ឆ្លើយតប​​ការសម្លាប់​​អ្នកជំនាញ​​នុយក្លេអ៊ែរ អ៊ីរ៉ង់​គួរ​សងសឹក​ភ្លាម​​ឬ​អត់ធ្មត់​?

02-12-2020 10:30 am 4823

​ប្រតិកម្ម​បាន​ចេញមក​ជា​បន្ដបន្ទាប់​ក្រោយពេល​អ្នកជំនាញ​ផ្នែក​នុយក្លេអ៊ែរ ឬ​ហៅថា​ជា​អ្នកវិទ្យាសាស្ដ្រ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​។ ការសង្ស័យ​បាន​ធ្លាក់​ទៅលើ​ប្រទេស​អ៊ីស្រាអែល ដែល​គេ​គិតថា​ជា​ដៃជើង​របស់​សហរដ្ឋអាមេរិក ក្នុង​ការសម្លាប់​មន្ដ្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់នេះ​។ មន្ដ្រី​គ្រាក់ៗ​របស់​អ៊ីរ៉ង់​បាន​ទទូច​ឲ្យមាន​ការសងសឹក​ជាបន្ទាន់ ចំពោះ​ទង្វើ​ដ៏​សាហាវឃោឃៅ​មិនអាច​អត់ឱន​បាន​។ ប៉ុន្ដែ​សម្រាប់​អ្នកជំនាញ​មួយចំនួន​និង​បណ្ដា​ប្រទេស​មួយចំនួន បាន​ទទូច​ឲ្យ​អ៊ីរ៉ង់​មាន​ការអត់ធ្មត់​សិន​។ តើ​អ៊ីរ៉ង់​គួរ​ដើរ​ផ្លូវ​ណា គួរ​សងសឹក​ភ្លាមៗ​ឬ​រង់ចាំ​ប្រធានាធិបតី​ថ្មី​អាមេរិក​ឡើងកាន់តំណែង​សិន ខណៈ​អ៊ីរ៉ង់​ក៏​ចង់បាន​ការចរចា​រឿង​ទណ្ឌកម្ម​ជាមួយ​អាមេរិក​ដែរនោះ​?

​រម្លឹក​កាលពីដើមឆ្នាំ​២០២០ យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក បាន​បាញ់​មី​ស៊ី​ល​ទៅលើ​ក្បួន​រថយន្ដ​របស់​ឧត្ដមសេនីយ៍​អ៊ីរ៉ង់​លោក​Qassem Suleimani បណ្ដាលឲ្យ​លោក​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០​។ មរណភាព​របស់​វីរបុរស​អ៊ីរ៉ង់​រូបនេះ បានធ្វើឲ្យ​មេដឹកនាំ​អ៊ីរ៉ង់​ស្បថ​នឹង​សងសឹក​ដាច់ខាត​។ 

​ដូច​ការស្បថ​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ស្ថិតក្នុង​ប្រទេស​អ៊ីរ៉ាក់ បណ្ដាលឲ្យ​បុគ្គលិក​អាមេរិក​ជាច្រើន​នាក់ក្នុ​ង​មូលដ្ឋាន​រងរបួស​។ អ៊ីរ៉ង់​ក៏​បានកេន​កម្លាំង​ទ័ព​រួមទាំងក​ង​ជីវពល​ដែល​ខ្លួន​គាំទ្រ​នៅ​អ៊ីរ៉ាក់ បាញ់​រ៉ុក​ក្កែ​ត​ទៅលើ​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់ និង​ទៅលើ​មូលដ្ឋាន​យោធា​ក្នុងប្រទេស​នេះ​ដែលមាន​វត្ដ​មាន​កងទ័ព​អាមេរិក​។ វា​ជាការ​សងសឹក​នឹង​ទង្វើ​របស់​អាមេរិក ដែល​អ៊ីរ៉ង់​ចាត់ទុកជា​រឿង​មិនអាច​លើកលែង​បាន​។ 

​បច្ចុប្បន្ន អ៊ីរ៉ង់​បាន​រងគ្រោះ​បន្ថែម​ដោយសារតែ​អ្នកវិទ្យាសាស្ដ្រ​ជាន់ខ្ពស់​ផ្នែក​នុយក្លេអ៊ែរ​ម្នាក់ មាន​ឈ្មោះថា​Mohsen Fakhrizadeh-Mahabadi ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​។ លោក​Fakhrizadeh​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ការវាយប្រហារ​មួយ​នៅ​ទីប្រជុំជន​Absard នៃ​តំបន់​Damavand​។ ដំណឹង​នៃ​ការធ្វើឃាត​អ្នកស្រាវជ្រាវ​នុយក្លេអ៊ែរ​ដ៏​ល្បី​ម្នាក់នេះ កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ថ្មីៗ​អំពី​ការកើនឡើង​នូវ​បរិមាណ​អ៊ុយ​រ៉ា​ញ៉ូម ដោយ​ថា​អ៊ីរ៉ង់​កំពុង​សំងំ​បង្កើន​នូវ​សារធាតុ​ដ៏​គ្រោះថ្នាក់​នេះ​។ សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម ជា​សារធាតុ​សំខាន់​ក្នុង​ការផលិត​ថាមពលនុយក្លេអ៊ែរ​និង​អាវុធ​នុយក្លេអ៊ែរ​។​

​បើតាម​អ្នកការទូត​នៅ​លោកខាងលិច​ម្នាក់​ធ្លាប់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ឆ្នាំ​២០១៤​ថា ប្រសិនបើ​អ៊ីរ៉ង់​ចង់​អភិវឌ្ឍ​ឬ​បង្កើត​នុយក្លេអ៊ែរ គឺ​លោក​Fakhrizadeh​ច្បាស់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលជា​អ្នក​ផ្ដួចផ្ដើម​ក្នុង​ការផលិត​គ្រាប់បែកនុយក្លេអ៊ែរ​នេះ​មិន​ខាន​។ តែ​យ៉ាងណា អ៊ីរ៉ង់​បាន​ទទូចថា​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​តែ​រក្សា​សន្តិភាព​និង​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ​នេះដែរ​បើតាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែលមាន​ប្រទេស​មហាអំណាច​ចំនួន​៦​ចូលរួម បានកំណត់​លើ​ចំនួន​សម្រាប់​ការផលិត​នូវ​អាវុធ​គ្រោះថ្នាក់​ឬ​ហៅថា​អាវុធ​ប្រល័យ​លោក​នេះ​។ តែ​ក្នុងនោះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ ២០១៨​។ ជាមួយគ្នា ដ្បិត​អ៊ីរ៉ង់​នៅតែ​បន្ត​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ក៏ដោយ តែ​អ៊ីរ៉ង់​ត្រូវ​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​ដោយ​ចេតនា​រំលោភ​លើ​កិច្ចព្រមព្រៀង ចំពោះ​ការ​សំងំ​ផលិត​នូវ​អាវុធ​ដ៏​គ្រោះថ្នាក់​។​

​មរណភាព​អ្នកស្រាវជ្រាវ​ល្បីឈ្មោះ​ផ្នែក​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅពេលនេះ មិនមែនជា​លើកទីមួយ​ឡើយ ពោល​នៅ​អំឡុង​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១២ ក៏​ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចំនួន​៤​រូប​ត្រូវបាន​ធ្វើឃាត ហើយ​កាលនោះ​អ៊ីរ៉ង់​បាន​ចោទប្រកាន់ថា​អ៊ីស្រាអែល​ជា​អ្នក​ដែល​បានសម្លាប់​មនុស្ស​សំខាន់​របស់ខ្លួន​។ សម្រាប់​ឃាតកម្ម​លើ​លោក​Fakhrizadeh ក៏មាន​ការសង្ស័យ​និង​ដាក់បន្ទុក​លើ​អ៊ីស្រាអែល​ផងដែរ​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក​Mohammad Javad Zarif បាន​ថ្កោលទោស​ចំពោះ​ឃាតកម្ម​នេះ និង​ថា​វា​ជា​ទង្វើរ​របស់​ក្រុម​ភេរ​វករ​ឧទ្ទាម​ក្រៅ​រដ្ឋ​។ 

​ភ្លាមៗ​ក្រោយ​មរណភាព​របស់​លោក​Mohsen Fakhrizadeh មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក​Ayatollah Ali Khamenei និង​ជា​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ​អ៊ីរ៉ង់ បាន​ប្តេជ្ញា​នឹង​សងសឹក​ឲ្យ​លោក​Fakhrizadeh​។ លោក​Khamenei​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ​ថា អ៊ីរ៉ង់​ត្រូវតែ​បំពេញភារកិច្ច​ដើម្បី​តាម​ប្រមាញ់​ឧក្រិដ្ឋជន​និង​ផ្តន្ទាទោស​ជនល្មើស​និង​អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់លោក​Fakhrizadeh​។ ចំណែក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​Hassan Rouhani​វិញ និយាយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​ចំពោះ​ករណី​ឃាតកម្ម​នេះ នៅ​ពេលវេលា​សមស្រប​ណាមួយ​។ បន្ថែម​លើ​នេះ មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យទ័រដែ​រថា ច្បាស់​ណាស់​អ៊ីរ៉ង់​នឹង​សងសឹក​ហើយ​វា​អាច​កើតមានឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ការ​សងសឹក​មាន​ទំហំ​ប៉ុណ្ណា​នោះ ក៏​ទំនងជា​អាស្រ័យ​លើ​វិសាលភាព​នៃ​ប្រយោជន៍​ជាតិ​របស់​អ៊ីរ៉ង់​ដែល​បាន​បាត់បង់ ដោយសារតែ​ការស្លាប់​របស់លោក​Fakhrizadeh​។ មន្ត្រី​អ៊ីរ៉ង់​បានចង្អុលបង្ហាញ​ពី​ការវាយប្រហារ​មី​ស៊ី​ល​សងសឹក​អាមេរិក​កាលពី​ខែមករា​លើ​មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ាក់ ជា​កន្លែង​កងកម្លាំង​អាមេរិក​បាន​ឈរជើង ក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​នៅ​ទីក្រុង​បា​កដាដ បានសម្លាប់​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​លោក​ឧត្ដមសេនីយ៍​Qassem Soleimani​។ ការណ៍​នេះ​អ៊ីរ៉ង់​ចង់​បញ្ជាក់ថា បើ​អ៊ីរ៉ង់​ចេញ​ការព្រមាន​ហើយ​គឺ​អ៊ីរ៉ង់​ពិតជា​ហ៊ាន​ធ្វើ​។ 

​ក្រៅពី​ប្តេជ្ញា​សងសឹក លោក​Ayatollah Ali Khamenei​ក៏​សន្យា​ធ្វើ​ការងារ​បន្ត​ពី​លោក​Fakhrizadeh បើទោះជា​អវត្តមាន​រូបលោក​នៅក្នុង​កិច្ចការ​នុយក្លេអ៊ែរ​ក៏ដោយ​។ លោក​Fereydoon Abbasi​អតីត​ប្រធាន​អង្គការ​ថាមពលបរមាណូ​របស់​អ៊ីរ៉ង់ ដែល​បាន​រួចផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​ក្នុង​ឆ្នាំ​២០១០​និយាយថា មរណភាព​របស់លោក​Fakhrizadeh​នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​កាន់តែ​ពន្លឿន​ការងារ​នុយក្លេអ៊ែរ​។​

​អ៊ីស្រាអែល​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​រឿងនេះ ដូច្នេះ​អ៊ីស្រាអែល​ជា​គោលដៅ​ធំ​នៅក្នុង​ការ​សងសឹក​របស់​អ៊ីរ៉ង់ បើទោះបីជា​មនុស្ស​ជំនិត​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ប្រកែក​មិនដឹង​ពី​ករណី​ឃាតកម្ម​នេះ​ក៏ដោយ​។ តាមពិតទៅ​លោក​Fakhrizadeh​បាន​រក្សា​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​សម្ងាត់​បំផុត​នៅក្នុង​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ចំណាំ​ឈ្មោះ​លោក​Fakhrizadeh​ទុក​ថា ជា​ស្ថាបនិក​នុយក្លេអ៊ែរ​ដ៏​ចំណាន​មួយរូប​របស់​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៨​។ 

​ក្រៅពី​អ៊ីស្រាអែល ករណី​ឃាតកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាមេរិក​ដែរ​។ អ៊ីរ៉ង់​ចាត់ទុក​អ៊ីស្រាអែល​ជា​បក្ខពួក​របស់​អាមេរិក ជួយ​អាមេរិក​តាម​ព្យាបាទ​អ៊ីរ៉ង់​។ ជម្លោះ​ទាស់ទែង​គ្នា​ខ្លាំង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​កើនឡើង ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​បើទោះបីជា​អ៊ីរ៉ង់​អះអាង​ម្តង​ហើយ​ម្តងទៀត​មិនដែល​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​ឲ្យលើស​ពី​កម្រិត​ការពារជាតិ​។ យ៉ាងណា​មកទល់ពេលនេះ​ទាំង​អ៊ីស្រាអែល​និង​អាមេរិក មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ​ទៅនឹង​ការ​ចោទ​របស់​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក​Fakhrizadeh​នៅឡើយ​ទេ​។​

​ទោះ​អ៊ីរ៉ង់​ទន្ទេញ​យ៉ាង​ចាំមាត់​ថា​នឹង​សងសឹក​ហើយ​គិតថា​ជា​រឿង​ត្រឹមត្រូវ ប៉ុន្ដែ​បើតាម​ការ​អ្នកវិភាគ​មួយចំនួន​យល់ឃើញថា ការ​សងសឹក​នឹង​អាចមាន​ស្ថាន​ភាពមិនច្បាស់លាស់​មួយ ខណៈ​អ៊ីរ៉ង់​កំពុង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​លោក​Joe Biden​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ស្បថ​ចូល​កាន់តំណែង​ជំនួស​លោក​Donald Trump​។ លោក​Biden​ក៏​ជា​មនុស្ស​ម្នាក់​អាច​នាំ​អាមេរិក​វិល​ចូល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​វិញ និង​អាចជួយ​សម្រួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​រដ្ឋបាល​របស់លោក​Trump​ដាក់​លើ​អ៊ីរ៉ង់​។​

​អ្នកស្រី​Ellie Geranmayeh អ្នកជំនាញ​អ៊ីរ៉ង់​និង​ជា​អនុប្រធាន​កម្មវិធី​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​ទំនាក់ទំនង​អន្ដរជាតិ បាន​និយាយថា វា​ជា​ប្រតិកម្ម​ដ៏​សាហាវ​មួយ​ពី​សំណាក់​អ៊ីរ៉ង់​ចំពោះ​ការចង់​សងសឹក​ភ្លាមៗ​តាម​ចិត្ដខឹង ដែល​នឹង​ធ្វើឲ្យ​លោកចូ បាយដិន​តឹងចិត្ដ​ខ្លាំង​នៅពេលចូល​កាន់តំណែង​។ ម្យ៉ាងវិញទៀត​ថា​មិនត្រូវ​អាច​នឹង​ផ្ទុះ​ការប្រឈមមុខ​ដោយ​យោធា​ដាក់គ្នា នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​កាន់តំណែង​របស់លោក​Trump​ផង​ក៏​មិនដឹង​។ អ្នកស្រី​បន្ថែមថា ពលរដ្ឋ​អ៊ីរ៉ង់​បានដឹងថា​មាន​ការកំណត់​មួយ​រួចទៅហើយ​សម្រាប់​ពួកគេ នោះ​គឺ​អ្នកស្រី​ចង់​សំដៅ​ទៅលើ​ផែនការ​សកម្មភាព​រួម​ដែលជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ នេះ​គឺ​ពិតជា​ឯកសារ​ជាក់លាក់​មួយ​ដែល​គាំទ្រ​ថា​ការដាក់​សម្ពាធ​ជា​អតិបរិមា​លើ​អ៊ីរ៉ង់ ត្រូវតែ​ធ្វើយ៉ាងណា​ផ្លាស់ប្ដូរ​ឲ្យបាន​។ បើ​អ៊ីរ៉ង់​ចង់ឲ្យ​អាមេរិកដក​ទណ្ឌកម្ម​ចេញ តែ​បែរ​ចង់​សងសឹក​ជុំវិញ​ការសម្លាប់​មន្ដ្រី​របស់ខ្លួន ចង់​ឬ​មិន​ចង់​នឹង​ផ្ដល់​ផលវិបាក​សម្រាប់​លោក​Biden​ក្នុង​ការដោះស្រាយ ហើយ​អ៊ីរ៉ង់​ក៏​ពិបាក​នឹង​ទាក់ទង​តាម​ផ្នែក​ការទូត​ជាមួយ​អាមេរិក​។ 

​ការដែល​សហរដ្ឋអាមេរិក​អាច​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ ហើយ​ការដែល​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​គឺជា​រឿង​អាទិភាព​មួយ​សម្រាប់​អ៊ីរ៉ង់​។ ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ​ទណ្ឌកម្ម​បាន​កាត់ផ្ដាច់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ពី​ទីផ្សារ​ពិភពលោក ហើយ​បានធ្វើឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ប្រមាណ​៨២​លាន​នាក់​ប្រឈម​នឹង​ភាពក្រីក្រ​។​

​ឧតម្ដនាវី​ចូលនិវត្ដ​ន៍​ម្នាក់​របស់​អាមេរិកលោ​ក​William McRaven ក្នុងពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ABC លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ព្យាយាម​បន្ធូរបន្ថយ​កម្ដៅ​។ លោក​ថា​ពលរដ្ឋ​អ៊ីរ៉ង់​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​អាមេរិក ហើយ​ពលរដ្ឋ​អាមេរិក​ក៏​មិន​ចង់​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​។ ដ្បិត​ពលរដ្ឋ​អ៊ីរ៉ង់​ថា​នឹង​ស្ថិតក្នុង​គោលជំហរ​សងសឹក ប៉ុន្ដែ​លោក​McRaven​ថា​មិនឃើញ​មាន​អ្វី​កើតឡើង​នោះទេ​។ រយៈកាល​កន្លងមក​មេ​ដឹកនាំ​អ៊ីរ៉ង់​បាន​ជ្រើស​យក​វិធីសាស្ដ្រ​អត់ធ្មត់​ខ្ពស់ ទោះ​លោក​ធ្លាប់​និយាយថា​នឹង​សងសឹក​ក្នុង​ពេលវេលា​សមស្រប​មួយ​។ 

​អ្នកស្រី​Dina Esfandiary​សមាជិក​ម្នាក់​នៅ​Century Foundation ជា​ក្រុម​អ្នកជំនាញ​ឯករាជ្យ​មួយ​បាន​និយាយថា នៅតែមាន​សំឡេងគាំទ្រ​ឲ្យមាន​ការ​ឆ្លើយតប​។ រដ្ឋាភិបាល​របស់លោក​Rouhani​យល់ថា​មានតម្លៃ​បើសិន​មិន​បង្កហេតុ មិន​បង្ហាញមុខ​ខ្លាំងពេក តែ​មើលទៅ​សម​ហេតុផល​។ ប៉ុន្ដែ​ក៏មាន​សម្ពាធ​ពី​ក្រុម​អ្នកនយោបាយ​មួយចំនួន​ដែល​មិន​សប្បាយចិត្ដ ដោយ​ពួកគេ​និយាយថា ហេតុអ្វី​បានជា​អ៊ីរ៉ង់​ត្រូវ​ប្រកាន់​គោលជំហរ​នេះ​? ហេតុអ្វី​អ៊ីរ៉ង់​បែរជា​អ្នក​ត្រូវគោរព​តាម​បទដ្ឋាន​អន្ដរជាតិ ខណៈដែល​គ្មាន​នរណាម្នាក់​គោរព​ផង​នោះ​?

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា សល់​ប៉ុន្មាន​សប្ដាហ៍​មុនពេល​រដ្ឋាភិបាល​ថ្មី​អាមេរិក​ចូល​ដឹកនាំ​ប្រទេស វា​ពិតជា​សំខាន់​ក្នុង​ការការពារ​វិសាល​ភាព​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​អ៊ីរ៉ង់​។ ដូច្នេះ​ជម្លោះ​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​នេះ​។ អាល្លឺម៉ង់​ក៏​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ចៀសវាង​ជំហាន​ណាមួយ​ដែល​អាច​នាំឲ្យមាន​ការកើនឡើង​នូវ​សភាពការណ៍​ប្រឈមមុ​ខ​ដាក់គ្នា​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres ក៏​ទទូច​ឲ្យមាន​ការអត់ធ្មត់​កុំ​បង្កភាព​តានតឹង​។​

​ការវាយប្រហារ​សម្លាប់​អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ គឺ​ពិតជា​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បង្កើតឡើង​រំលោភ​លើ​ច្បាប់​អន្ដរជាតិ​។ នេះ​បើតាម​លោក​John Brennan​ដែល​បាន​ដឹកនាំ​ទីភ្នាក់ងារ​CIA​អាមេរិក​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៧​។ លោក​បន្ទោស​យ៉ាងខ្លាំង​ទៅលើ​អំពើ​ឃាតកម្ម​នេះ ប៉ុន្ដែ​លោក​ស្នើឲ្យ​មេដឹកនាំ​អ៊ីរ៉ង់​គួរតែ​ឈ្លាសវៃ រង់ចាំ​ការវិលត្រឡប់​នូវ​ការដឹកនាំ​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​អាមេរិក​នៅលើ​ឆាក​អន្ដរជាតិ​ជាថ្មី ហើយ​ទប់ស្កាត់​ការទទូច​ឲ្យ​ឆ្លើយត​បប្រឆាំងនឹង​ក្រុម​ឧក្រិដ្ឋជន​ដែល​សម្លាប់​មន្ដ្រី​របស់​អ៊ីរ៉ង់​។ មិន​ដូច្នេះ​ទេ​ទោះ​មិន​បង្ក​ស្ថានការណ៍​លំបាក​ខ្លាំង​ក៏ដោយ ប៉ុន្ដែ​នឹង​បង្ក​ភាពស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​របស់លោក​Biden​។ 

​ស​រុម​មក មានរឿង​ជាច្រើន​ដែល​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អ៊ីរ៉ង់​Rouhani​អាច​ធ្វើបាន ប៉ុន្ដែ​វា​ក៏​អាស្រ័យ​ថា​រដ្ឋបាល​របស់លោក​Biden​អាច​ធ្វើបាន​លឿន​កម្រិតណា ដើរតួ​សំខាន់​ប៉ុនណា​ឆ្ពោះទៅរក​កិច្ចការ​ការទូត​ជាមួយ​អ៊ីរ៉ង់​។ អាច​និយាយបានថា​គ្រប់យ៉ាង​គឺ​នៅ​នឹង​លោក​Biden​ហើយ ដូច្នេះ​គួរ​ធ្វើយ៉ាងណា​ឲ្យមាន​ការផ្លាស់​ប្ដូរ​ក្នុង​ស្ថានការណ៍​ចំពោះមុខ​នេះ​។ រដ្ឋាភិបាល​អ៊ីរ៉ង់​របស់លោក​ប្រធានាធិបតី​Hassan Rouhani ក៏​ត្រូវតែ​ថ្លឹងថ្លែង​ចំពោះ​ការទាមទារ​ឲ្យ​សងសឹក ថា​វា​ជាំ​បាច់​ឬក៏​ត្រូវ​ឃ្លាំមើល​ស្ថានការណ៍​សិន​រហូតដល់​លោក​Biden​ចូល​កាន់តំណែង​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​៕

​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត