អ្នកនយោបាយ​៖ ជា​ដំណឹង​ដ៏​ល្អ​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩

08-12-2020 11:05 am 769

ក្រុម​អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​គាំទ្រ​ភ្លាមៗ និង​ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា កន្លង​មក​ជាមួយនឹង​ការតាមដាន នូវ​ដំណើរការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​របស់​ប្រទេស​នានា រូបលោក​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ត្រៀម​បំរុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​នេះ យកមក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ត្រៀម​ថវិកា​សម្រាប់​ការទិញ​វ៉ាក់សាំង​នេះ​១​លាន​ដូស ក្នុង​ដំណាក់កាល​ដំបូង ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែល​មាន​ហានិភ័យ​ផងដែរ​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង ថា រូប​លោក​គាំទ្រ​ចំពោះ​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​គម្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ លោក​ចាត់​ទុក​ការប្រកាស​នេះ​គឺជា​ដំណឹង​ដ៏​ល្អ និង​រីករាយ​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ 

ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ ថា​»​ចំពោះ​ការប្រកាស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការត្រៀម​ទិញ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​មេ​រោគកូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​គឺ​ដំណឹង​ដ៏​រីករាយ និង​ល្អ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ទាំងអស់ គ្រប់​និន្នាការ​នយោបាយ ហើយក៏​ជា​ការឆ្លើយតប​ដោយ​មាន​ការទទួលខុសត្រូវ​មួយ ស្របពេល​ដែល​មេ​រោគកូ​វីដ​-១៩​កំពុង​វាយលុក​មក​កម្ពុជា ហើយ​វា​ជា​ការបង្ហាញ​ភាពកក់ក្ដៅ​មួយ​ដល់​ប្រជាជន​ខ្មែរ​ដែរ ចៀសវាង​ភ័យ​ស្លនស្លោ ឬ​អស់សង្ឃឹម​ក្នុង​ប្រការ​ណាមួយ​»​។ 

​ជាមួយគ្នានេះ​លោក ពេជ្រ ស្រស់ ក្នុងនាម​គណបក្ស​ក្រៅ​រដ្ឋាភិបាល ក៏​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​មួយចំនួន ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​នេះដែរ​។ 

រីឯ​លោក ខឿ​យ ស៊ី​នឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ បាន​ថ្លែង​ឲ្យដឹង​ដែរ ថា នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​មាន​ការព្រួយបារម្ភ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​អំពី​គម្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ យ៉ាងណា​ក៏​ដោយ​លោក ខឿ​យ ស៊ី​នឿន បាន​ស្នើ​ថា នៅពេល​ទទួលបាន​វ៉ាក់សាំង​នេះ សូម​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព​។ 

​លោក​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ ថា​»​ជា​ការពិត​ណាស់​វា​ដើម្បី​ផលប្រយោជន៍ សុវត្ថិភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ប្រជាជន​កម្ពុជា​ទាំ​អស់ ដែល​រដ្ឋាភិបាល​មាន​គម្រោង​បញ្ចេញ​ថវិកា​នៅ​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ វា​ជា​រឿង​មួយ​ល្អ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​កំពុងតែ​ភ័យព្រួយ​បារម្ភ​អំពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​នេះ ប៉ុន្តែ​យើង​បារម្ភ​ហើយនឹង​សំណូមពរ​ថា នៅពេល​ដែល​វ៉ាក់សាំង​ធ្លាក់​មក​ដល់​រដ្ឋាភិបាល ហើយ​ចាក់​ជូន​ប្រជាពលរដ្ឋ សូម​កុំឲ្យ​ថ្នាក់ដឹកនាំ​ខាងក្រោម​គាត់​ប្រើប្រាស់​ធនធាន​រាជរដ្ឋាភិបាល​ហ្នឹង និយម​បក្សពួក​គណបក្សនយោបាយ សុំ​ឲ្យ​ខាង​រដ្ឋាភិបាល​មាន​យន្តការ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​ហ្នឹង ឲ្យមាន​តម្លាភាព​»​។ 

ជាមួយគ្នានេះ​លោក ខឿ​យ ស៊ី​នឿន ក៏​នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ស្ដាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​ផង​ដែរ​។ 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាលពី​យប់​ថ្ងៃ​ច័ន្ទ​បាន​សរសេរ​បញ្ជាក់ថា ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម រូបលោក​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មក​ជួយ​ដល់​ប្រជាជន​កម្ពុជា​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់​ជំនួយ​ដល់​ប្រជាជន​កម្ពុជា ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃ​ថោក​សមរម្យ​។ លោកនាយក​រដ្ឋមន្ដ្រី បាន​បញ្ជាក់បន្ថែម ថា រូប​លោក​ក៏​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រៀម​ថវិកា​សម្រាប់​ទិញ​២​ទៅ​៣​លាន​ដូស​ថែមទៀត សម្រាប់​ដំណាក់កាល​បន្ទាប់​៕ ដោយ​៖​ឃួន សុភ័​ក្រ  

ព័ត៌មានផ្សេងទៀត