លោកបណ្ឌិត យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយត្រង់មាត្រា៤៥ថ្មី ដោយលោកចង់ឲ្យលុបចោល ឬបន្ថយរយ:ពេលការហាមឃាត់ធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សដែលត្រូវបានតុលាការរំលាយ។
ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២ ខែធ្នូនេះថា នាពេលបច្ចុប្បន្ននេះគូប្រកួតប្រជែងនយោបាយខ្មែរទាំងអស់គួរតែរួមគ្នាលើកស្ទួយសាមគ្គីជាតិទប់ទល់នឹងវិបត្តិកូវីដ-១៩។ ក្នុងនោះលោកបណ្ឌិត យ៉ង សាំងកុមារ បានស្នើឲ្យរដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយត្រង់មាត្រា៤៥ថ្មី ដោយលុបឬបន្ថយរយ:ពេលការហាមឃាត់ធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សនយោបាយ ដែលបានរំលាយដោយតុលាកាកំពូលឲ្យថយពី៥ឆ្នាំ មកត្រឹមតែ៦ខែ ឬ១ឆ្នាំ ឬប្រហាក់ប្រហែលនេះ។
ត្រង់មាត្រា៤៥ថ្មី នៅក្នុងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានសរសេរ ថា តុលាការដែលមានសមត្ថកិច្ច ដើម្បីពិនិត្យលើបណ្ដឹងនានាដោយអនុវត្តតាមច្បាប់នេះ គឺតុលាការកំពូល។ ដោយឡែកចំពោះមាត្រា៤២ថ្មី នៃច្បាប់នេះ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។ តំណាងមហាអយ្យការអមតុលាការកំពូល ត្រូវចូលរួមសុំឲ្យមានការគោរពច្បាប់ នៅក្នុងពេលដែមានបណ្ដឹងដាក់ជូនតុលាការកំពូលពិនិត្យ។ ក្នុងករណីដែលគណបក្សនយោបាយត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ របស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល៥ឆ្នាំបាន។ តុលាការកំពូលត្រូវសម្រេចសេចក្ដីលើអង្គហេតុ និងអង្គច្បាប់ដោយសភាពេញអង្គ។ សាលដីការបស់តុលាការកំពូលជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។
លោកបណ្ឌិត យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរបញ្ជាក់ថា”ការផ្តល់សេរីភាពនយោបាយឡើងវិញតាមរបៀបនេះ និងការសន្ទនាមតិគ្នារវាងគូប្រកួតប្រជែងនយោបាយ នឹងចូលរួមចំណែកជួយដល់ការបង្រួមបង្រួមជាតិ ហើយក៏អាចធ្វើឲ្យកម្ពុជាអាចទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធ១០០ភាគរយឡើងវិញផងដែរ”។
សូមជម្រាប ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ដោយក្នុងម្នាក់ៗចំនួន៥ឆ្នាំ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
គិតមកដល់ពេលនេះមានអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទីផ្តល់នីតិសម្បទានយោបាយឡើងវិញ ក្រោយពីបានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរឲ្យដឹងនៅក្នុងគ្រុបតេលេក្រាម នាថ្ងៃទី២ ខែធ្នូនេះថា ការដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជារឿងរបស់សាម៉ីជនម្នាក់ៗគ្មាននរណាបង្ខិតបង្ខំនិងអូសទាញនោះទេ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានសរសេរបញ្ជាក់ថា”ចាប់ពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ លែងមានអតីតបក្សប្រឆាំង ហើយអ្នកក្នុងចំណោម១១៨ដែលនៅសេសសល់ ត្រូវគោរពច្បាប់និងអនុវត្តច្បាប់ បើចង់បាននីតិសម្បទាធ្វើនយោបាយឡើងវិញ"៕ ដោយ៖ឃួន សុភ័ក្រ