អ្នកវិភាគ​អាមេរិក​៖​ចិន​កំពុង​សំងំ​ផ្ដល់​វ៉ាក់សាំង​កូវី​ដ​-១៩​ដល់​លោក​គីម ជុង​អ៊ុន​

01-12-2020 11:41 am 666

​អ្នកវិភាគ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ជ​ប៉ុន​មួយ ដែល​មិន​បញ្ជាក់​អត្តសញ្ញាណ​អះអាងថា ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ ដល់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ក្រុមគ្រួសារ​របស់​លោក​។​

​លោក​Harry Kazianis អ្នកវិភាគ និង​តាមដាន​ស្ថានការណ៍​សង្គម​មួយ​រូប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​សរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​ថា លោក​គីម និង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​មួយចំនួន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវី​ដ​-១៩ ដែល​ជា​ជំនួយ​ពី​ចិន​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​។ អ្នកវិភាគ​អាមេរិក​ដដែល​រូប​នេះ​បន្ថែម​ថា លោក​មិន​ដឹង​ច្បាស់​ទេ​ថា តើ​ក្រុមហ៊ុន​ណា​ដែល​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​សកល​នេះ​ទៅឲ្យ​ក្រុម​លោក​គីម ហើយ​លោក​ថា លោក​មិនដឹងថា​តើ​វា​មាន​សុវត្ថិភាព​ឬ​អត់​ក៏​អត់​នោះ​ដែរ​។​

​ដោយឡែក បើ​ដកស្រង់​សម្តី​អ្នកជំនាញ​វេជ្ជសាស្ត្រ​សហរដ្ឋ​អាមេរិក​លោក​Peter J.Hotez បាន​និយាយថា យ៉ាងហោច​ណាស់​មាន​ក្រុមហ៊ុន​ចិន​ចំនួន​៣ កំពុង​សំងំ​បង្កើត​វ៉ាក់សាំង​ការពារ​វីរុស​កូវី​ដ​-១៩ រួមមាន​ទី​១.​ក្រុមហ៊ុន​Sinovac Biotech Ltd ទី​២.​ក្រុមហ៊ុន​CanSinoBio និង​ទី​៣.​ក្រុមហ៊ុន​Sinophram Group​។ 

​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ទាំង​៣​ខាងលើនេះ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះថា Sinophram Group បាន​អះអាង​ថា វ៉ាក់សាំង​របស់​ខ្លួន​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រជាជន​ជិត​មួយ​លាន​នាក់​នៅក្នុង​ប្រទេស​ចិន បើទោះបី​ការសាកល្បង​វ៉ាក់សាំង​វីរុស​សកល​នេះ​ពុំ​ទាន់​បាន​ឈាន​ដល់​ដំណាក់កាល​ទី​៣​ក៏ដោយ​។​

​យ៉ាងណា ទាក់ទង​នឹង​ករណី​ឆ្លង​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ ក្នុង​ប្រទេស​កូរ៉េខាងជើង​មិន​មាន​ការបញ្ជាក់​ច្បាស់លាស់​ណាមួយ​ឡើយ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា ការផ្ទុះ​នូវ​ការ​រាតត្បាត​សកល​នេះ​នឹង​អាច​មាន​ក្នុង​កូរ៉េខាងជើង​។ អាច​ផ្ទុះ​ដោយហេតុ​ថា ប្រទេស​នេះ​មាន​ការដោះដូរ​ពាណិជ្ជកម្ម និង​ការចេញ​-​ចូល​រវាង​ចិន និង​កូរ៉េខាងជើង​ក៏​មាន​ច្រើន​ដែរ ពោល​គឺ​ចាប់តាំងពី​មុន​ពេល​កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន​កាលពី​អំឡុង​ខែ​មករា​មក​ម្លេះ​។​

​ឆ្លើយតប​នឹង​ការ​រាតត្បាត​ពី​វីរុស​ដែល​មាន​ប្រភព​ដើម​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​នេះ មាន​ប្រទេស​ជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន រួន​មានដូចជា ចិន អាមេរិក និង​រុស្សី​ជាដើម កំពុងតែ​សំងំ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ ដើម្បី​សង្គ្រោះ​ពិភពលោក​ចេញពី​រណ្ដៅ​កូវី​ដ​-១៩​។ ប៉ុន្តែ​ប្លែក​តែ​កូរ៉េ​ខាងជើង​បែរ​លេច​ធ្លាយ​នូវ​ព័ត៌មាន​ក្នុង​ការព្យាយាម​លួច​ទិន្នន័យ​ពី​ប្រទេស​ដែល​កំពុង​ផលិត​វ៉ាក់សាំង​ការពារ​វីរុស​នេះ​ទៅវិញ​។ ជាក់ស្ដែង​ក្រុមហ៊ុន Microsoft បាន​និយាយ​កាលពី​ខែ​វិច្ឆិកា​មុន ថា​ក្រុមសង្គមងងឹត ឬ​ក្រុម Hacker របស់​កូរ៉េ​ខាងជើង​ពីរ​ក្រុម​បាន​ព្យាយាម​លុកលុយ​ចូលទៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​វ៉ាក់សាំង​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត