ខណៈពេលលោកចូ បាយដិនកំពុងរៀបចំខ្លួនត្រៀមចូលកាន់តំណែងប្រធានាធិបតីថ្មីអាមេរិកជំនួសលោកដូណាល់ ត្រាំ ដែលពិធីស្បថចូលកាន់តំណែងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អាចនិយាយបានថាបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងតែមានអារម្មណ៍មិនល្អ និងកំពុងមានមន្ទិលជុំវិញតួនាទីអាមេរិកនៅតំបន់នេះ ស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី។ បើទោះបីជានៅពេលលោកដូណាល់ ត្រាំកាន់តំណែងធ្វើឲ្យប្រទេសដៃគូមួយចំនួនប្រឈមបញ្ហា ប៉ុន្ដែក៏មានរដ្ឋនៅអាស៊ីមួយចំនួនពេញចិត្ដនឹងគោលនយោបាយរបស់លោកត្រាំដែរ ពិសេសគឺការចាត់វិធានការតឹងតែងប្រឆាំងមហាយក្សចិន។ តែនៅពេលរដ្ឋបាលថ្មីដឹកនាំដោយលោកបាយដិន គេពុំទាន់ដឹងថាអាមេរិកនឹងធ្វើយ៉ាងណាទេចំពោះចិន ដែលការណ៍នេះហើយទើបមានក្ដីព្រួយបារម្ភពីសំណាក់ប្រទេសមួយចំនួន ដែលមើលឃើញថាសកម្មភាពចិនមិនត្រឹមត្រូវចាំបាច់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
តំណែងប្រធានាធិបតីរបស់លោកចូ បាយដិនចូលមកចំពេលដែលចិនកើនឥទ្ធិពល និងមានសកម្មភាពខ្លាំងនៅក្នុងតំបន់អាស៊ី។ បើតាមការឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ពីអន្ដរជាតិ ភាពសកម្មរបស់ចិនមានជាអាទិ៍ទៅលើបញ្ហារំលោភសិទ្ធិមនុស្សនៅស៊ីនជាំង។ ស្ថិតក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ អាមេរិកបានដាក់បម្រាមលើការនាំចូលទំនិញមួយចំនួនពីតំបន់នេះ ករណីដែលចិនបង្ខិតបង្ខំឬរំលោភបំពាន់លើកម្លាំងពលកម្ម ឬដាក់សម្ពាធខ្លាំងលើពលរដ្ឋរស់នៅក្នុងតំបន់នេះ។ ជាងនេះទៅទៀតចិនក៏បង្កើនសកម្មភាពខ្លាំងនៅតៃវ៉ាន់ នៅហុង និងនៅសមុទ្រចិនខាងត្បូង។
តាមរយៈការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវមួយមានឈ្មោះជាអង់គ្លេសថា “Pew Research’s Summer 2020 Global Attitudes Survey of advanced economies” ឬអាចនិយាយជាខ្មែរថា “ការស្រាវជ្រាវឥរិយាបថសកលនារដូវក្ដៅឆ្នាំ២០២០នៃភាពជឿនលឿនផ្នែកសេដ្ឋកិច្ច ក៏មើលឃើញថាចិនហាក់បង្កើនសកម្មភាពនិងឥទ្ធិពលខ្លាំងផងដែរ។ ការលែងជឿទុកចិត្ដលើលោកស៊ី ជីនពីងចាប់ផ្ដើមកើនឡើងខ្ពស់ ខណៈ៧៨ភាគរយនៃអ្នកឆ្លើយតបពេលស្ទង់មតិនិយាយថា ពួកគេគ្មានទំនុកចិត្ដលើលោកស៊ីដែលនឹងធ្វើរឿងត្រឹមត្រូវក្នុងកិច្ចការពិភពលោកនោះទេ។
ដូច្នេះអាចទាញយកមកពន្យល់បានថា ហេតុអ្វីបានជាលោកដូណាល់ ត្រាំមានឆន្ទៈក្រោកឈរប្រឆាំងចិន ដូចជាប្រឆាំងបច្ចេកវិទ្យាចិន ពាណិជ្ជកម្ម និងរឿងមួយចំនួនទៀត ដែលត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក? ដ្បិតលោកត្រាំប្រកាសគោលនយោបាយគិតអាមេរិកដំបូងគេ តែរដ្ឋដែលគាំទ្រសកម្មភាពអាមេរិកដឹកនាំដោយលោកត្រាំ សុខចិត្ដទុកមួយឡែកនូវគោលនយោបាយនេះ។ និយាយពីការឆ្ពោះទៅរកការបោះឆ្នោតអាមេរិកកន្លងមក ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិកដូចជាវៀតណាម ជប៉ុន និងកូរ៉េខាងត្បូង មានទំនោរទៅរកលោកត្រាំ ដោយពួកគេនិយាយថាលោកត្រាំបានរៀបចំផែនការដ៏មានទម្ងន់ប្រឆាំងសេដ្ឋកិច្ចចិន សកម្មភាពយោធាចិន និងយុទ្ធសាស្ដ្រនានារបស់ចិន ជារួមគឺប្រឆាំងទង្វើចិនដែលគេចាត់ទុកថាអាចបំផ្លាញផលប្រយោជន៍ពួកគេនិងផលប្រយោជន៍អន្ដរជាតិ។
រម្លឹកទៅដល់អាណត្ដិដែលលោកបារ៉ាក់ អូបាម៉ាកាន់តំណែងប្រធានាធិបតីអាមេរិក ដោយលោកធ្លាប់រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីមួយរយៈកាលនៅជាកុមារភាព ដូច្នេះហេតុផលផ្ទាល់ខ្លួនអាចធ្វើឲ្យលោកស្រឡាញ់តំបន់អាស៊ី និងប្រើអំណាចទន់ភ្លន់របស់អាមេរិកដាក់តំបន់នេះ។ ប៉ុន្ដែបណ្ដាប្រទេសក្នុងតំបន់ហាក់មានអារម្មណ៍មិនស្រួលជាមួយនឹងអ្វីដែលពួកគេគិតថា លោកអូបាម៉ាយោគយល់ខ្លាំងព្រោះគិតថាតំបន់អាស៊ីជាកន្លែងលោកធ្លាប់រស់នៅ រហូតដល់មិនហ៊ានប្រឈមមុខនឹងអាកប្បកិរិយាឈ្លានពានរបស់ចិន។
គោលនយោបាយការបរទេសរបស់អាមេរិកបានបរាជ័យក្នុងការកំណត់ពីទំនាក់ទំនងជាមួយចិន និងរបៀបដែលខ្លួនអាចផ្សារភ្ជាប់ជាមួយតំបន់អាស៊ី។ ស្របពេលដែលចង់ដើរតួជាគំរូនៅអាស៊ី លោកអូបាម៉ាក៏បរាជ័យក្នុងការបង្កើនវត្ដមានយោធានៅអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបនឹងយោធូបនីយកម្មចិនក្នុងសមុទ្រចិនខាងត្បូង។ តម្លៃរបស់អាមេរិកក៏ត្រូវបានគេចាប់អារម្មណ៍នៅក្នុងទិដ្ឋភាពផ្សេងទៀតនៃទំនាក់ទំនងអាមេរិក-អាស៊ី។ អ្នកសង្កេតការណ៍បានចង្អុលបង្ហាញពីបរាជ័យរបស់លោកអូបាម៉ា ដើម្បីធានានូវការទទួលបានកាគាំទ្រសម្រាប់ភាពជាដៃគូអន្ដរប៉ាស៊ីហ្វិក ដែលបានជះឥទ្ធិពលបន្ថែមដល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ចិន។ អ្នកសង្កេតការណ៍បានលើកឡើងពីបញ្ហាអសមត្ថភាពរបស់លោកអូបាម៉ា ក្នុងការពង្រឹងការកែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងយុទ្ធសាស្ដ្រអត់ធ្មត់របស់លោកដែលគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
បើនិយាយពីការទប់ទល់ឥទ្ធិពលចិន ទៅតាមអ្វីដែលបណ្ដាប្រទេសនៅអាស៊ីមួយចំនួនចង់បាន សម្រាប់លោកបាយដិនតើលោកគួរធ្វើយ៉ាងណា?
លោកបាយដិនត្រូវតែបន្ដនូវគោលនយោបាយរបស់លោកត្រាំ ដោយផ្ដោតសំខាន់លើបញ្ហាសមុទ្រចិនខាងត្បូង។ លោកត្រូវតែដោះស្រាយបញ្ហាប្រឈម គឺធ្វើឡើងតាមរយៈភាពជាអ្នកដឹកនាំខាងផ្នែកយុទ្ធសាស្ដ្រនិងសេដ្ឋកិច្ច ដើម្បីបង្ហាញថាអាមេរិកអាចផ្ដល់ឲ្យតំបន់នេះនូវអនាគតនៃភាពរុងរឿងនិងសន្ដិសុខ។ ប្រធានាធិបតីជាប់ឆ្នោតចូ បាយដិនគួរតែរុញច្រានប្រឆាំងការប៉ុនប៉ងរបស់ចិន ផ្លាស់ប្ដូរឲ្យមានតុល្យភាពអំណាចនៅក្នុងសមុទ្រចិនខាងត្បូង ដែលការងារទាំងអស់នេះត្រូវតែធ្វើឡើងជាពហុវិធី។
យុទ្ធសាស្ដ្រប្រឆាំងឥទ្ធិពលចិនផ្សេងទៀតអាចមានទីមួយ លោកបាយដិនត្រូវតែដាក់សម្ពាធផ្នែកការទូត សន្ដិសុខ និងសេដ្ឋកិច្ចលើប្រទេសចិន តាមរយៈភាពជាដៃគូរនៃក្រុមជាសមាជិកQuad ជាក្រុមបង្កើតឡើងដោយមានកិច្ចសហការរវាងជប៉ុន ឥណ្ឌា អូស្ដ្រាលី និងអាមេរិក ដើម្បីពង្រឹងសណ្ដាប់ធ្នាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។ ក៏គួរតែមានប្រតិបត្ដិការដើម្បីបង្ហាញពីវត្ដមានយោធាអាមេរិក ដូចជាប្រតិបត្ដិការស្ដីពីសេរីភាពនៃការរុករក ដើម្បីទប់ទល់នឹងការអះអាងពង្រីកដែនទឹកពីសំណាក់ចិននៅសមុទ្រចិនខាងត្បូង រួមជាមួយការធ្វើសមយុទ្ធដែនអាកាសនិងលើសមុទ្រ ដូចជាសមយុទ្ធប្រចាំឆ្នាំMalabarនៅឈូងសមុទ្របេងហ្គាល់ និងសមយុទ្ធBalikatanនៅហ្វីលីពីន មិនថាស្ថិតក្រោមប្រតិបត្ដិការរបស់ក្រុមQuadឬប្រតិបត្ដិការផ្សេងក៏ដោយ។
ទីពីរ លោកបាយដិនត្រូវតែបន្ដបង្កើនការទប់ស្កាត់ផ្នែកយោធា ដោយពង្រឹងសមត្ថភាពយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីដោះស្រាយលើវិស័យងាយរងគ្រោះថ្មី បណ្ដាលមកពីយុទ្ធនាការកសាងកោះរបស់ចិន និងយុទ្ធសាស្ដ្របដិសេធបង្កើតឡើងដើម្បីរុញកងកម្លាំងអាមេរិកចេញក្រៅពីតំបន់ប្រជុំកោះទីមួយនិងទីពីរនៅក្នុងសមុទ្រប៉ាស៊ីហ្វិក។ ខណៈដែលលោកដូណាល់ ត្រាំបានទាំងបង្កើនលើការចំណាយផ្នែកយោធាលើសរដ្ឋបាលដឹកនាំដោយលោកអូបាម៉ាផង ប៉ុន្ដែកងទ័ពជើងទឹកអាមេរិកនៅតែពុំមាននាវាគ្រប់គ្រាន់អាចចូលទៅក្នុងតំបន់នោះតាមអ្វីដែលជាការប្ដេជ្ញាចិត្ដ។ ថវិកាការពារជាតិដំបូងរបស់លោកបាយដិនគួរតែរួមបញ្ចូលប្រាក់សម្រាប់កងទ័ពជើងទឹក ដើម្បីបង្កើនការកសាងចំនួននិងគុណភាពនាវា ក្នុងន័យអនុញ្ញាតឲ្យអាមេរិកបន្ដធ្វើប្រតិបត្ដិការហួសពីប្រជុំកោះទីពីរក្នុងសមុទ្រប៉ាស៊ីហ្វិក។ ការងារនេះនឹងពាក់ព័ន្ធនូវការសម្របសម្រួលត្រៀមទប់ស្កាត់សង្គ្រាមក្រោមសមុទ្រ ដូចជាត្រៀមនាវាមុជទឹក នាវាមុជទឹកគ្មានមនុស្សបើក និងកងនាវាដែលមានបច្ចេកវិទ្យាបំបាំងកាយជាដើម។
ម្យ៉ាងវិញទៀត រដ្ឋបាលរបស់លោកបាយដិនគួរតែបន្ដផងដែរនូវការពង្រឹងលើកិច្ចប្រឹងប្រែងដែលកំពុងបន្ដដោយទីក្រុងតូក្យូនិងទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្ដល់ដល់កងទ័ពជើងទឹក ឆ្មាំសមុទ្រ និងក្រុមជើងអាកាសដែលជាដៃគូក្នុងតំបន់ នូវមូលដ្ឋាននៅអាស៊ីខណៈពួកគេកំពុងខ្វះសមត្ថភាពការពារដែនដីរបស់ខ្លួន ដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។
ទីបី ក្រុមរបស់លោកបាយដិនក៏អាចផងដែរទទួលយកយន្ដការមួយទៀតរបស់លោកត្រាំមកអនុវត្ដ ស្ដីពីការប្រើប្រាស់ការលើកទឹកចិត្ដផ្នែកសេដ្ឋកិច្ចក្នុងករណីត្រឹមត្រូវ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្នុងករណីដែលមិនត្រឹមត្រូវ។ ចន្លោះពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនអាចជាចំណុចរសើបផ្នែកនយោបាយ នៅពេលរដ្ឋបាលថ្មីលោកបាយដិនចូលកាន់តំណែងដំបូង ប៉ុន្ដែលោកអាចប្រើប្រាស់នូវពន្ធគយដែលមានស្រាប់របស់លោកត្រាំដាក់លើទំនិញចិន ដើម្បីដាក់សម្ពាធទាញយកចំណេញសម្រាប់ការចរចានៅពេលអនាគត។ មិនតែប៉ុណ្ណោះលោកបាយដិនក៏អាចប្រើប្រាស់ពន្ធគយឬការដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនចិនឬមន្ដ្រីបក្សកុម្មុយនីស្ដចិន ជាការពិន័យនៅពេលមានភស្ដុតាងបង្ហាញថាមានអំពើឈ្លានពានតាមសមុទ្រនាពេលអនាគត។
ទីបួន ទោះបីប្រធានាធិបតីត្រាំត្រូវបានគេរិះគន់ជាញឹកញាប់ចំពោះការមិនតស៊ូមតិដើម្បីសិទ្ធិមនុស្ស ក៏រដ្ឋបាលរបស់លោកត្រាំបានប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំងនៅហុងកុង និងការប្រព្រឹត្ដិរបស់ចិនទៅលើក្រុមមូស្លីមអ៊ុយហ្គួរនៅស៊ីនជាំង។ រដ្ឋបាលរបស់លោកបាយដិនក៏គួរតែធ្វើដូចគ្នា និងអនុវត្ដច្បាប់Global Magnitsky ដែលផ្ដល់សិទ្ធិដល់រដ្ឋាភិបាលអាមេរិកក្នុងការដាក់ទណ្ឌកម្មជនល្មើសសិទ្ធិមនុស្ស និងចំពោះមន្ដ្រីដែលពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។ លោកបាយដិនក៏គួរតែបន្ដផ្នែកផ្សេងទៀតនៃគោលនយោបាយដាក់លើចិនរបស់លោកត្រាំ ដូចជាមានជំហរតឹងរ៉ឹងលើបច្ចេកវិទ្យា5Gដើម្បីការពារទិន្នន័យអាមេរិក កាត់បន្ថយការពឹងផ្អែកលើប្រទេសចិនចំពោះឱសថនិងឧបករណ៍ការពារផ្ទាល់ខ្លួន និងបង្ហាញពីសាមគ្គីភាពជាមួយឥណ្ឌារឿងដែលទីក្រុងប៉េកាំងចូលបំពាននៅជ្រលងភ្នំGalwan។
ទោះបីជាអ្វីដែលបានលើកឡើងត្រូវបានគេមើលឃើញថា ជាចំណុចវិជ្ជមានដែលលោកត្រាំធ្វើដើម្បីប្រឆាំងចិន ប៉ុន្ដែក៏ពុំមែនមានន័យថាគោលនយោបាយការបរទេសលោកត្រាំសុទ្ធតែត្រូវទទួលយកទាំងអស់ដែរ។ ជាក់ស្ដែងលោកត្រាំបានអវត្ដមានភាគច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅអាស៊ី ដែលអាចថាបំផ្លាញដល់ភាពជឿជាក់ទៅលើអាមេរិកក្នុងនាមពហុភាគីនិយម។ ដូច្នេះលោកបាយដិននិងមន្ដ្រីដែលនឹងត្រូវចូលកាន់តំណែងនាពេលខាងមុខ គួររកផ្លូវដើម្បីធ្វើយ៉ាងណាឲ្យអាមេរិកមានឥទ្ធិពលនៅក្នុងតំបន់អាស៊ីឡើងវិញ និងជួយបង្កើតបទប្បញ្ញត្ដិពាណិជ្ជកម្មសម្រាប់អ្នកជំនាន់ក្រោយ។ គួរនិយាយដែរថា ទីក្រុងវ៉ាស៊ីនតោននិងដៃគូអាស៊ីគួរតែលើកទឹកចិត្ដចិនឲ្យក្លាយជាកម្លាំងស្ថាបនានិងធ្វើការដើម្បីនាំយកភាពល្អបំផុត ចេញពីភាពជាអ្នកដឹកនាំរបស់ខ្លួន។ តែអាចធ្វើបានបែបនេះអាមេរិកត្រូវតែស្វែងរកការចូលរួមហើយចៀសវាងឥរិយាបថប្រឆាំងនឹងចិនទាំងទទឹងទិស ដែលបន្សល់ទុកត្រឹមធ្វើឲ្យចិនកាន់តែរឹងរូសប្រឆាំងអាមេរិកវិញប៉ុណ្ណោះ។
សំខាន់ជាងនេះទៅទៀត លោកចូ បាយដិនត្រូវតែដឹងថាមិត្ដរបស់អាមេរិកនៅអាស៊ីចង់ឲ្យលោកចៀសវាងគោលនយោបាយដាក់លើចិនដែលប្រយ័ត្នខ្ពស់ពេក ដូចកាលលោកអូបាម៉ាធ្វើពេលកាន់តំណែង តែត្រូវបើកចិត្ដទទួលយកនូវវិធានការដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់លោកដូណាល់ ត្រាំ៕
ដោយ៖ពេញ ផេង