អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ចិន​ចំនួន​៤​ទៀត​ចូល​បញ្ជីខ្មៅ​របស់​មន្ទីរ​បញ្ច​កោណ​

21-11-2020 3:45 pm 343

​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បាន​ដាក់បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ចិន​ចំនួន​៤ ដែល​គាំទ្រ​ដោយ​យោធា​ចិន​ចូលទៅក្នុង​បញ្ជីខ្មៅ​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​។ តែ​ករណី​នេះ ខាង​សេត​វិមាន​អាមេរិក និង​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិន​បង្ហាញ​នូវ​ឆ្លើយតប​ណាមួយ​ឡើយ​។​

​ការដាក់​បញ្ជូន​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​៤​ថ្មី​នេះ នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ស្ថិត​ក្នុង​បញ្ជីខ្មៅ​នៅ​អាមេរិក​មាន​ចំនួន ៣៥​ក្រុមហ៊ុន​។ ​ក្រុមហ៊ុន​ទាំង ៤​នេះ រួមមាន​ដូចជា ក្រុមហ៊ុន​យក្ស​Hikvision ក្រុមហ៊ុន​China Telecom Corp ក្រុមហ៊ុន​China Mobile និង​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត ហើយ​ក្រុមហ៊ុន​ទាំង​នេះ​ទើប​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​កាលពីដើមឆ្នាំ​២០២០​នេះ​។​

​ជុំវិញ​ការដាក់​បញ្ចូលឈ្មោះ​ក្រុមហ៊ុនចិន​ទៅកាន់​បញ្ជីខ្មៅ​របស់​អាមេរិក ទំនង​អាច​ជា​លេស​មួយ ដើម្បី​បង្ក​ជា​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​(​អាមេរិក​-​ចិន​)​។ ជាក់ស្ដែង​មហាអំណាច​ទាំង​ពីរ​កំពុង​មាន​ភាព​រកាំរកូស​នឹង​គ្នា​ទាក់ទង​នឹង​បញ្ហា​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ ក៏ដូចជា​ការដាក់ចេញ​នូវ​ច្បាប់​សន្តិសុខ​ថ្មី​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ទីក្រុងហុងកុង​។​

​ជាមួយគ្នា ក្រុម​អ្នកជំនាញ​បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ បទ​បញ្ជា​ប្រតិបត្តិ​លើ​ក្រុមហ៊ុន​ចិន​ដែល​ស្ថិត​ក្នុង​បញ្ជីខ្មៅ​ទំនងជា​មិន​ធ្វើឱ្យ​ក្រុមហ៊ុន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយហេតុថា មិនទាន់​មាន​ភាព​ច្បាស់​លាស់​នៅឡើយ រដ្ឋបាល​ដឹកនាំ​ដោយ​លោកចូ បាយ​ដិន ដែល​ទើប​ឈ្នះឆ្នោត​នឹង​ឡើងមក​ជំនួស​លោក​ត្រាំ​វិញ ហើយ​​ការផ្លាស់​ប្ដូរ​នឹងអាចមាន។ ជាក់ស្ដែង លោក​បាយ​ដិន ដែល​នឹង​ត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ មិន​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​លម្អិត​ណាមួយ​ទាក់ទង​នឹង​ចិន​នោះទេ​។ ប៉ុន្តែ​ទំនងជា​លោក​អាច​នឹង​បន្ត​វិធានការ​តឹងរឹង​ដដែល​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដូច​ទៅ​នឹង​លោក​ត្រាំ​ដែរ​។​

​គួរបញ្ជាក់​ថា បញ្ជី​ខ្មៅ​ដែល​មាន​រាយ​នាម​ក្រុមហ៊ុន​គាំទ្រ​ដោយ​យោធា​ចិន​កុម្មុយនីស្ត ត្រូវបាន​បង្កើត​និង​ចងក្រង​ឡើង​ដោយ​ច្បាប់​តាំងពី​ឆ្នាំ ១៩៩៩​។ បញ្ជី​នេះ​តម្រូវ​ឲ្យ​មន្ទីរបញ្ច​កោណ​ត្រូវបញ្ចូល​ក្រុមហ៊ុន​ណា​ដែល​គ្រប់គ្រង​ដោយ​យោធា​ចិន ប៉ុន្តែ​ក្រសួងការពារជាតិ​អាមេរិក​ទើប​តែ​អនុវត្ត​នៅ​ឆ្នាំ​២០២០​នេះ​ប៉ុណ្ណោះ​។ ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  អាមេរិកចិនក្រុមហ៊ុន

ព័ត៌មានផ្សេងទៀត