+.ដើមកំណើតឃឹម
តាមការលើកឡើងរបស់ដូនតាខ្មែរយើងដែលមានជំនាញខាងតន្ដ្រី បានបញ្ជាក់ថា ឃឹមតូច និងឃឹមធំបានហូរចូលមកដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ គឺមកពី ប្រទេសវៀតណាមប៉ែកខាងត្បូង គឺជាខេត្ដបាសាក់ដែនដីកម្ពុជាក្រោម ជាអតីតដែនដីរបស់ព្រះរាជាណា ចក្រកម្ពុជា។
+.មុខងារសំខាន់ៗរបស់ឃឺម
យើងប្រាកដជាបានដឹងហើយថា ឃឹមគឺជាឧបករណ៍ភ្លេងខ្មែរ ដែលមានខ្សែសំនៀងច្រើន។ឧបករណ៍នេះទៀតសោត ក៏ត្រូវបានបែងចែកជាពីរប្រភេទផងដែរ គឺឃឹមតូច និងឃឹមធំ។
ចំពោះមុខងារសំខាន់ៗរបស់វា គឺត្រូវបានគេប្រើនៅក្នុងវង់ភ្លេងល្ខោនបាសាក់ វង់ភ្លេងមហោរីច្នៃ ហើយឃឹមតូច ក៏ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ និងវង់ភ្លេងប្រជាប្រិយខ្លះទៀតផងដែរ។
+.រូបរាងរបស់ឃឹម
ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាលដូចជា៖ ឈើស្ពង់ ឈើផ្ដៀក និងឈើរលួស សំរាប់ធ្វើជាសន្ទះ និងមានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបពីលើថែមទៀតផង ។
ចំណែកអន្លូងវិញ គឺគេប្រើសំរាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ត្រមោងនោះ មានរុំក្រណាត់បន្ថែមទៀតដើម្បីឱ្យសំលេងឮងំ ។
ចំពោះអ្នកប្រគំឃឹមវិញគឺគេកាន់អន្លូងនៅចុងម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ។នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។
ឃឹមទាំងពីរបែបនេះគឺគេយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង។ចំពោះការរឹតខ្សែសំនៀងឃឹមទាំងពីរនេះ គេតែងតែយកសំនៀងផ្លែរនាតឯកជាសំនៀងកំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក។ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១ ផ្លែ២ ផ្លែ ៣ ឬផ្លែ៤។ល។
+.ភាពខុសគ្នារវាងឃឹមតូច និងឃឹមធំ
+.ឃឹមតូច
ឃឹមតូចមានដំណើរសាច់បទចង្អៀតមិនដូចឃឹមធំឡើយ ។
ឃឹមតូចមានខ្ទង់វែងៗ២ ដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ១ ហើយលើខ្ទង់វែងនីមួយៗចែកជា ខ្ទង់ខ្លីៗសំរាប់ទ្រខ្សែ។ឃឹមតូចខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះ ទៀតមាន១០ខ្ទង់ខ្លី ។
ចំពោះជួរខ្ទង់ខាងឆ្វេង គឺជាក្រុមខ្សែឯកអាចប្រើសំនៀងបានទាំងសងខាង។រីឯជួរខ្ទង់ខាងស្ដាំ គឺក្រុមខ្សែគអាចប្រើសំនៀងបានតែម្ខាងទេ ហើយនៅលើខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេង មានខ្សែសំនៀង ៣ សំរាប់សំនៀងតែ១ តែនៅលើខ្ទង់នីមួយៗ នៃជួរខាងស្ដាំ គឺមានខ្សែសំនៀង ២សំរាប់សំនៀងតែមួយដែរ។
ការរឹតខ្ទង់ និងការប្រគំឃឹមតូច
ចំពោះឃឹមតូចដែលមាន៧ខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេងនីមួយៗដូចជា ៖
-វង់ភ្លេងល្ខោនបាសាក់ គេត្រូវរឹតតាមរនាតឯកផ្លែ១ សំរាប់ខ្សែនៅលើខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល (ជួរទី២) ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់សំនៀងធំ។សំនៀងនេះស្មើសំនៀងមី ៩របស់តន្ដ្រីសាកល ។
-វង់ភ្លេងមហោរីច្នៃ គេត្រូវរឹតផ្លែ២សំរាប់ក្រុមសំនៀងឯកជួរខ្សែកណ្ដាល (ជួរទី២)ត្រង់ខ្ទង់ទី៥ ដដែល ។ សំរាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ ៩ របស់តន្ដ្រីសាកល ។
- ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទី៥ដដែល។សំនៀងនេះស្មើនឹងសំនៀងដូ ៩ របស់តន្ដ្រីសាកល ។
-ក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវរឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទី៥ដដែល ដើម្បីតម្រូវតាមកំពស់សំនៀងរបស់អ្នកច្រៀង ស្មើនឹងសំនៀង ដូ ៩ឌឿប ឬស៊ី ៩សិប របស់តន្ដ្រីសាកល ។
+.ឃឹមធំ
ឃឹមធំត្រូវបានគេប្រើប្រាស់តែក្នុងវង់ភ្លេងល្ខោន បាសាក់ និងវង់ភ្លេងមហោរីច្នៃ ហើយវាមានដំណើរសាច់បទខុសពីឃឹមតូច គឺវាត្រូវប្រើសំនៀងផ្ដក់ៗកាត់ពីមុខកាត់ពីក្រោយឧបករណ៍ដទៃ ធ្វើឱ្យសំនៀងធំៗរបស់ខ្លួនលេចធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុងពេលប្រគំរួមម្ដងៗ។
ការរឹតខ្ទង់ និងការប្រគំឃឹមធំ
-នៅក្នុងវង់ភ្លេងល្ខោនបាសាក់ ឃឹមធំត្រូវរឹតខ្សែត្រង់ខ្ទង់ទី៥ (រាប់ពីខ្ទង់សំនៀងតូចទៅ ខ្ទង់សំនៀងធំ) ក្នុងក្រុមសំនៀងឯកជួរកណ្ដាលស្មើនឹងសំនៀងផ្លែ៨របស់រនាតឯក និងស្មើសំនៀងមី ៩ របស់តន្ដ្រីសាកល ។
-វង់ភ្លេងមហោរីច្នៃ ឃឹមធំនេះត្រូវ រឹតខ្សែត្រង់ខ្ទង់ទី៥ដដែល ស្មើនឹងសំនៀងផ្លែ ៩របស់រនាតឯក និងស្មើសំនៀងរ៉េ ៩របស់តន្ដ្រីសាកល ៕
-ឯកសារយោង៖
-ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្ត្រាចារ្យសិល្បៈតន្ត្រី