នៅក្នុងចំណោមអាហារទាំង៣ពេល គឺមានសារៈសំខាន់ដូចគ្នា ប៉ុន្តែអាហារពេលព្រឹកសំខាន់ជាងគេ ខណៈអាហារពេលល្ងាចគួរយកចិត្តទុកដាក់បន្តិច ព្រោះវាអាចធ្វើឲ្យមានសុខភាពល្អ តែក៏អាចធ្វើឲ្យយើងប្រឈមនឹងជំងឺផងដែរ។ មនុស្សមួយចំនួន ឲ្យតម្លៃលើអាហារពេលល្ងាចជ្រុលហួសហេតុ ដោយរៀបចំរបបអាហារ ជាមួយរសជាតិដែលខ្លួនចូលចិត្តយ៉ាងច្រើនពោរពាស ដើម្បីបំពេញភាពហត់នឿយពីការងារពេញមួយថ្ងៃ។ ក៏ប៉ុន្តែទម្លាប់មួយនេះមិនត្រឹមត្រូវឡើយ ព្រោះវាអាចបណ្តោលឲ្យប្រឈមនឹងជំងឺ២យ៉ាង គឺជំងឺធាត់ឬលើសទម្ងន់និងងាយនឹងកើតជំងឺមហារីកពោះវៀនធំ។
បើយោងតាមស្ថិតិបានឲ្យដឹងថា ៩០ភាគរយនៃមនុស្សដែលមានជំងឺធាត់ ដោយសារតែការហូបចុកច្រើនហួសកម្រិតនិងអសកម្មដែលនាំឲ្យជាតិខ្លាញ់កើនឡើងកាន់តែច្រើននៅក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ការស្ទង់មតិបានរកឃើញទៀតថា មនុស្សជាច្រើនពុំសូវខ្វល់ខ្វាយ ជាមួយនឹងការទទួលទានអាហារ ពេលព្រឹកនិងថ្ងៃត្រង់ឡើយ ហើយបែរជាមកសម្រុកទទួលទាននៅពេលល្ងាចវិញ។ ទម្លាប់នេះ ធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន ព្រោះជាតិខ្លាញ់កើនឡើងលើសកម្រិត ដោយសារតែហូបហើយក៏គេងតែម្តង រាងកាយមិនបានបញ្ចេញសកម្មភាព។
ចំណែកជាតិខ្លាញ់ឆ្អែត នៅក្នុងរាងកាយនឹងជួយជំរុញដល់ការបញ្ចេញអាំងស៊ុយលីន ដែលអាចបណ្តាលឲ្យមានបន្ទុកយ៉ាងធ្ងន់ដល់ការរំលាយអហារ និងបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកញ៉ាំអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើនពេកដូចជា សាច់សត្វជាដើម រាងកាយមិនអាចរំលាយអស់ទាំងស្រុងនោះឡើយ ហើយវានឹងបង្កទៅជាជាតិពុល ដែលបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ដូច្នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់មិនមានន័យថា អ្នកត្រូវតមអាហារពេលល្ងាចនោះទេ តែគួរទទួលទានក្នុងកម្រិតមធ្យមនិងកុំឲ្យឆ្អែតខ្លាំងពេក៕