សាលារាជធានីភ្នំពេញណែនាំ១០ចំណុចដើម្បីទប់ស្កាត់ការឆ្លងកូរីដ-១៩ក្នុងសហគមន៍

30-11-2020 5:24 pm 787

ដោយយោងតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន១០ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម៖

ទី១៖ ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬការជួបជុំបែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ទី២៖ អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិចចម្ងាយ១,៥ម៉ែត្រពីម្នាក់ទៅម្នាក់។

ទី៣៖ ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលៗ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងករណីលទ្ធផលតេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។

ទី៤៖ ត្រូវចុះត្រួតពិនិត្យនិងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើត្រូវរៀបចំជែលឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យវាស់កម្ដៅភ្ញៀវទាំងអស់ ដោយឈរតម្រង់ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់ក្នុងពេលអង្គុយ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។

ទី៥៖ ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្តូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា។

ទី៦៖ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។

ទី៧៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមិនចាំបាច់មិនត្រូវធ្វើដំណើរចេញក្រៅផ្ទះ។ ក្នុងករណីដែលមានតម្រូវការចាំបាច់ជៀសមិនផុត មិនត្រូវឱ្យមានការកកកុញតាមភ្លើងចរាចរណ៍(ភ្លើងស្តុប)នានា នៅក្នុងរាជធានីភ្នំពេញឡើយ។

ទី៨៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្អាករាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំចាំបាច់ឱ្យមានការវាស់កម្តៅ ការពាក់ម៉ាស់ ការលាងដៃសម្លាប់មេរោគ និងរៀបចំកន្លែងអង្គុយចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែលមកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុងពេលម្តងៗ។

ទី៩៖ ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់មេរោគ ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។

ទី១០៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ផ្សេងទៀតរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានាដែលកំពុងនៅជាធរមាន៕ ដោយ៖ឈឹម សុភទ្ទ 

ព័ត៌មានផ្សេងទៀត