អ្នករៀបចំព្រឹត្ដិការណ៍កីឡាអូឡាំពិកក្រុងតូក្យូប្រទេសជប៉ុននៅឆ្នាំ២០២១ បានបញ្ជាក់ថាពួកគេបានទទួលពាក្យស្នើសុំដើម្បីដូរសំបុត្រចូលទស្សនាយកប្រាក់វិញប្រមាណ៨១ម៉ឺនសំបុត្រ។ ព្រឹត្ដិការណ៍កីឡាដែលគ្រោងធ្វើនៅរដូវក្ដៅត្រូវបានផ្អាកក្នុងឆ្នាំនេះ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្ដែសំបុទ្រចូលទស្សនាដែលលក់រួចហើយនៅតែមានសុពលភាពដដែល។
គណៈកម្មាធិការរៀបចំការប្រកួតបានទទួលសំណើសុំប្ដូរសំបុត្រយកលុយវិញក្នុងរយៈពេល២១ថ្ងៃមកហើយគិតត្រឹមថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០ ដោយនឹងបន្ដទទួលរហូតដល់ថ្ងៃទី២១ខែធ្នូនេះ។ គណៈកម្មាធិការបញ្ជាក់ថា ៨១ម៉ឺនសំបុត្រនេះស្មើនឹងប្រមាណ១៨ភាគរយ នៃចំនួនសំបុត្រសរុប៤,៤៥លានសំបុត្រដែលបានលក់ចេញ។ អ្នករៀបចំកម្មវិធីថាមិនអាក់អន់ចិត្ដនោះទេ ដ្បិតសំបុត្រជាង៨០ភាគរយស្ថិតក្នុងដៃអ្នកទស្សនានៅឡើយ សបញ្ជាក់ថាពួកគេពិតជាចង់ចូលរួមក្នុងព្រឹត្ដិការណ៍កីឡានេះ ហើយគណៈកម្មាធិការប្ដេជ្ញានឹងរៀបចំឲ្យមានសុវត្ថិភាពបំផុត៕
ដោយ៖ពេញ ផេង