អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​អង្គភាព​និង​បុគ្គល​ពាក់ព័ន្ធ​ការស្រាវជ្រាវ​អាវុធ​គីមី​អ៊ីរ៉ង់​

04-12-2020 12:04 pm 505

​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុម​Shahid Meisami Group​និង​នាយក​គ្រប់គ្រង ក្រោម​ការចោទប្រកាន់ថា បាន​ចូលរួម​នៅក្នុង​ការស្រាវជ្រាវ​អាវុធ​គីមី​របស់​អ៊ីរ៉ង់ និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​Iranian Organization of Defensive Innovation ដែលជា​អង្គការ​មួយ​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ង់ និង​មាន​ភារកិច្ច​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​។ អង្គការ​នេះ​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​ដោយ​លោក​Mohsen Fakhrizadeh​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ត្រូវបាន​គេ​ធ្វើឃាត កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ និង​ជា​អង្គការ​មួយ​ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ផងដែរ​។ នេះ​បើតាម​ក្រសួង​រតនាគារ​អាមេរិក បញ្ជាក់​នៅក្នុង​សេចក្តី​សេចក្តីថ្លែងការណ៍​។ ក្រុម អង្គភាព​ឬ​បុគ្គល​ដែល​ត្រូវបាន​អាមេរិក​ដាក់ណ្ឌកម្ម​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០ នឹងត្រូវ​បង្កក​ទ្រព្យសម្បត្តិ​ដែល​មាននៅ​អាមេរិក​និង​រារាំង​ជនជាតិ​អាមេរិក មិនឲ្យ​ទាក់ទងជា​មួយក្រុមឬ​អង្គភាព​ទាំងនោះ​ផងដែរ​។ 

​លោក​Steven Mnuchin​រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក​និយាយថា ការអភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​របស់​អ៊ីរ៉ង់ គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រទេសជិតខាង​និង​ពិភពលោក​ទាំងមូល​។ លោក​បន្ថែមថា អាមេរិក​នឹង​នៅតែ​បន្ត​ប្រឆាំង​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ៊ីរ៉ង់ ដើម្បី​អភិវឌ្ឍ​អាវុធ​គីមី ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​របប​ដឹកនាំ​អ៊ីរ៉ង់​។ លោក​ម៉ៃ ផុម​ភី​អូប្រ​មុខ​ការទូត​អាមេរិក​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ ពី​គោលបំណង​ពិត​របស់​របប​នេះ ជាមួយនឹង​ការពិចារណា​ទៅលើ​ការធ្វើ​តេស្ដ និង​ផលិតកម្ម​នៃ​អ្វីដែល​គេ​ហៅថា ជា​សា​ធាតុ​គីមី​មិនអាច​ទទួលយកបាន ដែល​អាច​ប្រើប្រាស់​ក្នុង​បំណង​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​អ៊ីរ៉ង់​ឬ​ក្នុង​គោលបំណង​វាយប្រហារ​។​

​ជា​ការកត់សំគាល់ អាមេរិក​ក្រោម​ការដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ​បាន​រឹតបន្តឹង​លើ​អ៊ីរ៉ង់​យ៉ាងខ្លាំង ជាពិសេស​ចាប់តាំងពី​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​រូបនេះ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ឆ្នាំ​២០១៨ លោក​ត្រាំ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​យ៉ាង​ពេញទំហឹង ដែល​បង្កឲ្យមាន​ភាព​តានតឹង​យ៉ាងខ្លាំង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​។ ចំណែក​ទណ្ឌកម្ម​ថ្មី​នេះ ប្រហែល​មិនមែនជា​ទណ្ឌកម្ម​ចុងក្រោយ​បង្អស់​របស់​អាមេរិក ក្រោម​ការដឹកនាំ​ដោយ​លោក​ត្រាំ​នោះទេ​។ យោងតាម​លោក​Elliott Abrams បេសកជន​ពិសេស​របស់​អាមេរិក​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ឲ្យដឹងថា លោក​ត្រាំ​នឹង​ប្រើប្រាស់​ឋានៈ​ប្រធានាធិបតី​អាមេរិក ដែល​នៅសល់​ជាង​១​ខែ​ចុងក្រោយ​នេះ ដាក់​វិធានការ​សង្កត់សង្កិន​លើ​អ៊ីរ៉ង់ ជា​ដំណាក់កាល រហូតដល់​ពេលដែល​លោក​ត្រូវ​ផ្ទេរអំណាច​ឲ្យ​លោកចូ បាយដិន​នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំក្រោយ​។​

​យ៉ាងណាក៏ដោយ ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បាយ​ដិន ដែល​នឹងត្រូវ​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ និយាយថា​លោក​នឹង​នាំ​អាមេរិក​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ ហើយនឹង​ដក​ទណ្ឌកម្ម​ចេញ​ផងដែរ ប្រសិនបើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ វិល​ទៅរក​ការអនុវត្តន៍​យ៉ាង​តឹងរឹង តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បង្កើតឡើង​ក្នុង​ជំនាន់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​៕ ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត