វីរបុរសបាល់ទាត់អាហ្សង់ទីនលោកDiego Maradona បានទទួលមរណភាពហើយកាលពីថ្ងៃពុធ នៅក្នុងផ្ទះរបស់លោកស្ថិតនៅជាយក្រុងBuenos Aires ប្រទេសអាហ្សង់ទីន។ លោកស្លាប់ដោយសារតែគាំងបេះដូងក្នុងវ័យ៦០ឆ្នាំ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក។ លោកMaradonaទើបតែប្រឈមនឹងបញ្ហាសុខភាព ដោយទើបបានទទួលការវះកាត់យកដុំឈាមកកក្នុងខួរក្បាលប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ។
មរណភាពរបស់លោកMaradona បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រជាជនអាហ្សង់ទីន ហើយក៏មានការសោកស្ដាយជាខ្លាំងក្រៅតែពីប្រជាជនអាហ្សង់ទីន ប៉ុន្ដែពីសំណាក់បណ្ដាអ្នកគាំទ្រកីឡាបាល់ទាត់ផ្សេងទៀតនៅជុំវិញពិភពលោក ព្រោះលោកMaradonaគឺជាអតីតកីឡាករបាល់ទាត់មួយរូបដ៏ល្បីល្បាញបំផុត។ លោកធ្លាប់បានជួយឲ្យអាហ្សង់ទីនលើកពានWorld Cup ក្នុងឆ្នាំ១៩៨៦ និងបានជួយឲ្យក្លឹបអាជីពរបស់លោកNapoli លើកពានSerie A ចំនួនពីរដង រួមទាំងស្នាដៃជាច្រើនទៀតក្នុងវិស័យបាល់ទាត់ ដែលត្រូវបានអ្នកគាំទ្រគោរពស្រឡាញ់យ៉ាងខ្លាំង។
ក្រោយទទួលបានដំណឹងមរណភាព រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសកាន់ទុករយៈពេល៣ថ្ងៃផងដែរជាការគោរពវិញ្ញាណក្ខន្ធ។ ប្រធានាធិបតីអាហ្សង់ទីនលោកAlberto Fernandezបាននិយាយថា “អ្នកបាននាំយើងទៅកាន់ចំណុចដ៏ខ្ពស់បំផុតក្នុងពិភពលោក ហើយធ្វើឲ្យយើងសប្បាយចិត្ដ។ អ្នកគឺជាមនុស្សអស្ចារ្យបំផុត អរគុណដែលអ្នកបាននៅជាមួយយើងDiego។ យើងនឹងនឹកអ្នកពេញមួយជីវិតរបស់យើង។”
គួររម្លឹកថា Diego Maradonaចាប់ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ១៩៧៦ និងចូលនិវត្ដន៍ពីអាជីពនេះក្នុងឆ្នាំ១៩៩៧។ លោកបានចូលលេងឲ្យក្លឹបបាល់ទាត់ចំនួន៧ក្លឹប មានទាំងក្នុងស្រុកនិងក្រៅស្រុកដូចជាNapoliនិងBarcelonaជាដើម។ នៅក្នុងការប្រកួតឲ្យក្លឹបចំនួន៤៩១ប្រកួត លោករកបានគ្រាប់បាល់២៥៩គ្រាប់ និងប្រកួតឲ្យជម្រើសជាតិU20អាហ្សង់ទីន១៥ប្រកួតរកបាន៨គ្រាប់ ជម្រើសជាតិឈុតធំ៩១ប្រកួតរកបាន៣៤គ្រាប់។ ក្រោយចូលនិវត្ដន៍លោកក៏បានចូលធ្វើជាគ្រូបង្វឹកក្នុងក្លឹបជាច្រើនផងដែររហូតដល់ពេលលោកស្លាប់៕
ដោយ៖ពេញ ផេង