«​តា​ខេ​»​ឧបករណ៍​ភ្លេងខ្មែរ​ដែល​មាន​រូបរាង​ដូច​សត្វ​ក្រពើ​

27-11-2020 4:23 pm 768

+.​អត្ថន័យ​នៃ​ពាក្យ​«​តា​ខេ​

​ពាក្យ​ថា​«​តា​ខេ​» មានន័យ​ថា «​សត្វ​ក្រពី​» ហើយ​ការហៅ​របស់​ជនជាតិ​ខ្មែរ​យើង​នេះ ក៏​ស្រដៀង​គ្នា​ទៅ​នឹង​ភាសា​ថៃ​ហៅថា «​ចរ​ខេ៍ ឬ​តៈ​ខេរ៍ » ដែល​មានន័យថា សត្វ​ក្រពើ​ដែរ​។​មូលហេតុ​ដែល​ពាក្យ​«​តា​ខេ​»​នេះ មានន័យ​ថា​«​សត្វ​ក្រពើ​» ពីព្រោះថា ឧបករណ៍​ខាងលើនេះ មាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពី​សម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ «​តា​ខេ​»​មាន​រូបរាង​ធម្មតា​ប៉ុណ្ណោះ​ដោយ​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើ​អស់ហើយ ហើយ​នៅក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ ក៏​មាន​អ្នកខ្លះ​ហៅ​ឧបករណ៍​នេះ​ថា «​តៈ​ខេ​»​និង​ខ្លះទៀត​ហៅថា​«​តា​ខេ​»​។​

+.​ផ្នែក​សំខាន់ៗ​នៃ​ឧបករណ៍​ភ្លេង​«​តា​ខេ​»

​បច្ចុប្បន្ន​នៅ​កម្ពុជា «​តា​ខេ​» ភាគច្រើន​ធ្វើ​អំពី​ឈើ​ខ្នុរ ដែល​ជា​ប្រភេទ​ឈើ​ឲ្យ​សំនៀងល្អ​ជាងឈើ​ដទៃ​។​

​បើ​និយាយ​ពី​ផ្នែក​សំខាន់ៗ ដូនតា​យើង​បាន​បែងចែក​តាខេ​ទាំងមូល​ជា​បី​ផ្នែក ដែល​រួមមាន​៖​ក្បាល ដងខ្លួន និង​ពោះ​។​

-​ក្បាល : នៅ​ត្រង់​ក្បាល​មាន​ព្រលួត​៣ ច្រើន​ធ្វើ អំពី​ឈើ​រឹងៗ មានកំ​ប៉ក់​អាចម៍​ឆ្កែ​១ (​ពក​នៅលើ​ច្រមុះ ក្រពើ បុរាណ​ហៅថា កំប៉ក់​អាចម៍​ឆ្កែ​) បន្ដុប​ពីលើ​សំរាប់​លំអ មាន​ធរណី (​ប្រកៀន​) ដាក់​បន្ទាប់​ពី​ព្រលួត គឺជា​ខ្ទង់ ដែល​ខ្ពស់​ជាងគេ​សំរាប់​ទ្រ​ខ្សែ​ឱ្យ​ផុត​ពី​ខ្ទង់​ដទៃ ហើយ​នៅ​ក្រោម​ក្បាល​មាន​ជើង​មួយ​សំរាប់​ទ្រ ។​

-​ដងខ្លួន : នៅលើ​ខ្លួន​មាន​ខ្ទង់​១២ ធ្វើ​អំពី​ឈើ​រឹង ឬ ឆ្អឹង​ដំរី ។ នៅលើ​ខ្ទង់​នី​មួយៗ​មាន​បិទ​ឆ្អឹង ឬ ខ្នង ឫស្សី​រឹង​បន្ដុប​ពីលើ​សំរាប់​ការពារ​ភាព​សឹក​រឹល​នៃ​ខ្ទង់​។​ខ្ទង់​ទាំង​១២​នេះ​រាយ​ចន្លោះ​ពី មួយ​ទៅ​មួយ​តាម កំរិត​សំនៀង​របស់​ខ្លួន ។ 

-​ពោះ : នៅលើ​ពោះ​មាន​ប្រអប់​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្ពាន់​មានឈ្មោះ​ហៅថា ក្រាញ (​គីង្គក់​) នៅលើ​ក្រាញ មាន​បន្ទះ​ឫស្សី​តូច​ស្ដើង​សំរាប់​កល់​ខ្សែ​សំនៀង​ឱ្យ​មានសំនៀង​ក្រា​ងៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​តាខេ​។​នៅ​ខាងក្រោម​ពោះ​មាន​ជើង​៤ ឬ​២​សំរាប់​ទ្រ​តួ​តាខេ ។​

+.​ខ្សែ​សំនៀង​របស់​ឧបករណ៍​«​តា​ខេ​»

​ខ្សែ​សំនៀង​របស់​ឧបករណ៍​តាខេ​មាន​ចំនួន​៣ ដែល​រួមមាន​៖

-​ខ្សែ​ទី​១ ហៅថា ខ្សែ​ឯក មានសំនៀង​តូច​ជាងគេ ពី​ដើម​គេ​ប្រើ​សរសៃសូត្រ​វេញ​ចូលគ្នា បច្ចុប្បន្ន​គេ​ប្រើ​ជ័រ​នីឡុង​ជំនួស​វិញ ។​

-​ខ្សែ​ទី​២ ហៅថា ខ្សែគ មានសំនៀង​គ្រលរ ធ្វើ​អំពី​សរសៃសូត្រ​ដែរ ប៉ុន្ដែ​ឥឡូវ​គេ​ប្រើ ខ្សែ​នីឡុង​វិញ ។​

-​ខ្សែ​ទី​៣ ហៅថា ខ្សែ​បន្ទរ មានសំនៀង​ធំ ធ្វើ​អំពី​ខ្សែ​លោហធាតុ​ប្រើ​សំរាប់តែ​បន្ទ​រ ។​

​ក្នុងពេល​ប្រគំ​បទ​ភ្លេង​ម្ដងៗ គេ​ប្រើប្រាស់ ខ្សែ​ឯក​ច្រើនជាងគេ​សំរាប់​រាយ​សាច់​បទ ឯ ខ្សែគ និង​ខ្សែ​បន្ទរ​ពុំ​សូវ​ប្រើ​ឡើយ ។ 

​ចំណែក​ក្រចក​វិញ គឺ​គេ​ប្រើ​សម្រាប់​កេះ​ខ្សែ​សំនៀង ដែល​ក្រចក​នេះ​គឺ​មាន​រាង​មូល​ទ្រវែង​ជម​ផ្នែក​ខាង​កេះ​។​ក្រចក​ត្រូវបាន​គេ​ធ្វើ​អំពី​ឈើ​រឹង ឬ​ភ្លុក​ដំរី មាន​ដោត​ខ្សែ​ចំ​កណ្ដាល សំរាប់​ទុក​រុំ​ភ្ជាប់​នឹង​ចង្អុលដៃ​កេះ​។​ចំពោះ​តន្ដ្រីករ ដែល​ប្រគំ​ឧបករណ៍​តាខេ​វិញ គឺ​គេ​ប្រើ​ម្រាមដៃ​តែ​៣ សំរាប់​ចុច ខ្សែ​សំនៀង​ប៉ុណ្ណោះ ចំណែកឯ​មេដៃ និង​កូនដៃ​គេ ច្រើន​តែ​ទុក​នៅ​ទំនេរ ។​

+.​មុខងារ​របស់​ឧបករណ៍​«​តា​ខេ​»​ក្នុង​វង់​ភ្លេងខ្មែរ​

​ឧបករណ៍​ភ្លេង​«​តា​ខេ​»​នេះ​មាន​មុខងារ​សំខាន់​នៅក្នុង​វង់ភ្លេង​មហោរី​, វង់ភ្លេង​អា​យ៉ៃ​, វង់ភ្លេង​ការ​សម័យ​ទំនើប និង​ប្រគំ​ម្នាក់ឯង ជួនកាល​ចំរៀង​ដេញ​បែប​ចាប៉ីដងវែង​ក៏មាន ។​

​ជាក់ស្តែង​នៅក្នុង​វង់ភ្លេង​មហោរី គេ​ច្រើន​តែ​យក​«​តា​ខេ​»​ណា​ធំៗ មានសំនៀង​ក្រាង​ក្រអៅ​ធ្ងន់ មក​ចូលរួម​ប្រគំ ។​ប៉ុន្ដែ​នៅក្នុង​វង់ភ្លេង​អា​យ៉ៃ និង​វង់ភ្លេង​ការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែ​យក​«​តា​ខេ​»​តូច​ជាង​បន្ដិច​មានសំនៀង​ចរចា​ត​ស្រាល​មក​ប្រគំ ។​«​តា​ខេ​»​មានដំណើរ​សាច់​បទ​ចិញ្ច្រាំ​ញាប់​ធ្វើ ឱ្យ​សំនៀង​ចង្អៀត​ជាង​ឧបករណ៍​ដទៃ ។​

+.​ឯកសា​រយោង​
-​ឯកសារ​ស្រាវជ្រាវ​ចងក្រង​ដោយ​លោក​ហ៊ុន សារិន សាស្ត្រាចារ្យ សិល្បៈ​តន្ត្រី​

 

 

 

 

 

 

 

 

 


 ពាក្យគន្លឹះ  ឧបករណ៍តាខេ

ព័ត៌មានផ្សេងទៀត