ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​មិន​គួរ​ត្រូវ​បាន​យក​ធ្វើជា​បៀ​ប​វារៈ​ភូមិសាស្ត្រ​នយោបាយ​នោះ​ឡើយ

04-12-2020 10:30 am 297

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​សម័យប្រជុំ​ពិសេស​លើ​ក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​”​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩”​នា​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ថា ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​មិន​គួរ​ត្រូវ​បាន​ប្រទេស​ណាមួយ​ឆ្លៀត យកមក​អនុវត្ត​របៀប​វារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ ខណៈ​មក​ដល់​បច្ចុប្បន្ន​ជំងឺ​កូវី​ដ​-១៩​បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បាន​ធ្វើឲ្យ​មនុស្ស​រាប់សែន​នាក់​បាត់បង់​ជីវិត​។ 

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បន្ត ថា ស្របពេល​ដែល​ជីវិត​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក កំពុងស្ថិត​នៅ​ក្នុង​ហានិភ័យ​។ ដូច្នេះ​ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះឡើយ​។ ផ្ទុយទៅវិញ សាមគ្គីភាព និង​ឯកភាព​ក្នុង​តំបន់ និង​សកល​គឺជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​បែបនេះ​។ 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​បន្ថែម ថា ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​លក្ខណៈ​ជា​សកល​បែបនេះ​ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា ប្រកប​ដោយ​ភាព​ហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​ការគោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព​របស់​រដ្ឋ​នីមួយៗ ទោះ​ជា​រដ្ឋ​នោះ ធំ ឬ​តូច មាន ឬ​ក្រ​ក៏ដោយ ដោយមាន​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ជា​ស្នូល​។ 

​ក្នុង​សម័យប្រជុំ​ពិសេស​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជា​សកល​ចំពោះ​ការឆ្លើយតប និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​។

លើសពីនេះ​ទៀត ប្រទេស​កម្ពុជា​ក៏​សូម​គូសបញ្ជាក់​អំពី​សារៈ និង​ភាពចាំបាច់​បំផុត​សម្រាប់​ការធានា​ថា វ៉ាក់សាំង​ដែល​ត្រូវបាន​រកឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់ និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស​ចំពោះ​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​។

 ​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់សម្គាល់​ដែរ ថា ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ​អាច​នឹង​បញ្ចប់​ទៅ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ គឺ​ប្រទេស​ទាំងអស់​នឹង​នៅតែ​ដោះស្រាយ​បន្តទៀត នូវ​បញ្ហា​ប្រឈម​ក្នុងដំណាក់កាល​នៃ​ការស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ​៕ ដោយ​៖​ឃួន សុភ័​ក្រ 

ព័ត៌មានផ្សេងទៀត