នៅទីបំផុតលោកដូណាល់ ត្រាំបានឯកភាពឲ្យរដ្ឋបាលសេវាទូទៅចាប់ផ្ដើមរៀបចំដំណើរការផ្ទេរតំណែងទៅឲ្យលោកចូ បាយដិន ប្រធានាធិបតីត្រូវបានជ្រើសរើសរបស់អាមេរិកហើយ។ គិតមកទល់ពេលនេះជាង២០ថ្ងៃ ទម្រាំលោកត្រាំហាមាត់យល់ព្រមលើការផ្ទេរតំណែង។ វាក៏ជាការបន្ទន់ឥរិយាបថមួយផងដែរ ប៉ុន្ដែទន្ទឹមគ្នាលោកត្រាំនិយាយថា លោកនឹងបន្ដតតាំងតាមផ្លូវច្បាប់ជុំវិញលទ្ធផលឆ្នោតដដែល តែមិនដឹងថាតាមរបៀបយ៉ាងណាខ្លះទៀតទេ។ តើក្រុមការងារទទួលបន្ទុកត្រូវអនុវត្ដការងារយ៉ាងណាខ្លះជុំវិញការផ្ទេរអំណាច? លោកត្រាំបន្ទន់ឥរិយាបថជាសញ្ញាបង្ហាញថាលោកព្រមចាញ់ឬ?
រដ្ឋបាលសេវាទូទៅ(GSA)របស់អាមេរិក បានផ្ដល់ដំណឹងដល់លោកចូ បាយដិនថា រដ្ឋបាលរបស់លោកត្រាំត្រៀមរួចរាល់ហើយដើម្បីសហការក្នុងកិច្ចការផ្ទេរតំណែងជាផ្លូវការ។ នេះបើតាមលិខិតមួយច្បាប់ចេញដោយអ្នកគ្រប់គ្រងរដ្ឋបាលសេវាទូទៅ លោកស្រីEmily Murphyកាលពីរសៀលថ្ងៃចន្ទ។ តាមរយៈលិខិតនេះគឺជាជំហានដំបូងដែលរដ្ឋបាលរបស់លោកត្រាំទទួលស្គាល់បរាជ័យ។ អ្នកស្រីMurphyនិយាយថា អ្នកស្រីមិនបានរងសម្ពាធពីសេតវិមានចំពោះការពន្យារពេលរៀបចំកិច្ចការផ្ទេរអំណាចនេះទេ ហើយក៏មិនសម្រេចចិត្ដដោយសារភ័យខ្លាចឬមានទំនោរទៅរកនរណាដែរ។ នៅពេលនេះគឺជាការសម្រេចចិត្ដដោយឯករាជ្យរបស់លោកស្រី ឈរលើមូលដ្ឋានច្បាប់និងការពិតជាក់ស្ដែង។ នៅក្នុងលិខិតចេញកាលពីថ្ងៃចន្ទ ក៏មានហត្ថលេខារបស់លោកស្រីទទួលស្គាល់ជាផ្លូវការជ័យជម្នះរបស់លោកបាយដិនផងដែរ។
ចំពោះលោកត្រាំតាមរយៈសារបង្ហោះនៅលើបណ្តាញសង្គមធ្វីតទ័រ លោកថានៅតែបន្តរក្សាការតស៊ូប្រឆាំងលទ្ធផលឆ្នោតហើយជឿជាក់នឹងឈ្នះ។ ទោះយ៉ាងណាដើម្បីជាផលប្រយោជន៍ល្អបំផុតសម្រាប់ប្រទេសជាតិ លោកសូមណែនាំឲ្យលោកស្រីEmily Murphyប្រធានរដ្ឋបាលសេវាទូទៅ(GSA) និងក្រុមការងាររបស់លោកស្រីធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ ទាក់ទងនឹងពង្រាងកិច្ចព្រមព្រៀងដំបូងសម្រាប់រៀបចំចុះហត្ថលេខា។ លោកត្រាំក៏បញ្ជាឲ្យក្រុមការងាររបស់លោកសហការជាមួយGSAផងដែរ។
GSAដែលជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងជាអ្នកទទួលចុះហត្ថលេខាលើឯកសារបញ្ជាក់ទទួលស្គាល់ការផ្ទេរអំណាច បានប្រាប់លោកបាយដិននៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ថាលោកអាចចាប់ផ្តើមដំណើរការប្រគល់និងទទួលអំណាចបានហើយ។ ក្រុមការងាររបស់លោកបាយដិន បានស្វាគមន៍ចំពោះការចាប់ផ្តើមដំណើរការផ្លាស់ប្តូរនេះ ដោយចាត់ទុកជាជំហានចាំបាច់មួយដើម្បីចាប់ផ្តើមដោះស្រាយបញ្ហាប្រឈមរបស់ប្រទេស ក្នុងនោះមានការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ជាអាទិ៍។ ក្រុមការងាររបស់លោកបាយដិនបានបង្ហើបឲ្យដឹងខ្លះៗថា រឿងដំបូងបំផុតដែលចង់បានពីរដ្ឋបាលលោកត្រាំក្នុងដំណើរការផ្ទេរអំណាច គឺទិន្នន័យទាក់ទងនឹងជំងឺកូវីដ-១៩ និងផែនការចែកចាយវ៉ាក់សាំង ដ្បិតជាកិច្ចការបន្ទាន់ត្រូវដោះស្រាយឲ្យខានតែបាន។ ជំហានបន្ទាប់គឺសម្លឹងទៅលើបញ្ហាសេដ្ឋកិច្ច ទាញសេដ្ឋកិច្ចអាមេរិកត្រឡប់មកវិញ បញ្ហាសន្ដិសុខជាតិ រួមនឹងការងារជាច្រើនទៀតដែលត្រូវរៀបចំជាដំណាក់កាលៗ។
ដំណើរការផ្ទេរតំណែងប្រធានាធិបតីនៅអាមេរិក ត្រូវរៀបចំឡើងក្រោយពីប្រធានាធិបតីថ្មីត្រូវបានជ្រើសរើសជាផ្លូវការ ដើម្បីឲ្យអ្នកថ្មីនោះចូលមកបន្ដតំណែងជំនួសអ្នកចាស់ដែលផុតអាណត្ដិ។ ទោះបីជាការធ្វើផែនការសម្រាប់ផ្លាស់ប្ដូររបស់បេក្ខជនប្រធានាធិបតីមិនស្ថិតក្នុងអំណាច អាចចាប់ផ្ដើមមុនពេលការបោះឆ្នោតប្រធានាធិបតីឬក្រោយថ្ងៃបោះឆ្នោតក៏ដោយ ប៉ុន្ដែការផ្ទេរអំណាចចាប់ផ្ដើមជាផ្លូវការនៅពេលរដ្ឋបាលសេវាទូទៅ ប្រកាសពីបេក្ខជនដែលទទួលជ័យជម្នះ។ ក្រោយមកដំណើរការផ្សេងៗនឹងត្រូវរៀបចំជាបន្ដបន្ទាប់រហូតដល់ថ្ងៃប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង។
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២០អនុម័តក្នុងឆ្នាំ១៩៣៣ បានប្ដូរថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់អាណត្ដិប្រធានាធិបតីនិងអនុប្រធានាធិបតី ពីថ្ងៃទី០៤មីនាមកថ្ងៃទី២០មករាវិញ។ ការផ្ទេរអំណាចក៏អាចធ្វើឡើងក្នុងអាណត្ដិបានដែរ ប្រសិនប្រធានាធិបតីស្លាប់ ចុះចេញពីតំណែង ឬត្រូវទម្លាក់ចេញពីតំណែង ទោះបីអាណត្ដិកាន់តំណែងសល់រយៈពេលខ្លីក៏ដោយ។ រីឯច្បាប់ផ្លាស់ប្ដូរប្រធានាធិបតីឆ្នាំ១៩៦៣ បានផ្ដល់យន្ដការដូចពេលសព្វថ្ងៃ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្ដូរអំណាចប្រកបដោយសណ្ដាប់ធ្នាប់និងដោយសន្ដិភាព។ ស្ថិតក្រោមច្បាប់សហព័ន្ធនិងទំនៀមទម្លាប់ដែលមានស្រាប់ បេក្ខជនប្រធានាធិបតីមកពីគណបក្សនយោបាយធំៗនឹងទទួលបានព័ត៌មានស្ដីពីសន្ដិសុខជាតិ នៅពេលពួកគេបានទទួលការតែងតាំងជាផ្លូវការពីគណបក្ស។
កិច្ចការដែលត្រូវធ្វើក្នុងការផ្ទេរអំណាចរវាងលោកត្រាំនិងលោកបាយដិននៅពេលនេះ គឺការសហការរវាងតំណាងក្រុមការងាររបស់លោកដូណាល់ ត្រាំ តំណាងក្រុមការងាររបស់លោកចូ បាយដិន ជាមួយនឹងរដ្ឋបាលសេវាទូទៅ(GSA)ដែលជាស្ថាប័នឯករាជ្យមួយរបស់រដ្ឋាភិបាលអាមេរិក ក្រោយទទួលបានភ្លៀងខៀវ។ ក្រុមប្រជាធិបតេយ្យរបស់លោកបាយដិននឹងមានសិទ្ធិទទួលបានមូលនិធិសហព័ន្ធ និងទទួលបានការិយាល័យផ្លូវការដើម្បីដឹកនាំការផ្លាស់ប្តូររហូតដល់ពេលលោកបាយដិនឡើងកាន់តំណែងប្រធានាធិបតីជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ ការណ៍នេះក៏ត្រួសត្រាយផ្លូវឲ្យលោកបាយដិននិងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រីកាម៉ាឡា ហារីស(Kamala Harris) ទទួលបានព័ត៌មានទាក់ទិននឹងសន្តិសុខជាតិជាទៀងទាត់មុនថ្ងៃទី២០ខែមករាឆ្នាំ២០២១ផងដែរ។
ចាប់អារម្មណ៍ពីលោកដូណាល់ ត្រាំដែលព្រមឲ្យរៀបចំដំណើរការផ្ទេរអំណាចនៅពេលនេះ ដ្បិតថាលោកនៅមាត់រឹងមិនទទួលស្គាល់លទ្ធផលឆ្នោតទាំងស្រុង ប៉ុន្ដែការផ្លាស់ប្ដូរចុងក្រោយនេះក៏សបញ្ជាក់ឲ្យឃើញពីការយកចិត្ដទុកដាក់ចំពោះប្រជាជាតិអាមេរិកដែរ។ គ្មាននរណាដឹងឡើយថាលោកនឹងឈ្នះការតតាំងលទ្ធផលឆ្នោតឬអត់ តែគេសន្និដ្ឋានថាទៅមិនរួចឡើយ។ ទៅមិនរួចព្រោះរាល់ការចោទប្រកាន់មិនថាពីលោកផ្ទាល់ ឬពីក្រុមអ្នកច្បាប់របស់លោកទាក់ទងនឹងការលួចបន្លំសន្លឹកឆ្នោត សុទ្ធតែគ្មានភស្ដុតាងច្បាស់លាស់ទាំងអស់។ បណ្ដឹងនៅតាមរដ្ឋខ្លះត្រូវបានច្រានចោលវិញ ដោយសារតែគ្មានទឡ្ហីករណ៍ទៅបញ្ជាក់នេះឯង។ ដូច្នេះអាចថ្លឹងថ្លែងបានថា លោកគ្មានអំណះអំណាងអ្វីជាដុំកំភួនឡើយ ដែលលទ្ធភាពនៃការឈ្នះការតវ៉ាមានតិចបំផុត ឬមិនអាចឈ្នះក៏ថាបាន។
ពេលវេលានៃការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីខិតកាន់តែជិត ការជួយសម្រួលដល់ដំណើរការផ្ទេរអំណាចគឺជារឿងដែលចាំបាច់បំផុត ដើម្បីកុំឲ្យរដ្ឋាភិបាលថ្មីប្រឈមការលំបាកនិងចាយពេលកាន់តែយូរក្នុងការដោះស្រាយបញ្ហាជាតិ។ បើស្ថានការណ៍ក្រឡាប់ចាក់លោកត្រាំបែរជាតវ៉ាឈ្នះក្លាយជាប្រធានានាធិបតីបន្ដទៀត លោកអាចដឹកនាំតាមរចនាសម្ព័ន្ធរដ្ឋាភិបាលក្នុងអាណត្ដិដែលមានស្រាប់មិនធ្វីនោះទេ ប៉ុន្ដែបើលោកចូ បាយដិនចូលដឹកនាំប្រទេសជំនួស ត្រូវបង្កើតរដ្ឋាភិបាលថ្មី ហើយបើគ្មានកិច្ចសហការក្នុងការផ្ទេរអំណាចទេ រវល់តែតតាំងរកឈ្នះរកចាញ់ មិនមែនតែលោកត្រាំឬលោកបាយដិនទេជាអ្នកចាញ់ ពលរដ្ឋអាមេរិកទាំងមូលនឹងត្រូវចាញ់ទាំងអស់គ្នា។ នោះគឺចាញ់កូវីដ-១៩ដែលកំពុងវាយប្រហារកាន់តែខ្លាំងឡើងនៅអាមេរិក ចាញ់ព្រោះមិនអាចចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញទាន់ពេល ចាញ់ព្រោះគ្មានឯកភាពជាតិក្នុងនាមជាប្រទេសបិតាប្រជាធិបតេយ្យ ប៉ុន្ដែនៅវក់វីដណ្ដើមអំណាច ទាំងខ្លួនឯងទៅណែនាំគេពេញពិភពលោកកុំឲ្យឈ្លោះគ្នា។ ម្យ៉ាងវិញទៀតនៅពេលមានវិបត្ដិនយោបាយ ចង់ឬមិនចង់នឹងមានបាតុភាពផ្សេងៗកើតឡើង។ រវល់តែក្រាញននៀលចង់ក្ដោបក្ដាប់អំណាច នឹងជះឥទ្ធិពលដល់ភាពជាមហាអំណាចពិភពលោករបស់អាមេរិក ខណៈចិនកំពុងសម្លឹងមិនដាក់ភ្នែកលើតួនាទីនេះ។
ជារួម លោកដូណាល់ ត្រាំទោះពេលនេះនៅមាត់រឹងបន្ដិច ប៉ុន្ដែលោកអាចយល់បានថាត្រូវធ្វើយ៉ាងណាដើម្បីប្រយោជន៍ជាតិ។ លោកធ្លាប់និយាយថាលោកគិតប្រទេសអាមេរិកជាធំ បើដូច្នេះមែនក៏គួរដល់ពេលត្រូវបង្ហាញឲ្យឃើញរឹតតែច្បាស់ពីការលះបង់ដើម្បីជាតិ ល្អជាងចង់ឈ្នះតែខ្លួនឯងប៉ុន្ដែធ្វើឲ្យអាមេរិកវឹកវរ បាត់បង់តម្លៃក្នុងឆាកអន្ដរជាតិ៕
ដោយ៖ពេញ ផេង