អ៊ីរ៉ង់​ថា​បិតា​នុយក្លែអ៊ែ​ររបស់ខ្លួន​ត្រូវ​សម្លាប់​ដោយ​កាំភ្លើង​បញ្ជា​ពី​ផ្កាយរណប​

08-12-2020 11:14 am 457

​ដើមឡើយ​ការស្លាប់​របស់​លោក​Mohsen Fakhrizadeh មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបាន​លើកឡើង​ថា ជា​ទង្វើ​របស់​ក្រុម​ភេរ​វករ​រដ្ឋ​អ៊ីស្លាម ដោយ​ថា​ពួកគេ​បាន​ស្ទាក់​ចាប់​រថយន្ត​របស់​លោក​Fakhrizadeh នៅតាម​ផ្លូវ​ក្បែរៗ​ទី​ក្រុងតេអេ​រ៉ង់​។ ទើបតែ​ក្រោយ​មក ទីភ្នាក់ងារ​សារព័ត៌មាន​Tasnim បាន​ស្រង់​សម្តី​លោក​មេបញ្ជាការ​មួយ​រូប​របស់​អ៊ីរ៉ង់ គឺ​លោក​Ali Fadavi បញ្ជាក់ថា គ្មាន​ភេរវ​ក​រណា​មាន​វត្តមាន​នៅលើ​ទីតាំង​ដែល​លោក​Fakhrizadeh ត្រូវ​សម្លាប់​នោះទេ​។ លោក​Ali Fadavi​ថា លោក​Fakhrizadeh​ត្រូវ​សម្លាប់​ដោយ​កាំភ្លើងយន្ត​មួយ​ចេញ​ពី​រថយន្ត​Pick-up​មួយគ្រឿង និង​បញ្ជា​ចេញពី​ផ្កាយរណប​ដ៏​ទំនើប​។​

​ជុំវិញ​ការស្លាប់​បិតា​នុយក្លែអ៊ែរ​ដ៏​កំពូល​របស់​ខ្លួន អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ថា ជា​អ្នក​សម្លាប់​លោក​Fakhrizadeh​។ លោក​Fakhrizadeh​ត្រូវបាន​ប្រភព​ស៊ើបការណ៍​សម្ងាត់​លោកខាងលិច​អះអាងថា ជា​មេក្លោង​នៃ​កម្មវិធី​នុយក្លែអ៊ែ​ររបស់​អ៊ីរ៉ង់​និង​បាន​សំងំ​អភិវឌ្ឍ​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ជា​ការឆ្លើយតប រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់ បាន​ទាត់ចោល​ចំពោះ​ការអះអាង​នេះ​។ 

​ពាក់ព័ន្ធ​ការចោទប្រកាន់​របស់​អ៊ីរ៉ង់ បើតាម​សម្ដី​មន្ត្រី​ម្នាក់​របស់​អ៊ីស្រាអែល បាន​ចោទ​បក​ទៅ​អ៊ីរ៉ង់​វិញ​ថា នេះ​គ្រាន់តែ​ជា​ល្បិចកល​របស់​អ៊ីរ៉ង់ ដើម្បី​កេងចំណេញ​នយោបាយ​លើ​អ៊ីស្រាអែល​តែប៉ុណ្ណោះ​។ យ៉ាងណា​អ៊ីស្រាអែល​បាន​សារភាព​ថា កន្លង​ទៅ​ខ្លួន​ពិតជា​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​សម្ងាត់ ដើម្បី​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ពិតមែន​។​

​សូម​រម្លឹកថា លោក​Mohsen Fakhrizadeh ដែល​គេ​ចាត់ទុកថា​ជា​បិតា​នុយក្លែអ៊ែ​ររបស់​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​នៅតាម​ដងផ្លូវ​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លោក​ត្រូវ​បាញ់​សម្លាប់​ខណៈ​កំពុងធ្វើដំណើរ​តាម​រថយន្ត​នៅលើ​ផ្លូវ​នៅ​ក្បែរ​នឹង​ទី​ក្រុងតេអេ​រ៉ង់​។ ក្រោយ​ការស្លាប់​លោក​Fakhrizadeh លោក​Ayatollah Ali Khamenei​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ​អ៊ីរ៉ង់ បាន​ប្តេជ្ញា​នឹង​សងសឹក​ឲ្យ​លោក​Fakhrizadeh​។ លោក​Khamenei​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ​ថា អ៊ីរ៉ង់​ត្រូវតែ​បំពេញ​ភារកិច្ច​ដើម្បី​តាម​ប្រមាញ់​ឧក្រិដ្ឋជន​និង​ផ្តន្ទាទោស ជនល្មើស​និង​អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់លោក​Fakhrizadeh​។ 

​ដោយឡែក សម្រាប់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​Hassan Rouhani​វិញ​បាន​និយាយថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​ចំពោះ​ករណី​ឃាតកម្ម​នេះ នៅ​ពេលវេលា​សមស្រប​ណាមួយ​។ បន្ថែម​លើ​នេះ មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ច្បាស់​ណាស់​អ៊ីរ៉ង់​នឹង​សងសឹក ហើយ​វា​អាច​កើតមានឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ យ៉ាងណាមិញ មកទល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​សកម្មភាព​ណាមួយ ដែល​បង្ហាញ​ពី​ការព្រមាន​សងសឹក​របស់​អ៊ីរ៉ង់​នៅឡើយ​ទេ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត