អ្នក​នយោបាយខ្មែរគប្បីកុំឲ្យរឿង​ចាស់​កើត​លើក​ទឹក​ដី​ថ្មី​​

02-12-2020 11:09 am 410

"​កុំ​ព្រោះតែ​អំណាច ធ្វើឲ្យ​ប្រទេស មហន្តរាយ​"២​ធ្នូ​១៩៧៨ - ២​ធ្នូ ២០២០ ជា​ខួប​ទី​៤២​ឆ្នាំ នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​។ រណសិរ្ស​រំដោះជាតិ ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម​បាន​ទទួល​ជ័យជម្នះ នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩​។ ៤២​ឆ្នាំ បាន​កន្លងផុតទៅ ២​ធ្នូ គឺជា​សារ​មួយ រម្លឹក​អំពី ចលនា រំដោះ​ជាតិ​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​កាច់ចង្កូត​ប្រទេស​ទៅរក​ក្តី​វិនាសអន្តរា​យ​។   

​យ៉ាងណា​ក៏​ដោយ​អ្នកនយោបាយ​ដែល​មាន​និន្នាការ​ខុសគ្នា បាន​ផ្តល់​តម្លៃ​ទៅលើ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​គ្នា​ដែរ​។ សម្រាប់​គណបក្ស​ប្រជាជន បើ​គ្មាន​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ ក៏​មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩  ហើយ​ក៏​គ្មាន​ជំនួប​រវាង​សម្តេច​សីហនុ​- លោក​ហ៊ុន សែន ឆ្នាំ​១៩៨៧ ហើយ​ក៏​គ្មាន​២៣​តុលា ឆ្នាំ​១៩៩១​ដែរ​។  ​ការ​ឲ្យ​តម្លៃ​នេះ ផ្ទុយ​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​ទទួលស្គាល់ តែ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ថា​ជា​ថ្ងៃ​នាំ​សន្តិភាព​ដល់​កម្ពុជា​។ 

​បើ​យើង​រំលឹក​ទៅ​អតីតកាល ថ្ងៃនេះ កាលពី​ឆ្នាំ​១៩៧៨ ចលនា​តស៊ូ​ឈ្មោះ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» បាន​កើតឡើង​នៅ​ឯ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ គោលដៅ​នៃ​រណសិរ្ស​នេះ គឺ​ផ្តួលរំលំ​របប​ខ្មែរក្រហម ដែល​បាន​ប្រែ​ទឹកដី​សុវណ្ណ​ភូមិ ដ៏​រុងរឿង​មួយ ទៅ​ជា​វាល​ពិឃាត ពោរពេញ ដោយ​ការកាប់​សម្លាប់ និង​ឈាម​ពាសពេញ​ដី ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​

​នៅ​ពេល​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណុចសូន្យ ដែល​ជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​។ ការកកើតឡើង នៃ​រណសិរ្ស ២​ធ្នូ ពិតណាស់​គឺ​ដើម្បី​រើបម្រះ​នឹង​ការជិះជាន់ តាមរយៈ​ការ​ងើប​តស៊ូ ដើម្បី​ផ្តួលរំលំ​។ មិន​អត់​ឡើយ​ចលនា​តស៊ូ ក្រោយ​ថ្ងៃ​២​ធ្នូ ក៏ប៉ុន្តែ​ចលនា​២​ធ្នូ គឺជា​ចំណុច​ផ្តើម​មួយ​។ 

​ទីបំផុត​វប្បធម៌ ប្រជាធិបតេយ្យ ចាប់ផ្តើម​ដុះ​ពន្លក លើ​ទឹកដី ដែល​ធ្លាប់តែ ប្រយុទ្ធ​គ្នា​ដោយ​អាវុធ ប្តូរ​ទៅ​ជា​ទីលាន​ប្រកួតប្រជែង​ដោយ​ការបោះឆ្នោត តាម​បែប​ប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៣​។​

​មកដល់​ថ្ងៃនេះ ទស្សនៈ​២ បាន​លេចឡើង​លើ​ថ្ងៃ​២​ធ្នូ​។ ក៏ប៉ុន្តែ​តើ​យើង​គួរតែ​ជជែក​រក​ឈ្នះ​ចាញ់​នឹង​ប្រវត្តិសាស្ត្រ​ដែល​កន្លង​ទៅ រឺ​គួរតែ​ថែរក្សា​អ្វី​ដែល​កំពុង​កើតមាន​?

​ចង់​មិន​ចង់ ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ បាន​បញ្ឈប់​ការ​បង្ហូរឈាម​។ សួរ​ថា​អ្វី​ទៅ​ជា​ភាពប្រសើរ​? យ៉ាងហោចណាស់ រយៈពេល​៤២​ឆ្នាំ មកនេះ ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធ​សេរីភាព គ្មាន​ឡើយ ការ​និរាស ព្រាត់ប្រាស់ គ្មាន​ការគៀងគរ ប្រជាជន​ទៅ​សម្លាប់​ដូច​សត្វ​ធាតុ​ដោយសារ​វត្ត​មាន​សង្គ្រាម​ស៊ីវិល​ក៏​លែង​មាន​ទៀត​ដែរ​។ 

​បដិសេធ​មិន​បាន​ថា កម្ពុជា​នៅ​មាន​ផ្លូវ​វែងឆ្ងាយ​តទៅទៀត ដើម្បី​លុបបំបាត់ ភាព​អសកម្ម លើ​ប្រព័ន្ធ​យុត្តិធម៌ អំពើពុករលួយ បញ្ហាដីធ្លី -​ល​-​។  ​ក៏ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​រូប​ណា ចង់ឲ្យ​ប្រទេស​ខ្លួន​ត្រឡប់​ទៅ​រក​ភាពវឹកវរ​ពោរពេញ​ដោយ​ស្នាម​ឈាម​យ៉ាង​ជូរចត់​ដូច​គ្រា​មុន​? ដើម្បី​គោលដៅ​នេះ មាន​ច្រើន​កត្តា​ក្នុងការ​ធ្វើឲ្យ​ប្រទេស​មួយ មាន​សន្តិភាព​។ សន្តិភាព​ដែល​មួយផ្នែកធំ គឺ​ពឹង​លើ​អ្នក​នយោបាយ​។ 

​មិនបាច់​មើល​ទៅ​ណា​ឆ្ងាយ វិនាសកម្ម​នៅ​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ក្នុង​ពិភព​អារ៉ាប់ បាន​កើតឡើង ក្រោយ​ការប្រឆាំង បំផុសបំផុល អំពី​ការផ្លាស់ប្តូរ អ្នកដឹកនាំ​ប្រទេស តាមរយៈ​ចលនា​បះបោរ​ទម្លាក់​មេដឹកនាំ​ជាដើម​។ ភាពល្ងង់ខ្លៅ​របស់​អ្នកនយោបាយ​នយោបាយ ដែល​មិន​ចេញពី​ឆន្ទៈ​នឹង​នាំ​ប្រទេស​ឲ្យ​លិចលង់​។​

​រូបភាព​ទាំងនេះ ចង់​មិន​ចង់ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្លាច​រអា​នូវ​ការលេចឡើង​ចលនា​ណាមួយ ដែល​នឹង​ប្រែ​ប្រទេស​នេះ ក្លាយ​ជា​ផេះផង់​សារជាថ្មី​។ ចុងក្រោយ​អ្នករងគ្រោះ​គឺ​ជា​ប្រជាជន ។ 
​ដូច្នេះ​ហើយ​តាមរយៈ បទពិសោធ​ពី​អតីតកាល គួបផ្សំ​មេរៀន ពី​ប្រទេស​មួយចំនួន អ្នកនយោបាយ​ខ្មែរ​គប្បី​កុំឲ្យ​រឿងចាស់​កើតលើ​ទឹកដី​ថ្មី​។ 

​អ្នកនយោបាយ គួរ​ជៀសវាង​យុទ្ធសាស្ត្រ​នយោបាយ​ណាមួយ នាំទៅរក​ការបែកបាក់ រវាង​ខ្មែរ និង​ខ្មែរ ក្រោមរូបភាព​លាប​ពណ៌ ញុះញង់ ក្តិច​ត្រួយ រឺ​ជាន់ពន្លិច​។ ទង្វើ​ដ៏​ប្រសើរ និង​ជា​ការចង់បាន របស់​ប្រជាជន គឺ​អ្នកនយោបាយ​ដែល​យក​សន្តិភាព​ជាធំ គិតគូរ​ផលប្រយោជន៍ ប្រទេសជាតិ និង​ប្រជាជន​ជាធំ មិនមែន​អំណាច រឺ​ការចង់​ឈ្នះ ដោយ​មិន​គិត​ពី​លទ្ធផល ដោយ​មិន​គិត​ពី​ទុក្ខសោក របស់​ប្រជាជន​ឡើយ​៕ ដោយ​៖​យ៉ាន់ លី​ណា​

ព័ត៌មានផ្សេងទៀត