អាមេរិក​ចោទ​ចិន​ថា​បាន​បំពាន​ទណ្ឌកម្ម​UN​ដាក់​លើ​កូរ៉េខាងជើង​

02-12-2020 4:08 pm 1961

​នៅ​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០ អាមេរិក​បាន​ចោទ​ចិន​ថា​បានធ្វើ​ខុស ដោយ​រំលោភ​លើ​កាតព្វកិច្ច​របស់ខ្លួន នៅក្នុង​ការអនុវត្ត​ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ (UN ) ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​។ ​លោក​Alex Wong​ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង បាន​ប្រាប់​មជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​ដោយ​ចោទប្រកាន់​ចិន​ថា បាន​ក្រឡាស់សំដី​មិន​អនុវត្តតាម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដែល​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង ក្នុង​គោលបំណង​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​។

លោក​Wong​បានលើកឡើង​ពី​សកម្មភាព ដែល​ចិន​បានធ្វើ​និង​ចាត់ទុកថា​ជា​ការបំពាន​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​មានដូចជា ការបន្ត​ទទួល​ពលករ​ជាតិ​កូរ៉េខាងជើង​យ៉ាងហោចណាស់​២​ម៉ឺន​នាក់ ជាដើម​។ លោក​បន្តថា​ប្រទេស​ចិន​កាន់តែ​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េខាងជើង ក្នុង​វិសាល​ភាពទូលំទូលាយ លើ​ទំនិញ​ដែល​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ រួមមាន​អាហារ​សមុទ្រ វាយនភ័ណ្ឌ ដែក​និង​ដែក​ថែប រថយន្ត ខ្សាច់​និង​ក្រួស​ជាដើម​។ 

​លោក​Wong​ក៏បាន​រំលឹក​រឿង​អតីត​ដែល​កើតឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយ​យោងតាម​ការសង្កេត​របស់​អាមេរិក បាន​រាប់​ឃើញ​មាន​កប៉ាល់​ជាច្រើន​គ្រឿង បាន​ដឹក​ធ្យូងថ្ម​និង​ទំនិញ​ជាប់​ទណ្ឌកម្ម​ជាច្រើន​មុខ ពី​ប្រទេស​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​ចិន​។ និយាយ​រួម​ទៅ​ចិន​មិនដែល​មាន​ឆន្ទៈ នៅក្នុង​ការបញ្ឈប់​ធ្វើ​រឿង​ខុសច្បាប់​ទាំង​នេះឡើយ ហើយក៏​គ្មាន​ប្រទេស​ណា​ហ៊ាន​បំពាន​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ច្រើន​រាប់មិនអស់​ដូច​ប្រទេស​ចិន​ដែរ​។ នេះ​ជា​ការយល់ឃើញ​របស់​ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​។ ទន្ទឹមនឹងការស្តីបន្ទោសចិន ក្រសួងការបរទេស​អា​មេរិក​បានបើក​គេហទំព័​រមួយ ដែល​ប្រជាជន​អាច​ផ្តល់ព័ត៌មាន អំពី ការ​គេចវេស​ពី​ការមិន​អនុវត្តតាម​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​។​

​គួរ​ជម្រាបជូន​ថា ក្រោយ​កូរ៉េខាងជើង​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ដំបូងបង្អស់​ក្នុង​ឆ្នាំ​២០០៦ ប្រទេស​និង​ស្ថាប័ន​អន្តរជាតិ ក៏បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​ឯកោ​មួយ​នេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង បោះបង់ចោល​កម្មវិធី​អាវុធ​ដ៏​មហា​ប្រល័យ​នេះ​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ចំនួន​៣​ដង​ដើម្បី​ចរចា ពី​ការ រំលាយ​កម្មវិធី​នុយក្លេអ៊ែរ តែ​បរាជ័យ ហើយ​កូរ៉េខាងជើង​ក៏​បន្ត​រក្សាទុក​កម្មវិធី​អាវុធ​របស់គេ​មកទល់​បច្ចុប្បន្ន​។ ដូច្នេះ ធ្វើឲ្យ​ទណ្ឌកម្ម​ទាំង​អម្បាលមាន នៅតែ​បន្ត​មាន​សុពលភាព​ដដែល​។ 

​ការរស់នៅ​ជាមួយ​ការចង​ផ្អោប​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​រយៈពេល​ជាង​១០​ឆ្នាំកន្លងមក បាន​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​កូរ៉េខាងជើង​យ៉ាងខ្លាំង​។ តែ​កូរ៉េខាងជើង​មាន​ចិន​នៅ​ពីក្រោយ ចាំ​ជួយ​ដោយ​លួចលាក់​។ បើតាម​អាមេរិក​ថា​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​ជាមួយ​កូរ៉េខាងជើង បាន​ជួយ​ប្រទេស​កូរ៉េខាងជើង​លាង​លុយកខ្វក់ ដែល​លួចបាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​កៀរគរ​ថវិកា​សម្រាប់​បម្រើ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​រ​។ ចិន​ដែល​និយាយថា​ខ្លួន​គោរព ចំពោះ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​បាន​រួមគ្នា​ជាមួយ​រុស្ស៊ី​មា្នក់ទៀត ទទូច​ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង ដែល​ការធ្វើ​បែបនេះ​អាចជួយ​បំបែក​ភាពជាប់គាំង នៃ​កិច្ចចរចា​នុយក្លេអ៊ែរ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​។ អន្តរជាតិ​រក្សា​ជំហ​រថា ទណ្ឌកម្ម​នឹងត្រូវ​ដកចេញ​លុះ​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ជាមុនសិន​៕ ​ដោយ៖អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត