ថ្មីៗនេះសមាគមកាត់ដេរនៅកម្ពុជា ឬហៅថា GMAC បានចេញសារណែនាំដល់សមាជិកខ្លួនទាក់ទងនឹងប្រព័ន្ធអនុគ្រោះ GSP របស់ប្រទេសអង់គ្លេស ខណៈកម្ពុជាត្រូវបានរំពឹងថា ស្ថិតក្នុងចំណោមប្រទេសដែលអាចនឹងទទួលបាននូវប្រព័ន្ធអនុគ្រោះនេះផងដែរ។ តើប្រព័ន្ធអនុគ្រោះ GSP របស់ប្រទេសអង់គ្លេស អាចភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្សដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបទេ?
ឆ្លើយតបនឹងសំណួរខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបានលើកឡើងថា ប្រព័ន្ធអនុគ្រោះ GSP របស់ប្រទេសអង់គ្លេស ប្រហែងជាមិនតឹងរឹងដូចបណ្ដាប្រទេសមួយចំនួននោះទេ។ លោកលើកឡើងយ៉ាងដូច្នេះថា «តាមការប៉ាន់ស្មានប្រព័ន្ធអនុគ្រោះ GSP របស់ប្រទេសអង់គ្លេស ប្រហែលជាមិនមានលក្ខខណ្ឌតឹងរឹងដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ»……………
សំឡេងលោកសុខ ឥសាន៖
ដោយឡែកលោកយ៉ង់ សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ លោកបានឆ្លើយតបនឹងសំណួរនេះដែរ ដោយលើកឡើងថា ប្រព័ន្ធអនុគ្រោះ GSP របស់អង់គ្លេស អាចភ្ជាប់លក្ខខណ្ឌមួយចំនួនខ្លះ ដូចប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបដែរ ប៉ុន្តែលក្ខខណ្ឌយ៉ាងណានោះ វាអាស្រ័យលើការចចាររវាងកម្ពុជាជាមួយនឹងប្រទេសអង់គ្លេសប៉ុណ្ណោះ………
សំឡេងលោកយ៉ង់ សាំងកុមារ៖
រីឯលោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិវិញ លោកបានលើកឡើងថា ប្រព័ន្ធអនុគ្រោះ GSP របស់ប្រទេសអង់គ្លេស មិនខុសគ្នាប៉ុន្មានពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។ មិនខុសគ្នា ដោយសារតែប្រទេសអង់គ្លេស ធ្លាប់ជាអតីតសមាជិកមួយក្នុងសហគមន៍អឺរ៉ុបដែរ ដូច្នេះរឿង បញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យក៏មិនខុសគ្នាប៉ុន្មានដែរ…………
សំឡេងលោកអ៊ូ ច័ន្ទរ័ត្ន៖
យ៉ាងណាក៏ដោយបើតាមសមាគមកាត់ដេរកម្ពុជា ឬ GMAC ប្រព័ន្ធអនុគ្រោះទូទៅ GSP របស់អង់គ្លេសនេះ ជាដំបូងនឹងផ្ដល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចទៅនឹង GSP របស់សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះទៀតសោធនឹងមានក្របខ័ណ្ឌចំនួន៣ រួមមាន ទី១. ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត។ ទី២. ក្របខ័ណ្ឌទូទៅ និងទី៣. ក្របខ័ណ្ឌប្រសើរឡើង។
ជាក់ស្ដែងកម្ពុជាត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត។ កត្តានេះ GMAC យល់ឃើញថា កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ហើយនេះ គឺដូចគ្នាទៅនឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។
និយាយពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបវិញ គ្រប់ទំនិញរបស់កម្ពុជាដែលនាំទៅលក់នៅទីផ្សារអឺរ៉ុប ត្រូវបានអនុគ្រោះ លើកលែងតែអាវុធ។ តែក្រោយមកសហភាពអឺរ៉ុប បានសម្រេចយកពន្ធលើទំនិញកម្ពុជាចំនួន២០%វិញ ក្រោយសហភាពអឺរ៉ុប រកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្លាក់ចុះជាដើមមួយរយៈចុងក្រោយនេះ៕