អ៊ីរ៉ង់​អនុម័ត​ច្បាប់​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​និង​បញ្ឈប់​ការធ្វើអធិការ​កិច្ច​របស់​UN

03-12-2020 2:32 pm 598

​នៅក្រោម​ច្បាប់​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​Guardian​របស់​អ៊ីរ៉ង់ បាន​ទុកពេល​២​ខែ​ឲ្យ​ប្រទេ​សម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ រួមមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន​និង​រុស្ស៊ី ធ្វើ​អន្តរាគមន៍​បន្ធូរបន្ថយ​ទណ្ឌកម្ម លើ​វិស័យ​ប្រេង​និង​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់ ដែល​បានដាក់​នៅពេល​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៨​។ ប្រសិនបើ​ប្រទេស​ហត្ថលេខី អសមត្ថភាព​ឬ​មិនអាច​ធ្វើតាម​លក្ខខណ្ឌ​ដោយ​ឯកតោភាគី​នេះ ក្នុង​រយៈពេល​២​ខែ​ទេនោះ អ៊ីរ៉ង់​នឹង​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ឲ្យដល់​២០​ភាគរយ ហើយនឹង​តំឡើង​ម៉ាស៊ីន​ចម្រើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូមដ៏​ទំនើប នៅក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នៅ​Natanz​និង​Fordow​។ បន្ថែម​លើ​នេះ អ៊ីរ៉ង់​នឹង​បញ្ឈប់​អង្គការសហប្រជាជាតិ ( UN ) មិន​ឲ្យធ្វើ​អធិការកិច្ច​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ​។​

​ការ​គំរាម​បង្កើន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ឲ្យដល់​២០​ភាគរយ​នេះ គឺ​ផ្ទុយ​ពី​ការកំណត់​នៅក្នុង​កិច្ចព្រមព្រៀង ដែល​អនុញ្ញាតឲ្យ​អ៊ីរ៉ង់​មាន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ត្រឹមតែ​៣,៦៧​ភាគរយ​ប៉ុណ្ណោះ ដែល​ស្មើនឹង​៣០០​គីឡូក្រាម​។ បរិមាណ​ប៉ុណ្ណេះ គ្រប់គ្រាន់​ល្មម​នៅក្នុង​ការប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​ថាមពល​។ 

​ការព្រមាន​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​របស់​អ៊ីរ៉ង់​នាពេលនេះ ទំនងជា​ការឆ្លើយតប​ចំពោះ​ការសម្លាប់​លោក​Mohsen Fakhrizadeh មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ និង​ដែល​អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ដែលជា​បក្ខពួក​របស់​អា​មេរិក​ ថាជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ ភ្លាមៗ​ក្រោយ​មរណភាព​លោក​Fakhrizadeh លោក​Ayatollah Ali Khamenei មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ​អ៊ីរ៉ង់ ក៏​សន្យា​ធ្វើ​ការងារ​បន្ត​ពី​លោក​Fakhrizadeh បើទោះជា​អ​វត្ត​រូបលោក​នៅក្នុង​កិច្ចការ​នុយក្លេអ៊ែរ​ក៏ដោយ ខណៈ​លោក​Fereydoon Abbasi​អតីត​ប្រធាន​អង្គការ​ថាមពលបរមាណូ​របស់​អ៊ីរ៉ង់ ដែល​បាន​រួចផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​ក្នុង​ឆ្នាំ​២០១០​និយាយថា មរណភាព​របស់លោក​Fakhrizadeh នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​កាន់តែ​ពន្លឿន​ការងារ​នុយក្លេអ៊ែរ​។ 

​គួរ​ជម្រាបជូន​ថា ក្រោយ​ការសង្ស័យថា​អ៊ីរ៉ង់​សំងំ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ បាន​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១០​។ បន្ទាប់មក​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ត្រូវបាន​រៀបចំឡើង ដើម្បី​គៀង​អ៊ីរ៉ង់​ឲ្យ​ដើ​រចូលក្នុង​គន្លង​ដ៏​ត្រឹមត្រូវ ចៀសវាង​ការងា​ក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ បើ​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​លើស​កម្រិត​រហូតដល់​៩០​ភាគរយ​នោះ គឺអាច​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​។ 

​តែ​ដំណើការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មិន​ប្រព្រឹត្តទៅ​ដោយ​រលូន​ទេ ដោយ​អ៊ីរ៉ង់​តែងតែ​រង​នូវ​ការស្តីបន្ទោស​ថា មិនបាន​អនុវត្តឲ្យ​ខ្ជាប់ខ្ជួន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​។ អ៊ីរ៉ង់​វិញ​បាន​បដិសេធ​ជា​ញយ​ដង រហូត​ធុញទ្រាន់​នឹង​ការស្តីបន្ទោស ជាមួយនឹង​ការ​ទ្រាំទ្រ​សម្ពាធ​ទណ្ឌកម្ម​លែង​បាន​តទៅទៀត ក៏​ចាប់ផ្តើម​គំរាម​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម ដោះដូរ​ជាមួយ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ តែ​ការទាមទារ​របស់​អ៊ីរ៉ង់​មិនដែល​ទទួលបាន​ជោគជ័យ​ទេ ហើយ​អ៊ីរ៉ង​បាន​បង្កើន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ពី​៣,៦៧​ភាគរយ​ដល់​៤,៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។ លោក​ត្រាំ ដែល​ចោទ​អ៊ីរ៉ង់​ថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៨ និង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​មកទល់​បច្ចុប្បន្ន​។​

​យ៉ាងណាក៏ដោយ ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បាយ​ដិន ដែល​នឹងត្រូវ​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២១ និយាយថា​លោក​នឹង​នាំ​អាមេរិក​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ ហើយនឹង​ដក​ទណ្ឌកម្ម​ចេញ​ផងដែរ ប្រសិនបើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ វិល​ទៅរក​ការអនុវត្តន៍​យ៉ាង​តឹងរឹង តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត