អ៊ីរ៉ង់​ព្រមាន​សងសឹក​ក្រោយការសម្លាប់​មន្ត្រីជាន់ខ្ពស់​ផ្នែក​នុយក្លេអ៊ែរ​

29-11-2020 1:53 pm 727

​ភ្លាមៗ​ក្រោយ​មរណភាព​របស់​លោក​Mohsen Fakhrizadeh មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​Ayatollah Ali Khamenei​មេដឹកនាំ​សាសនា​ដ៏​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ​អ៊ីរ៉ង់ បាន​ប្តេជ្ញា​នឹង​សងសឹក​ឲ្យ​លោក​Fakhrizadeh​។ លោក​Khamenei​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ​ថា អ៊ីរ៉ង់​ត្រូវតែ​បំពេញភារកិច្ច​ដើម្បី​តាម​ប្រមាញ់​ឧក្រិដ្ឋជន​និង​ផ្តន្ទាទោស ជនល្មើស​និង​អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់លោក​Fakhrizadeh​។ ចំណែក​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​Hassan Rouhani​វិញ និយាយ​នៅ​ថ្ងៃ​សៅ​រ៍ថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​ចំពោះ​ករណី​ឃាតកម្ម​នេះ នៅ​ពេលវេលា​សមស្រប​ណាមួយ​។ បន្ថែម​លើ​នេះ មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ច្បាស់​ណាស់​អ៊ីរ៉ង់​នឹង​សងសឹក ហើយ​វា​អាច​កើតមានឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ឬ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ការ​សងសឹក​មាន​ទំហំ​ប៉ុណ្ណា​នោះ ក៏​ទំនងជា​អាស្រ័យ​លើ​វិសាលភាព​នៃ​ប្រយោជន៍​ជាតិ​របស់​អ៊ីរ៉ង់ ដែល​បាន​បាត់បង់​ដោយសារតែ​ការស្លាប់​របស់លោក​Fakhrizadeh​។ មន្ត្រី​អ៊ីរ៉ង់​បានចង្អុលបង្ហាញ​ពី​ការវាយប្រហារ​មី​ស៊ី​ល​សងសឹក​អាមេរិក កាលពី​ខែមករា​លើ​មូលដ្ឋានទ័ពអ៊ីរ៉ាក់ ជា​កន្លែង​កងកម្លាំង​អាមេរិក​បាន​ឈរជើង ក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក នៅ​ទីក្រុង​បា​ដាត បានសម្លាប់​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​លោក Qassem Soleimani​។ ការណ៍​នេះ​អ៊ីរ៉ង់​ចង់​បញ្ជាក់ថា បើ​អ៊ីរ៉ង់​ចេញ​ការព្រមាន​ហើយ គឺ​អ៊ីរ៉ង់​ពិតជា​ហ៊ាន​ធ្វើ​។ 

​ក្រៅពី​ប្តេជ្ញា​សងសឹក លោក​Ayatollah Ali Khamenei​ក៏​សន្យា​ធ្វើ​ការងារ​បន្ត​ពី​លោក​Fakhrizadeh បើទោះជា​អ​វត្ត​រូបលោក​នៅក្នុង​កិច្ចការ​នុយក្លេអ៊ែរ​ក៏ដោយ​។ លោក​Fereydoon Abbasi​អតីត​ប្រធាន​អង្គការ​ថាមពលបរមាណូ​របស់​អ៊ីរ៉ង់ ដែល​បាន​រួចផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​ក្នុង​ឆ្នាំ​២០១០​និយាយថា មរណភាព​របស់លោក​Fakhrizadeh នឹង​ធ្វើឲ្យ​អ៊ីរ៉ង់​កាន់តែ​ពន្លឿន​ការងារ​នុយក្លេអ៊ែរ​។​

​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​អ្នកជំនាញ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ជា​អ្នក​សម្លាប់ ដូច្នេះ​អ៊ីស្រាអែល​ជា​គោលដៅ​ធំ នៅក្នុង​ការ​សងសឹករ​បស់​អ៊ីរ៉ង់ បើទោះបីជា​មនុស្ស​ជំនិត​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប្រកែក​មិនដឹង​ពី​ករណី​ឃាតកម្ម​នេះ​ក៏ដោយ​។ តាមពិតទៅ​លោក​Fakhrizadeh បាន​រក្សា​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​សម្ងាត់​បំផុត​នៅ​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ចំណាំ​ឈ្មោះ​លោក​Fakhrizadeh​ទុក​ថា​ជា ស្ថាបនិក​នុយក្លេអ៊ែរ​ដ៏​ចំណាន​មួយរូប​របស់​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៨​។ បន្ទាប់ពី​ការគំរាមកំហែង​សងសឹក​របស់​អ៊ីរ៉ង់ អ៊ីស្រាអែល​តាមរយៈ​វិទ្យុ​កងទ័ព​អ៊ីស្រាអែល​និយាយថា ស្ថានទូត​អ៊ីស្រាអែល​មួយចំនួន​ត្រូវបាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​កិច្ចការ​យោធា​របស់​វិទ្យុ​និយាយថា កងទ័ព​បាន​ដើរល្បាត​ជាប្រចាំ ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ​។​

​ក្រៅពី​អី​ស្រា​អែល ករណី​ឃាតកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ផ្នែក​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាមេរិក​ដែរ​។ អ៊ីរ៉ង់​ចាត់ទុក​អ៊ីស្រាអែល​ជា​បក្ខពួក​របស់​អាមេរិក ជួយ​អាមេរិក​តាម​ព្យាបាទ​អ៊ីរ៉ង់​។ ជម្លោះ​ទាស់ទែង​គ្នា​ខ្លាំង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​កើនឡើង ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក ចោទ​អ៊ីរ៉ង់​ថា​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បើទោះបីជា​អ៊ីរ៉ង់​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា មិនដែល​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ​ឲ្យលើស​ពី​ដើម្បី​ការពារជាតិ​ទេ​។ ក្រោម​មូលហេតុ​ថា អ៊ីរ៉ង់​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំ​២០១៨ និង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​យ៉ាង​ពេញទំហឹង ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​យ៉ាងខ្លាំង​។ យ៉ាងណា​មកទល់ពេលនេះ ទាំង​អ៊ីស្រាអែល​និង​អាមេរិក មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ ទៅនឹង​ការ​ចោទ​របស់​អ៊ីរ៉ង់ ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក​Fakhrizadeh​នៅឡើយ​ទេ​។​

​សូមជម្រាបថា លោក Fakhrizadeh ត្រូវ​ជនល្មើស​ស្ទាក់​សម្លាប់ នៅក្នុង​ការវាយប្រហារ​ភេរវកម្ម នៅពេលដែល​លោក​កំពុងធ្វើដំណើរ​តាម​រថយន្ត នៅ​ជិត​រដ្ឋធានី​តេ​អេ​រ៉ង់​។ លោក​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​អ្នកស្រាវជ្រាវ​ផ្នែក​នុយក្លេអ៊ែរ​ដ៏​មាន​ស្នាដៃ​របស់​អ៊ីរ៉ង់​ត្រូវបាន​គេ​សម្លាប់​។ នៅ​អំឡុង​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១២ ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចំនួន​៤​រូប​ត្រូវបាន​ធ្វើឃាត ហើយ​កាលនោះ​អ៊ីរ៉ង់​បាន​ចោទប្រកាន់ថា អ៊ីស្រាអែល​ជា​អ្នក​សម្លាប់​មនុស្ស​សំខាន់ៗ​របស់​ជាតិ​អ៊ីរ៉ង់​ទាំងនោះ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អ៊ីរ៉ង់លោកFakhrizadeh

ព័ត៌មានផ្សេងទៀត