វៀតណាមផ្តល់សិទ្ធិដល់កម្ពុជា ដឹកនាំការប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេម ឆ្នាំ២០២១

22-11-2020 11:22 am 605

 កម្ពុជាពិតជាមានមោទនភាព ដែលម្ចាស់ផ្ទះវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួត«មួយ»ឬ «គុនខ្មែរ»នៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះវៀតណាមបា នផ្តល់សិទ្ធិដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាគុនខ្មែរអាស៊ី រួមដៃគ្នាក្នុងការរៀបចំការប្រកួតនេះ។ នេះបើតាមការបញ្ជាក់របស់លោកវ៉ាត់ ចំរើន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេម តាម Video Conference ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបង្ហាញនូវសុទិដ្ឋិនិយមថា កីឡាគុនខ្មែរ គឺជាប្រភេទកីឡាសក្ដានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។ តែអ្វីដែលគួរឲ្យមានមោទនភាពនោះ គឺវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យកម្ពុជារៀបចំការប្រកួតលើប្រភេទកីឡាគុនខ្មែរ ដែលជាសញ្ញាណដ៏ល្អ សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរនេះ។

លោកបន្តថា ការធ្វើស៊ីហ្គេមមុនៗ ប្រភេទកីឡាមួយហ្នឹងគឺគេឲ្យទៅមួយថៃ ជាអ្នកគ្រប់គ្រងរៀបចំការប្រកួត តែឥឡូវនេះយើងបានតវ៉ាឈ្នះ នៅលើការងារនេះថា គុនខ្មែរយើងត្រូវតែជាអ្នកដឹកនាំការប្រកួតនេះ ទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម។ ដូច្នេះម្ចាស់ផ្ទះវៀតណាម ក្នុងនាមជាប្រធានស៊ីហ្គេម បានសម្រេចឲ្យយើងធ្វើការដឹកនាំការប្រកួត។ នេះគឺជាផ្លូវមួយ ដែលវែកឲ្យយើងងាយស្រួលក្នុងការជំរុញកីឡាគុនខ្មែររបស់យើងឲ្យឈានទៅរកឧត្តមភាពខ្លាំងក្លាក្នុងពេលប្រកួត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតរយៈពេល ១២ថ្ងៃ នៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ ចំពោះប្រភេទកីឡាដាក់ឲ្យប្រកួតមកទល់ពេលនេះ នៅមិនទាន់សម្រេច ១០០% នោះទេ បន្ទាប់ពីមានបណ្ដាប្រទេសសមាជិកអាស៊ានស្នើសុំដាក់បញ្ចូលប្រភេទកីឡាមានសក្ដានុពល តាមប្រទេសនីមួយៗមួយចំនួនទៀត ក្នុងនោះក៏មានកម្ពុជាដែរ ខណៈម្ចាស់ផ្ទះវៀតណាមបានអះអាងថា នឹងប្រកាសផ្លូវការនាពេលឆាប់ៗខាងមុខ ពោលគឺមុនការប្រកួត១ឆ្នាំ៕

ដោយ៖ភិន សុភី 

ព័ត៌មានផ្សេងទៀត