ប៉ា​គី​ស្ថាន​នឹង​បញ្ជូន​ដំរី​អាស៊ី​Kaavan​ឲ្យមក​រស់​នៅ​កម្ពុជា​វិញ​

21-11-2020 3:04 pm 1006

​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​ការអភិរក្ស​ដំរី​អាស៊ី​ដែល​ជា​ប្រភេទ​សត្វ​កម្រ​។ កា​វ៉ាន់ (Kaavan) ជា​ប្រភេទ​ដំរី​អាស៊ី មាន​អាយុ ៣៥ ឆ្នាំ នឹង​ត្រូវ​ដឹក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ទៅកាន់​ព្រៃ​នៅ​តំបន់​ការពារ ក្នុងប្រទេស​កម្ពុជា​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​នេត ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។​

​ក្រសួង​បរិស្ថាន​បានឲ្យដឹងថា នៅពេល​ដំរី​កា​វ៉ាន់ មកដល់​ប្រទេស​កម្ពុជា នឹង​ត្រូវ​ផ្ទេរ​ទៅ​ព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​។ បន្ទាប់ពី​បាន​ស្គាល់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ក្រុម​អភិរក្ស​នឹង​ដោះ​លែង​ដំរី​អាស៊ី​មួយ​នេះ ទៅ​ក្នុង​ព្រៃ​ហើយ​ដោយ​សង្ឃឹមថា​វា​នឹង​រីករាយ​នឹង​ព្រៃឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា​។ 

​ថ្មីៗ​នេះតុលាការប៉ាគីស្ថានបានសម្រេចឲ្យ ​អ្នកគ្រប់គ្រង​សួន​សត្វ Islamabad បញ្ជូន​សត្វ​ដំរី ឈ្មោះ Kaavan ឲ្យមក​រស់​នៅ​កម្ពុជា​វិញ​ជាមួយ​ការ​មើលថែ​យ៉ាង​ដិតដល់​ពី​សំណាក់​អ្នកជំនាញ​។ 

​ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់​ពី​សកម្មជន​សត្វ​ការពារ​សត្វ​ទូទាំង​ពិភពលោក បាន​ធ្វើ​យុទ្ធនាការ​សម្រាប់ការ​មាន​សេរីភាព​របស់ Kaavan ដោយ​ចោទប្រកាន់​ថា សួន​សត្វ Islamabad បាន​ដាក់​វាឲ្យ​នៅ​ឯកោ ដាក់ច្រវ៉ាក់ នឹង​មិន​បាន​ផ្តល់​ការ​មើលថែ និង ផ្តល់​ជម្រក​បាន​ត្រឹមត្រូវ ក្នុងកំឡុងពេល​រដូវក្តៅ ។ ជាមួយគ្នា​នោះ​ដែរ បើ​យោង​តាម​ការ ឱ្យដឹង​របស់​អ្នកជំនាញ​សត្វ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បានបញ្ជាក់​ថា ដំរី​កំសត់ Kaavan បាន​បញ្ជេញ​អាកប្បកិរិយា​ខុស​ប្រក្រ​តី​ហាក់បីដូចជា​មាន​បញ្ហា​ផ្លូវចិត្ត បន្ទាប់​ពី​ដៃគូ​របស់​វា​ឈ្មោះ Saheli បាន​ស្លាប់​តាំងពី​ឆ្នាំ ២០១២ ហើយ​វា​ត្រូវ​នៅ​ឯកោ​តែម្នាក់ឯង​។ 

​ដោយសារតែ​មូលហេតុ​ទាំងអស់នេះ ទើប​តុលាការ​ប៉ា​គី​ស្ថាន​បាន​សម្រេច​ឲ្យ Kaavan មក​នៅ​ជម្រក​ដែល​សមរម្យ ក្នុងនោះ​អ្នកជំនាញ​ក៏បាន​លើកឡើង​ពី​សួនសត្វ​នៅ​កម្ពុជា​ដែល​មាន​ផ្ទៃ​ដី​ជាង ១០១​គីឡូម៉ែត្រ​ការ៉េ ហើយ​ឆាប់ៗ​ខាងមុខនេះ Kaavan នឹង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជាមួយ​ដំរី​ផ្សេងៗ​ទៀត​ជាច្រើន​៕ ដោយ៖ សៅ វិសាល

ព័ត៌មានផ្សេងទៀត