លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាអតីតនាយករដ្ឋមន្ត្រីមួយរូបរបស់ថៃ ដែលមានប្រភពចេញពីត្រកូលអ្នកជំនួញដ៏ធំក្នុងប្រទេសនេះ។ លោកគឺជាបងប្រុសបង្កើតរបស់អ្នកស្រីយីងឡាក់ ស៊ីវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃដូចគ្នា។ លោក ថាក់ស៊ីនបានក្លាយជានាយរដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០១ ហើយត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៦។ ជីវិតរស់នៅលោកមិនធ្លាប់លំជួបការបាកឡើយ ប៉ុន្ដែអ្វីដែលលំបាកគឺជីវិតនយោបាយ ដែលធ្វើឲ្យលោកត្រូវនិរទេសខ្លួនទៅរស់នៅឯបរទេសដល់សព្វថ្ងៃ។
ដើមកំណើតនិងការសិក្សា
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា(Thaksin Shinawatra) កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅក្នុងខេត្តឈៀងម៉ៃ(Chiang Mai)ប្រទេសថៃ បច្ចុប្បន្នវ័យ៧១ឆ្នាំ។ ដូនតារបស់លោកមានដើមកំណើតមកពីប្រទេសចិន គឺតាទូតបានចូលមកក្នុងប្រទេសថៃក្នុងទសវត្សឆ្នាំ១៨៦០ និងបានតាំងទីលំនៅក្នុងខេត្ដឈៀងម៉ៃក្នុងឆ្នាំ១៩០៨។ លោកថាក់ស៊ីនបានកើតនៅក្នុងគ្រួសារមានទ្រពសម្បត្តិស្តុកស្ដម្ភ ជាត្រកួលអ្នកធ្វើជំនួញ។ ឪពុករបស់លោកក៏ជាអតីតតំណាងរាស្ត្រប្រចាំខេត្តឈៀងម៉ៃ ចាប់ពីចុងទសវត្សឆ្នាំ១៩៦០ដល់៧០ផងដែរ។ លោកមានបងប្អូនចំនួន៩នាក់ ហើយលោកក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបងប្រុសបង្កើតរបស់អ្នកស្រីយីងឡាក់ ជាអតីតនាយករដ្ឋមន្ដ្រីថៃដូចគ្នា។ តាមរយៈទ្រពសម្បត្តិដ៏ស្តុកស្តម្ភ លោកថាក់ស៊ីនមិនប្រឈមនឹងការលំបាកចំពោះបញ្ហាជីវភាពនោះទេ ហើយលោកក៏បានចូលក្នុងវិស័យជំនួញតាំងពីក្មេងមកម្ល៉េះ។ ពោលគឺនៅអាយុ១៦ឆ្នាំ លោកបានជួយមើលការខុសត្រូវក្នុងរោងភាពយន្តមួយក្នុងចំណោមរោងភាពយន្តជាច្រើនរបស់ឪពុកទៅហើយ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ចប់ការសិក្សានៅសាលាប៉ូលិសក្នុងឆ្នាំ១៩៧៣ បន្ទាប់មកក៏បានទទួលអាហារូបករណ៏ទៅបន្តការសិក្សានៅសាកលវិទ្យាល័យEastern Kentuckyនៅសហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យSam Houston State ស្ថិតក្នុងរដ្ឋតិចសាស(Texas)សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៨ ទទួលសញ្ញាបត្រថ្ងៃ១២ ខែឧសភា ឆ្នាំ១៩៧៩ ជំនាញទស្សនវិជ្ជា។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកក៏បានត្រឡប់មកកាន់ប្រទេសថៃវិញ ដោយចូលបំរើការងារនៅក្នុងផ្នែកកងកម្លាំងប៉ូលិស។ នៅឆ្នាំ១៩៨០លោក ក៏បានរៀបការជាមួយនឹងអ្នកស្រីផុតចាមែន ដាមាប៉ុង(Potjaman Damapong) ដោយមានកូនចំនួន៣នាក់ ប្រុសមួយស្រីពីរ ប៉ុន្ដែលែងលះនៅឆ្នាំ២០០៨។ នៅឆ្នាំ១៩៨៧ លោកថាក់ស៊ីនក៏បានសម្រេចចាកចេញពីការងារក្នុងកងកម្លាំងប៉ូលិសថៃ ដើម្បីត្រឡប់ចូលទៅក្នុងការងារជំនួញផ្ទាល់ខ្លួនរបស់លោកវិញ។
ការប្រឡូក្នុងនយោបាយ
នៅចុងឆ្នាំ១៩៩៤ លោកថាក់ស៊ីនបានចូលប្រឡូកក្នុងឆាកនយោបាយដោយចូលជាសមាជិករបស់ គណបក្សPDP ហើយលោកក៏បានក្លាយទៅជារដ្ឋមន្ត្រីក្រសួងការបរទេសថៃនៅឆ្នាំ១៩៩៤ផងដែរ។ ប៉ុន្តែនៅឆ្នាំ១៩៩៦ លោកក៏បានសម្រេចចិត្តចាកចេញពីគណបក្សនេះ ដោយទៅបង្កើតគណបក្សមួយដោយខ្លួនឯងឈ្មោះថាថៃរ៉ាក់ថៃ(Thai Rak Thai)ក្នុងឆ្នាំ១៩៩៨។ ក្នុងការបោះឆ្នោតនៅឆ្នាំ២០០១ ជ័យជម្នះក៏បានធ្លាក់ទៅលើគណបក្សដែលទើបតែបង្កើតថ្មីនេះ ហើយលោកថាក់ស៊ីនក៏បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។ ក្នុងរយៈកាលនៃការដឹកនាំក្នុងអាណត្តិដំបូងនោះ លោកថាក់ស៊ីន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសជាតិជាពិសេសជួយទៅដល់ប្រជាជននៅតាមតំបន់ជនបទតែម្តង។ ក្នុងនោះ ភាពក្រីក្រក៏បានកាត់បន្ថយគួឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់លោកក៏បានដាក់ចេញនូវគោលនយោបាយធ្វើកំណែទម្រង់លើវិស័យអប់រំ សេដ្ឋកិច្ច ហើយក៏បានដាក់ចេញនូវគោលនយោបាយកម្មវិធីសុខភាពដល់ប្រជាជនថៃផងដែរ។
នៅឆ្នាំ២០០៥ គណបក្សថៃរ៉ាក់ថៃ(Thai Rak Thai)របស់លោកថាក់ស៊ីន នៅតែទទួលបានជ័យជំនះដដែល។ ប៉ុន្តែយ៉ាងណាក៏ដោយ ការដឹកនាំក្នុងអាណត្តិទី២មិនមានដំណើរការល្អដូចអាណត្តិទី១ទេ ព្រោះថាលោកត្រូវបានគេចោទប្រកាន់ជាច្រើនករណី ដូចជារឿងរ៉ាវអំពើពុករលួយ ប្រើប្រាស់អំណាចផ្តាច់ការ អំពើក្បត់ជាតិ និងបទចោទប្រកាន់ជាច្រើនទៀត។ លុះដល់ឆ្នាំ២០០៦ ខណៈពេលដែលលោកថាក់ស៊ីនកំពុងតែស្ថិតនៅឯបរទេស កងយោធាថៃដែលគេហៅថាក្រុមប្រឹក្សាសន្តិសុខជាតិ ក៏បានធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែង។ មិនតែប៉ុណ្ណោះ ក៏បានរំលាយគណបក្សថៃរ៉ាក់ថៃ(Thai Rak Thai) របស់លោកចោល ដើម្បីរារាំងកុំឲ្យចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ ជាងនេះទៀត ទ្រព្យសម្បត្ដិគ្រួសារលោកថាក់ស៊ីនប្រមាណជាង២ពាន់លានដុល្លាត្រូវបានរឹបអូស ដោយគេចោទប្រកាន់ថាជាទ្រពសម្បត្តិកើនខុសពីធម្មតា ចាប់តាំងពីលោកថាក់ស៊ីនឡើងកាន់តំណែងជានាយរដ្ឋមន្ត្រីកាលពីឆ្នាំ២០០១។
លោកថាក់ស៊ីនបានត្រឡប់ចូលប្រទេសថៃនៅខែកុម្ភៈឆ្នាំ២០០៨ បន្ទាប់ពីគណបក្សអំណាចប្រជាជនជាបក្សលោកគាំទ្រ បានឈ្នះឆ្នោតក្រោយរដ្ឋប្រហារ។ ប៉ុន្ដែបន្ទាប់ពីលោកចាកចេញពីថៃទៅទីក្រុងប៉េកាំង ចូលរួមព្រឹត្ដិការណ៍អូឡាំពិកក្នុងរដូវក្ដៅឆ្នាំ២០០៨ លោកមិនបានត្រឡប់មកប្រទេសថៃវិញទេ ហើយក៏មិនបានចូលរួមសវនាការកាត់ទោសលើកចុងក្រោយនៅតុលាការកំពូលដែរ។ លោកបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេស ប៉ុន្ដែការស្នើសុំត្រូវបានបដិសេធ បន្ទាប់មកលោកត្រូវធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ នៅខែតុលាឆ្នាំ២០០៨ តុលាការកំពូលរកឃើញពិរុទ្ធទាក់ទងនឹងទំនាស់ផលប្រយោជន៍ ហើយបានកាត់ទោសកំបាំងមុខឲ្យលោកជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។
បច្ចុប្បន្ននេះលោកថាក់ស៊ីននៅបន្តរស់នៅក្រៅប្រទេសនៅឡើយរយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីគេចពីការដាក់ទោស។ ប៉ុន្តែយ៉ាងក៏ដោយ លោកថាក់ស៊ីនបានលើកឡើងថា លោកមិនបានធ្វើរឿងខុសដូចការចោទប្រកាន់នោះទេ។ ជាការកត់សម្គាល់ក្រោយពីលោកថាក់ស៊ីន ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងរួចមក ប្អូនស្រីបង្កើតរបស់លោកគឺអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ក៏បានចូលប្រឡូកក្នុងឆាកនយោបាយបន្ដពីបងប្រុស ហើយក៏បានក្លាយជានាយយករដ្ឋមន្ត្រីថៃនៅឆ្នាំ២០១១។ វត្តមានអ្នកស្រីយីងឡាក់ក្នុងឆាកនយោបាយថៃ ក៏ត្រូវបានក្រុមប្រឆាំងនឹងលោកថាក់ស៊ីនលើកឡើងថា អ្វីៗជាការរៀបចំរបស់លោកថាក់ស៊ីនប៉ុណ្ណោះ។ តែលោកថាក់ស៊ីនក៏បានបដិសេធជុំវិញបញ្ហានេះ។
ដឹកនាំប្រទេសមិនបានប៉ុន្មានឆ្នាំផង គឺនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ តុលាការធម្មនុញ្ញថៃបានទម្លាក់អ្នកស្រីចេញពីតំណែងនាយករដ្ឋមន្ដ្រី ក្រោយមានវិបត្ដិនយោបាយជាច្រើនខែ។ ទីបំផុតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ យោធាក៏ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបន្ដទៀត ដើម្បីស្ដារស្ថានការណ៍ពីភាពវឹកវរដោយសារការតវ៉ា។ បច្ចុប្បន្នអ្នកស្រីក៏មានជាប់ព័ន្ធនឹងការចោទប្រកាន់ជាច្រើនករណី និងបានគេចចេញពីប្រទេសថៃដើម្បីរួចផុតពីទោសទណ្ឌផងដែរ។ សរុបមកទាំងលោកថាក់ស៊ីននិងអ្នកស្រីយីងឡាក់នៅពេលនេះ មានវាសនាដូចគ្នា គឺត្រូវនិរទេសទៅរស់នៅក្រៅស្រុកឆ្ងាយពីទឹកដីកំណើត។ ដ្បិតជាអ្នកជំនួញដ៏ជោគជ័យមួយរូប ប៉ុន្ដែលោកថាក់ស៊ីនត្រូវបរាជ័យក្នុងជីវិតនយោបាយ។ សព្វថ្ងៃលេចដំណឹងថាលោកថាក់ស៊ីនមានទីលំនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ហើយអ្នកស្រីយីងឡាក់វិញលេចលឺថានៅអង់គ្លេសផង នៅអារ៉ាប់រួមផង ហើយក៏មានព័ត៌មានថាអ្នកស្រីទទួលបានសញ្ជាតិស៊ែប៊ីក្នុងឆ្នាំ២០១៩៕
ដោយ៖ពេញ ផេង