ស្លាប់​និង​របួស​ជាច្រើន​នាក់​ក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្កានី​ស្ថាន​

22-11-2020 3:32 pm 398

​មន្ត្រី​អា​ហ្វ​ហ្កានី​ស្ថាន​និយាយថា លំនៅដ្ឋាន​ជាច្រើន​ក្នុង​ទីក្រុង​កា​ប៊ុល​ត្រូវ​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក​កែត និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៨​នាក់ និង​មនុស្ស​ជាង ៣០​នាក់​រងរបួស​។ ក្រសួង​មហាផ្ទៃ​អា​ហ្វ​ហ្កានី​ស្ថានបា​ននិយាយថា រ៉ុក​កែ​តជាង ១០​គ្រាប់ ត្រូវ​បាន​បាញ់​ចេញពី​រថយន្ត​ភី​ក​អាប់​ធំៗ​​នៅក្នុង​ទីក្រុង​។ យ៉ាងណា ការវាយប្រហារ​នេះ​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​សាសនា​អ៊ីស្លាម​អះអាងថា ជា​ទង្វើរ​របស់​ពួកគេ​។​

​ក្រៅពី​ធ្វើឲ្យ​មនុស្ស​ស្លាប់​និង​របួស ការវាយប្រហារ​ក៏បាន​បំផ្លិចបំផ្លាញ​អគារ​និង​យានយន្ត​ជាច្រើន​ផងដែរ​។ ជាមួយគ្នា​នោះ ស្ថានទូត​អ៊ីរ៉ង់​នៅ​ទីក្រុង​កា​ប៊ុល​បាន​និយាយថា បរិវេណ​ស្ថានទូត​របស់ខ្លួន​បាន​រង​ការវាយប្រហារ​ដោយ​បំណែក​កាំ​ជ្រួច ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​រងរ​បួស​ឡើយ​។​

​ការវាយប្រហារ​កើតឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​Mike Pompeo និង​តំណាង​អ្នក​ចរចា​របស់​តា​លី​បង់ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បន្ត​ការចរចា​សន្តិភាព​។ កាលពីដើម​សប្តាហ៍​នេះ​រដ្ឋបាល​លោកដូណាល់ ​ត្រាំ បានប្រកាស​គម្រោង​ដកទ័ព​ចំនួន ២,០០០​នាក់ ចេញពី​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​នៅ​ពាក់កណ្តាល​ខែ​មករា​។ ប៉ុន្តែ ការសម្រេចចិត្ត​ដកទ័ព​ចេញ​ពី​អា​ហ្វ​ហ្កានី​ស្ថាន​របស់​រដ្ឋបាលលោ​ក​ត្រាំ ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង ដោយសារតែវាជាការ​ដកទ័ព​លឿន​ពេក​។ លឿន​ពេក​ដោយហេតុថា រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ពុំទាន់​មាន​កម្លាំង​រឹងមាំ​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​ជាមួយ​ក្រុម​តា​លី​បង់ និង​សកម្មប្រយុទ្ធ​ដទៃ​ទៀត​ដែល​កំពុងតែ​ងើប​ឡើងវិញ​ឡើយ​។​

​ជាមួយគ្នា ក្រុមអ្នកវិភាគ​កំពុង​ព្រួយបារម្ភ​ថា កងទ័ព​អា​ហ្វ​ហ្កានី​ស្ថានមិន​មានកម្លាំង​គ្រប់គ្រាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំងដើម្បីការពារ​ខ្លួន​នោះទេ ប្រសិនបើ​ការវាយប្រហារ​នៅ​តែ​មាន​ហើយ​ទ័ព​ជំនួស​ពី​បរទេស ពិសេស​ទ័ព​អាមេរិក​ពិតជា​ត្រូវ​ដកចេញ​ទៀត​នោះ​។​

​គួរ​ជម្រាប​ថា ក្រុម​សកម្មប្រយុទ្ធ​សាសនា​អ៊ីស្លាម IS ជាអ្នកបង្កនូវការវាយប្រហារ​នេះ​ទីក្រុង​កា​ប៊ុល រាប់​ទាំង​ការវាយប្រហារ​ពីរ​ផ្សេង​ទៀត​លើ​វិទ្យាស្ថាន​អប់រំ​ដែល​បាន​សម្លាប់​មនុស្ស​ជិត ៥០​នាក់​កាលពី​សប្ដាហ៍​មុន​។ រីឯ​ក្រុម​សកម្មប្រយុទ្ធ​ពួក​តា​លី​បង់​វិញ បាន​ចេញ​មុខ​បដិសេធថា ខ្លួន​មិន​បាន​ពាក់ព័ន្ធ ឬ​បង្ករ​នូវ​ការវាយប្រហារ​នេះឡើយ​៕ រាយការណ៍​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត