អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ជាន់ខ្ពស់​ម្នាក់​របស់​អ៊ីរ៉ង់​ត្រូវគេ​ធ្វើឃាត​

28-11-2020 11:32 am 726

​ក្រសួង​ការពារជាតិរ​បស់​អ៊ីរ៉ង់ បានបញ្ជាក់​ថា អ្នកស្រាវជ្រាវ​ផ្នែក​នុយក្លេអ៊ែរ​ជាន់ខ្ពស់​ម្នាក់ គឺ​លោក​Mohsen Fakhrizadeh ត្រូវបាន​គេ​ធ្វើឃាត​នៅ​ជិត​រដ្ឋធានី​តេ​អេ​រ៉ង់ នៅពេលដែល​លោក​កំពុង​ស្ថិត​ក្នុង​រថយន្ត​ពេល​ដែល​ធ្វើដំណើរ​នៅតាម​ផ្លូវ​។ លោក​Fakhrizadeh បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​មាន​ការវាយប្រហារ​មួយ​នៅ​ទីប្រជុំជន​Absard នៃ​តំបន់​Damavand​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​Mohammad Javad Zarif បាន​ថ្កោលទោស​ចំពោះ​ឃាតកម្ម​នេះ និង​ថា​វា​ជា​ទង្វើរ​របស់​ក្រុម​ភេរវកម្ម​ឧទ្ទាម​ក្រៅ​រដ្ឋ​។ 

​ដំណឹង​នៃ​ការ​ធ្វើ​ឃាត​អ្នក​ស្រាវជ្រាវ​នុយក្លេអ៊ែរ​ដ៏​ល្បី​ម្នាក់នេះ កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​ថ្មីៗ​អំពី​ការកើនឡើង​នូវ​បរិមាណ​អ៊ុយ​រ៉ា​ញ៉ូម ដោយ​ថា​អ៊ីរ៉ង់​កំពុង​សំងំ​បង្កើត​នូវ​សារធាតុ​ដ៏​គ្រោះថ្នាក់​នេះ​។ សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម ជា​សារធាតុ​សំខាន់ ក្នុង​ការផលិត​នូវ​ថាមពល​នុយក្លេអ៊ែរ និង​អាវុធ​នុយក្លេអ៊ែរ​។​

​បើ​តាម​អ្នកការទូត​នៅ​លោកខាងលិច​ម្នាក់​ធ្លាប់បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ឆ្នាំ ២០១៤ ថា ប្រសិនបើ​អ៊ីរ៉ង់​ចង់​អភិវឌ្ឍន៍ ឬ​បង្កើត​នុយក្លេអ៊ែរ គឺ​លោក​Fakhrizadeh ច្បាស់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលជា​អ្នក​ផ្ដួចផ្ដើម​ក្នុង​ការផលិត​គ្រាប់បែកនុយក្លេអ៊ែរ​នេះ​មិន​ខាន​។ តែ​យ៉ាងណា អ៊ីរ៉ង់​បាន​ទទូចថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​តែ​រក្សា​សន្តិភាព និង​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​ការបង្កើត​អាវុធ​នុយក្លេអ៊ែ​រដែរ បើ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​មាន​ប្រទេស​មហាអំណាច​ចំនួន ៦ បាន​កំណត់​លើ​ចំនួន​សម្រាប់​ការផលិត​នូវ​អាវុធ​គ្រោះថ្នាក់ ឬ​ហៅ​ថា​អាវុធ​ប្រល័យ​លោក​នេះ​។ តែ​ក្នុងនោះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក លោក​ដូណាល់ ត្រាំ បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​នេះ​នៅ​ឆ្នាំ ២០១៨​។ ជាមួយគ្នា ដ្បិត​អ៊ីរ៉ង់​នៅតែ​បន្ត​ស្ថិត​នៅក្នុង​កិច្ចព្រមព្រៀង​ក៏ដោយ តែ​អ៊ីរ៉ង់​បាន​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​កិច្ចព្រមព្រៀង​ក្នុងការ​សំងំ​ផលិត​នូវ​អាវុធ​ដ៏​គ្រោះថ្នាក់​នេះ​ដែរ​។​

​យ៉ាងណាមិញ បើ​តាម​លោកចូ បាយ​ដិន បេក្ខជន​ឈ្នះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី បាន​សន្យាថា លោក​នឹង​ធ្វើ​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ៊ីរ៉ង់​ឡើងវិញ​។ ផ្សារភ្ជាប់​ឡើងវិញ នៅពេលដែល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​មករា​ខាងមុខ​នេះ ទោះបីជា​មាន​ការប្រឆាំង​ពី​ប្រទេស​អ៊ីស្រាអែល​ជា​យូរ​មក​ហើយ​ក៏​ដោយ​។​

​សូមជម្រាបថា នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​អ្នកស្រាវជ្រាវ​ល្បី​ឈ្មោះ​ផ្នែក​នុយក្លេអ៊ែរ​ត្រូវបាន​គេ​សម្លាប់​។ ជាក់ស្ដែង​នៅ​អំឡុង​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១២ ធ្លាប់​មាន​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចំនួន ៤​រូប ត្រូវបាន​ធ្វើ​ឃាត ហើយ​កាលនោះ​អ៊ីរ៉ង់​បាន​ចោទប្រកាន់ថា អ៊ីស្រាអែល​ជា​អ្នក​ដែល​បាន​សម្លាប់​មនុស្ស​សំខាន់ៗ​ទាំងនោះ​។ តែ​ដោយឡែក​សម្រាប់​ឃាតកម្ម​លើ​លោក​Fakhrizadeh​នេះ មិន​មាន​ការបកស្រាយ​ណាមួយ​ពី​ភាគី​អ៊ីស្រាអែល​នោះឡើយ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត