របួសអាចកើតឡើងដោយសារតែកាំបិតមុត ឬប៉ះទង្គិចជាមួយនឹងវត្ថុមុតស្រួចផ្សេងៗ។ របួសទាំងនេះ អាចបន្សល់ទុកនូវស្នាមផ្លែ ក្រោយពេលជាសះស្បើយ ឬការព្យាបាលមានសភាពយឺតមិនងាយជា ប្រសិនបើអ្នកទទួលទានចំណីអាហារមិនបានត្រឹមត្រូវ។ ដូច្នេះ ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ហើយគ្មានស្នាមផ្លែ អ្នកគួរតែតមអាហារមួយចំនួនដូចជាសាច់សុនក។ សាច់សត្វមួយប្រភេទនេះ អាចផ្តល់ថាមពលនិងប្រូតេអ៊ីនច្រើនសម្រាប់រាងកាយ ហេតុនេះនៅពេលដែលអ្នកទទួលទាន ខណៈស្បែកកំពុងតែត្រូវរបួសនោះ ច្បាស់ជាបន្សល់ទុកនូវស្លាកស្នាមនិងផ្លែ ក្រោយពេលជាសះស្បើយ។
ស្រដៀងគ្នានេះដែរ ការបរិភោគសាច់គោ មិនត្រឹមតែធ្វើឲ្យមុខរបួសក្លាយ និងមានការឈឺចាប់កាន់តែខ្លាំងប៉ុណ្ណោះទេ វាក៏អាចបង្កើតស្លាកស្នាម ក្រោយពេលរបួសជាសះស្បើយដែរ។ ក្រៅពីសាច់ទាំងពីរប្រភេទនេះ សាច់មាន់ឯណេះវិញ ក៏មានឥទ្ធិពលអវិជ្ជមានលើរបួសផងដែរ។ ក្រៅពីធ្វើឲ្យមុខរបួសមានភាពរមាស់ សាច់មាន់ក៏អាចបង្កឲ្យរបួសក្លាយ មិនងាយជាដូចសាច់គោអ៊ីចឹង។ ជាពិសេស វាអាចបង្កឲ្យមានស្លាកស្នាមឬផ្លែ បន្ទាប់ពីរបួសបានជាសះស្បើយ។
ចំណែកត្រកួនដែលពេញនិយមខ្លាំងសម្រាប់មនុស្សមួយចំនួននោះ ក៏មិនស័ក្តិសមឡើយសម្រាប់អ្នកត្រូវរបួសទទួលទាន។ បន្លែពណ៌បៃតងមួយប្រភេទនេះ ផ្ទុកជាតិដែកដែលល្អបំផុតសម្រាប់រាងកាយ។ ក៏ប៉ុន្តែ អ្នកដែលត្រូវរបួសមិនគួរទទួលទានវាទេ ពីព្រោះអាចបង្កឲ្យកើតមានស្នាមផ្លែនៅត្រង់មុខរបួស ក្រោយពេលជាសះស្បើយ៕