​តើ​កម្ពុជា​ទទួលផល​អ្វីខ្លះ​​ពី​GSP​អង់គ្លេស​​ប្រសិនបើ​ទទួលបាន​?​

21-11-2020 11:59 am 2175

​ថ្មីៗ​នេះ​សមាគម​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅថា GMAC បានចេញ​សារ​ណែនាំ​មួយ​ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ GSP របស់​ប្រទេស​អង់គ្លេស ខណៈ​កម្ពុជា​ត្រូវបាន​រំពឹងថា ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​អាចនឹងទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ផងដែរ​។ តើ​កម្ពុជា​ទទួល​ផលចំនេញ​អ្វីខ្លះ​ពី GSP អង់គ្លេស​បន្ទាប់ពី​GSP សហភាព​អឺរ៉ុប ប្រសិនបើ​កម្ពុជា​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​នេះ​?

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​មាន​សុទិដ្ឋិនិយម​ថា បើ​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អង់គ្លេស ហើយ​កម្ពុជា​មាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត វា​ជា​រឿង​សប្បាយចិត្ត​សម្រាប់​កម្ពុជា​។ លោក​បន្ថែមថា ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អង់គ្លេស និង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​ទទួលបាន វា​អាច​ស្មើ​ទៅនឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ដែរ​……………

សំឡេង​លោក​សុខ ឥសាន​៖

​ដោយឡែក​លោក​យ៉ង់ សាំង​កុមារ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អះអាងថា ប្រសិនបើ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អង់គ្លេស សម្រាប់ធ្វើ​ការនាំចេញ​ទំនិញ​ផ្សេងៗ​ពិតមែន នោះ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​មាន​ភាពប្រសើរ និង​មាន​ការងារ​ធ្វើ​បន្ថែមទៀត ខណៈ​កម្ពុជា​កំពុងតែ​ប្រឈម​នូវ​បញ្ហា​សេដ្ឋកិច្ច ក៏ដូចជា​ខ្វះ​ការងារ​ធ្វើ​ជាដើម ដោយសារ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ទាំង​នៅក្នុង​តំបន់ និង​សកលលោក​……………

​សំឡេង​លោក​យ៉ង់ សាំង​កុមារ​៖

​សូមបញ្ជាក់ថា បើតាម​សមាគម​កាត់ដេរ​កម្ពុជា ឬ GMAC (Garment Manufacturers Association in Cambodia) បាន​លើកឡើងថា បើ​យោងទៅលើ​ផ្នែក​នៃ​អន្តរកាល​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប របស់​ប្រទេស​អង់គ្លេស (Brexit) សម្រាប់​វិធាន​ថ្មី​ក្នុង​ឆ្នាំ​២០២១ ដែល​ចេញ​ដោយ​នាយក​រដ្ឋ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អង់គ្លេស កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប្រទេស​អង់គ្លេស បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​រយៈពេល​អន្តរកាល​បន្ទាប់ពី​អង់គ្លេស​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​នេះ​។ ជាក់ស្ដែង​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២១ ប្រទេស​ដែលមាន​លក្ខណៈសម្បត្តិ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស​។​

​គួរ​បញ្ជាក់ថា ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP របស់​អង់គ្លេស​នេះ ជាដំបូង​នឹង​ផ្ដល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា​ដូច​ទៅនឹង GSP របស់​សហភាព​អឺរ៉ុប​ដែរ​។ ប្រព័ន្ធ GSP របស់​អង់គ្លេស​នេះ​ទៀតសោធ​នឹងមាន​ក្របខ័ណ្ឌ​ចំនួន​៣ រួមមាន ទី​១. ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​។ ទី​២. ក្របខ័ណ្ឌ​ទូទៅ និង​ទី​៣. ក្របខ័ណ្ឌ​ប្រសើរឡើង​។ 

​ជាក់ស្ដែង​កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ដោយ​អង្គការសហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត គឺ​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​។ កត្តា​នេះ GMAC យល់ឃើញថា កម្ពុជា​នឹង​ទទួលបាន​ការនាំចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​ការកំរិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស​សម្រាប់​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ ហើយ​នេះ គឺ​ដូចគ្នា​ទៅនឹង​គម្រោង EBA ក្រោម​ប្រព័ន្ធ GSP របស់​សហភាព​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត