ផ្ទុះ​កំហឹង​តវ៉ា​នៅ​ប្រេ​ស៊ីល​ក្រោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​វាយ​សម្លាប់​

21-11-2020 11:51 am 184

​ការតវ៉ា​ដ៏​ក្ដៅគគុក​មួយ​បាន​ផ្ទុះ​ឡើង​ស្ទើរ​ពាសពេញ​ប្រទេសប្រេ​ស៊ីល ក្រោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​វាយ​សម្លាប់​យ៉ាង​ឃោរឃៅ​ដោយ​សន្តិសុខ​២​នាក់​នៅ​ខាងក្រៅ​បរិវេណ​ផ្សារ​ទំនើប​មួយ​កន្លែង​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៩ វិច្ឆិកា ឆ្នាំ​២០២០​។ ការតវ៉ា​ជា​ស្មារតី​ក្នុង​ការការពារ​ជនជាតិ​ស្បែក​ខ្មៅ ក៏ដូចជា​ការជំរុញ​ឲ្យមាន​ការ​តស៊ូ​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២០​វិច្ឆិកា​។ 

​គួរបញ្ជាក់​ថា បុរស​ស្បែក​ខ្មៅ​ដែល​ត្រូវ​គេ​វាយ​សម្លាប់​មានឈ្មោះ​Joao Alberto Silveira Freitas អាយុ ៤០​ឆ្នាំ​។ បុរស​រងគ្រោះ​ត្រូវ​សន្តិសុខ​ចំនួន​២​នាក់​ក្នុង​ផ្សារ​ទំនើប​មួយ នា​ទីក្រុង​Porto Alegre​វាយ​ចំ​ផ្ទៃមុខ និង​ក្បាល​រហូតដល់​ស្លាប់​យ៉ាង​អាណោច​អាធ​ម​។ វីដេអូ​នៃ​ហិង្សា​លើ​បុរស​ស្បែក​ខ្មៅ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម និង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ប្រេ​ស៊ីល​។ យ៉ាងណា​សន្តិសុខ​ដៃដល់​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​រួចហើយ​។​

​ប្រទេសប្រេ​ស៊ីល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​ប្រកាន់​នូវ​ជាតិ​សាសន៍​និយម​យូរយារ​ណាស់​មក ពោល​ប្រទេស​នេះ ជា​ប្រទេស​ចុងក្រោយបង្អស់​នៅ​ទ្វីបអាមេរិក​ដែល​លុបចោល​របប​ទាសភាព​ក្នុង​ឆ្នាំ ១៨៨៨​។ ជាក់ស្ដែង​ប្រពៃណី​ជនជាតិ​ប្រេ​ស៊ីល គឺ​គេ​បង្រៀន​ឲ្យមាន​រស់​នៅក្នុង​បែបប្រ​ជា​ធិបតេ​យ្យ​ជាតិ​សាសន៍​តែមួយ​។ តែ​ដោយ​ឡែក លោក​Jair Bolsonaro ប្រធានាធិបតី​ប្រេ​ស៊ីល បានប្រកែក​ថា​មិន​មាន​ការ​រើស​អើ​ស​ពូជសាសន៍​បែប​នេះ​ឡើយ​។ 

​ការតវ៉ា​ដែល​បាន​ផ្ទុះឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០​វិច្ឆិកា ក្នុង​ទីក្រុង​ជាច្រើន ដោយ​មាន​នៅ​ទីក្រុង Porto Alegre និង​នៅ​រដ្ឋធានី​Brasilia​ជាដើម​។ ពួកគេ​បាន​ស្រែក និង​កាន់​បដា​ដែល​សរសេរ​ថា «​ខ្មាស់អៀន​នៃ​ជនជាតិ​ស្បែក​ស​» និង​ពាក្យ «​សូម​បញ្ឈប់​ការសម្លាប់​យើង​»​។​

​សូមជម្រាបថា ការតវ៉ា​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​ពី​សំណាក់​ជនជាតិ​ស្បែក​ស​ទៅ​លើ​ជនជាតិ​ស្បែក​ខ្មៅ​បាន​កើតឡើង​ជា​បន្តបន្ទាប់​។ ពោល​ចាប់តាំងពី​មាន​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​George Floyd នៅ​សហរដ្ឋអាមេរិក​កាលពី​ខែ​ឧសភា​កន្លង​ទៅ​។ ចលនា​តវ៉ា​នេះ​ត្រូវ​គេ​បាន​ដាក់ឈ្មោះថា Black Lives Matter និង​ទទួលបាន​ការចាប់អារម្មណ៍​ទូទាំង​ពិភពលោក​ផងដែរ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត