កូរ៉េខាងជើង​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការកែលម្អ​ទំនាក់ទំនង​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ​

10-12-2020 5:46 pm 3409

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក និង​ជា​ប្រេសិត​កំពូល​របស់​អាមេរិក សម្រាប់​ប្រទេស​កូរ៉េខាងជើង លោក​Stephen Biegun បានបង្ហាញ​ការសោកស្តាយ​ឱកាសល្អៗ​ជាច្រើន​ត្រូវបាន​បាត់បង់​ទៅ ដោយ​កូរ៉េខាងជើង ក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក ដែល​ជារឿយៗ បាន​ស្វែងរក​ឧបសគ្គ​ក្នុង​ការចរចា ជាជាង​ចាប់យក​ឱកាស​សម្រាប់​ការចូលរួម​ដោះស្រាយ​បញ្ហា​។ 

​ពេលវេលា​ល្អៗ​ដែល​លោក​Stephen Biegun ចង់​សំដៅ​ទៅនោះ គឺ​គ្រា​ដែល​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង មានឱកាស​ជួបចរចា​មួយ​ទល់​មួយ ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដល់​ទៅ​២​ដង ដើម្បី​ពិភាក្សា​ពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ការចរចា​ដែល​លើកទីមួយ​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ​២០១៨ និង​លើក​ទី​ពីរ​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៩។ ដោយឡែកការជួបគ្នាលើកទី២ត្រូវបរាជ័យ ដោយ​ពុំបាន​ឈានទៅដល់ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​។​

​ក្រោយ​ការចរចា​នៅ​ទ្រឹង​មិន​ទៅមុខ ទីក្រុង​ព្យុងយ៉ាង​បាន​បដិសេធ​ការបន្ត​អំពាវនាវ​ឲ្យចូល​រួម​ជាថ្មី ដោយ​និយាយថា អាមេរិក​មិន​បង្ហាញ​ការយកចិត្តទុកដាក់ ចំពោះ​ការ​ទម្លាក់ចោល​នូវ​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​ ចំពោះ​កូរ៉េខាងជើង​។ កូរ៉េខាងជើង​ចង់ឲ្យ​អាមេរិក​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ ជា​ថ្នូរ​នឹង​ការចរចា តែ​លោក​ត្រាំ​ប្រកែក​មិន​យល់ព្រម ដោយ​រក្សា​ជំហរ​បន្ត​សុពលភាព​ទណ្ឌកម្ម រហូតដល់​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។ ការ​បំបែក​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មិន​បានសម្រេច ក៏​ធ្វើឲ្យ​ទំនាក់ទំនង​ផ្ទាល់ រវាង​ប្រទេស​ទាំងពីរ​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ ដ្បិត​អាមេរិក​ជា​អ្នក​ចេញមុខ​ខ្លាំងជាងគេ នៅក្នុង​ការប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។

បើទោះជាការចរចារំលាយនុយក្លេអ៊ែរកូរ៉េខាងជើងមិនទទួល​ជោគជ័យ ប៉ុន្តែជំនួបនោះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ព្រោះកន្លងមកមិនដែលមានប្រធានាធិបតីអាមេរិករូបណា សុខចិត្តបន្ទាបខ្លួននិងចំណាយពេលវេលា ជួបចរចាដោយផ្ទាល់ជាមួយលោក​គីម ជុងអ៊ុនឡើយ ទើបតែក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំទេ ដែលលោកចាយពេលដល់ទៅ២លើកដើម្បីចរចា។ តាមពិត មេដឹកនាំទាំងពីរបានជួបគ្នា៣លើក តែលើកចុងក្រោយគ្រាន់តែដើរឆ្លងកាត់ព្រំដែន ចូលទឹកដីកូរ៉េខាងជើងតាមប្រទេសកូរ៉េខាងត្បូង ហើយក៏បានជួបទល់មុខគ្នានិងចាប់ដៃ​រលាក់ ដោយមិនបានអង្គុយចរចាវែងឆ្ងាយដូចលើកមុនៗឡើយ។ ​នេះជាកាយវិកាមួយ ដែលមិនធ្លាប់មានប្រធានាធិបនៃប្រទេសមហាអំណាចមួយនេះបានធ្វើឡើយ។

​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង លោក​Stephen Biegun​បានបង្ហាញ​ការខកចិត្ត ចំពោះ​ការចរចា​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ជាប់គាំង និង​មិនមាន​ការរីកចម្រើន​បន្ថែម​ទាល់តែសោះ​។ លោក​បាន​សារភាពថា ដំណើរការ​ចរចា​នេះ​មិនទាន់​ផ្តល់នូវ​ជោគជ័យ​ដូច​ការរំពឹងទុក​ឡើយ​។ តែ​លោក​បាន​ការពារ​ការសម្រេច​ចិត្ត​របស់លោក​ដូណាល់ ត្រាំ នៅក្នុង​ការ​ផ្តោតលើ​ការទូត​កម្រិត​ខ្ពស់ ជាមួយ​លោក​គីម ជុង​អ៊ុន ហើយ​ប្រកាន់​ជំហាន​ក្នុងការ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ដែល​កូរ៉េខាងជើង​នឹង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ភាគី​ទាំងពីរ​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​មាន​លក្ខណៈ​ធម្មតា​ឡើងវិញ​។​

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បន្ត​ជំរុញរដ្ឋាភិបាលអាមេរិកថ្មី បន្តការងារនេះ និងអំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើងបន្ត​ការចរចា​ទៀត​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បាយ​ដិន ដែល​នឹងត្រូវ​ឡើងកាន់តំណែង​ជា​ផ្លូវការ នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១​ខាងមុខ​។ លោក​Stephen Biegun ​​ដែលធ្លាប់​ដើរតួនាទីជំរុញដល់ដំណើរការចរចា បាន​ផ្ញើ​សារ​ផ្សះផ្សា​រថា​«​សង្គ្រាម​ចប់​ហើយ ពេលវេលា​សម្រាប់​ជម្លោះ​បានបញ្ចប់ ហើយ​ពេលវេលា​សម្រាប់​សន្តិភាព​បា​ន​ឈាន​មកដល់​»៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  កូរ៉េខាងជើងអាមេរិក

ព័ត៌មានផ្សេងទៀត