របបសន្តិសុខសង្គមផ្នែកប្រាក់សោធនគ្រោងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ

21-11-2020 11:26 am 556
បេឡាជាតិសន្ដិសុខសង្គមបានបើកវគ្គបណ្ដុះបណ្ដាលស្តីពី"របបសន្តិសុខសង្គមផ្នែកប្រាក់សោធន"ជូនដល់ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យ នៃស្នាក់ការកណ្តាល ប.ស.ស. កាលពីព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកានេះ ក្រោមការដឹកនាំដោយ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ។     ថ្លែងនៅពេលបើកវគ្គបណ្ដុះបណ្ដាលនេះ លោកអ៊ុក សមវិទ្យា បានលើកឡើងថា ចំពោះរបបសន្ដិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលបំណងធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹង តាវកាលិកផ្នែកប្រាក់សោធន រួមមានសោធនជរាភាព(ជនដែលមានអាយុ៥៥ឆ្នាំមានសិទ្ធិទទួលប្រាក់)  សោធនទុព្វលភាព(ជនដែលមានវ័យ៥៥ឆ្នាំដែលចាប់ផ្តើមបាត់បង់សមត្ថភាពការងារ)  និងសោធនឧត្តរជីវី(ជនដែលស្ថិតនៅក្នុងបន្ទុកនៃអ្នករងហានិភ័យការងាររហូតបាត់បង់ជីវិត)។     រួមជាមួយគ្នានេះដែរ លោកសមវិទ្យា ក៏បានបញ្ជាក់ផងដែរថា សមិទ្ធិផលថ្មីនេះ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ហើយបុគ្គលដែលត្រូវគាំពារផ្នែកប្រាក់សោធនមានដូចជា បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ៕ ដោយ៖ បឿ សុភា

ព័ត៌មានផ្សេងទៀត