ថាន (PDM) ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​លោក​អ៊ី​ម រ៉ា​ន់​ខាន់ បានធ្វើ​យុទ្ធនាការ​កៀរគរ​កម្លាំង​តាំងពី​ខែកញ្ញា​ឆ្នាំ​២០២០ ដើម្បី​បណ្តេញ​លោក​អ៊ី​ម រ៉ា​ន់​ខាន់​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី និង​ដាក់​សម្ពាធ​លើ​យោធា ឲ្យ​បញ្ឈប់​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​នយោបាយ​។ ពួកគេ​ចាត់ទុកថា លោក​អ៊ី​ម រ៉ា​ន់​ខាន់​ទទួលបាន​ការគាំទ្រ​ពី​យោធា ដែល​កំពុង​តែមាន​ឥទ្ធិពល​បំផុត​នៅ​ក្នុងប្រទេស នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​។​

​ចំណែក​លោក​អ៊ី​ម រ៉ា​ន់​ខាន់​និង​យោធា​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​ក្រុមប្រឆាំង​។ លោក​អ៊ី​ម រ៉ា​ន់​ខាន់​និយាយថា ការតវ៉ា​នេះ​ជា​យុទ្ធនាការ​មួយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​លោក​ទម្លាក់ចោល​ករណី អំពើពុករលួយ​ប្រឆាំងនឹង​មេដឹកនាំ​របស់​ពួកគេ​ប៉ុណ្ណោះ​។ ពោល ក្រោយ​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​២០១៨ លោក​អ៊ី​ម រ៉ា​ន់​ខាន់​បាន​ពង្រីក​ការបង្ក្រាប​អំពើពុករលួយ ដូចដែល​បាន​សន្យា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ អំពើពុករលួយ​បាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុងសង្គម​ប៉ា​គី​ស្ថាន ដោយ​សូម្បីតែ​លោក​Nawaz Sharif​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ក៏​ត្រូវបាន​បណ្តេញចេញ​ពី​តំណែង​ក្រោម​ការចោទប្រកាន់​ពីបទ «​ពុករលួយ​»​ដែរ​។ ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ប៉ា​គី​ស្ថាន បាន​ចាប់ខ្លួន​មេបក្ស​ប្រឆាំង​ម្នាក់ ដែល​ត្រូវជា​បងប្អូន​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ គឺ​លោក​Shahbaz Sharif និង​ជា​អ្នក​ប្តេជ្ញា​ជួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​រំលាយ​រដ្ឋាភិបាល​។ 

​លោក​អ៊ី​ម រ៉ា​ន់​ខាន់​ក៏បាន​រិះគន់​ការប្រមូលផ្តុំ​ប្រឆាំងនឹង​រូបលោក​នាពេលនេះ​ថា ធ្វើឡើង​អំឡុងពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩ ខណៈ​២៤​ម៉ោង​ចុងក្រោយ ប៉ា​គី​ស្ថាន​រកឃើញ​មនុស្ស​រហូតដល់​ទៅ​៣,៣៦៩​នាក់​ឆ្លង​និង​៧២​នាក់​ស្លាប់ ដែល​នេះ​ជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​តាំងពី​ខែមិថុនា​មក​។​

​ជា​ការកត់សំគាល់ យុទ្ធនាការ​ធ្វើបាតុកម្ម​ទម្លាក់​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង​នេះ កើតឡើង​នៅពេល​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​តស៊ូ​ជាមួយ​អតិផរណា​ខ្ពស់​និង​កំណើន​អវិជ្ជមាន​។ ក្រុមប្រឆាំង​បាន​ច្បិច​យក​ឱកាស​នេះ ដើម្បី​ដាក់បន្ទុក​ខ្លាំង​ឡើងៗ ទៅលើ​លោក​អ៊ី​ម រ៉ា​ន់​ខាន់​និង​យោធា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ប៉ាគីស្ថាន

ព័ត៌មានផ្សេងទៀត