ក្រោយ​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​រដ្ឋ​Georgia​លោក​បាយដិន​នៅ​តែ​ឈ្នះ​លោក​ត្រាំ​

20-11-2020 2:41 pm 682

​រដ្ឋបាល​រដ្ឋ​Georgia នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោកចូ បាយ​ដិន បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុងរដ្ឋនេះ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី ៣​វិច្ឆិកា​កន្លងទៅ​។ ការបញ្ជាក់​របស់​រដ្ឋ​បាល​រដ្ឋ​Georgia ធ្វើឡើង​បន្ទាប់​ពី​រដ្ឋ​នេះ​បាន​ធ្វើ​បញ្ចប់​នូវ​ការធ្វើ​សវនកម្ម ឬ​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​១៩​វិច្ឆិកា​។​

​ការផ្ទៀងផ្ទាត់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​Georgia​នេះ ធ្វើឡើង​ក្រោយ​មាន​ការប្រកាស​លទ្ធផល​ក្រៅផ្លូវការ​មួយ​បានបង្ហាញ​ថា លោក​បាយ​ដិនបាន​យកឈ្នះ​លោកត្រាំ​ប្រមាណ ១៤,០០០​សន្លឹកឆ្នោត ក្នុង​ចំណោម​សន្លឹកឆ្នោត​ជាង ៥​លាន​សន្លឹកឆ្នោត​។ ជាក់ស្ដែង​ក្រោយ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​បាន​បញ្ចប់ គឺ​លោក​បាយ​ដិន ពិតជា​ឈ្នះ​លោក​ត្រាំ​ប្រាកដ​មែន ដោយ​លោក​បាយដិន​ទទួលបាន​សន្លឹកឆ្នោត​លើស​លោកត្រាំ​ចំនួន ១២,២៨៤​សន្លឹកឆ្នោត​។​

​ឆ្លើយតប​នឹង​លទ្ធផល​ផ្ទៀងផ្ទាត់​ខាងលើ មន្ត្រី​សន្តិសុខ​នៃ​រដ្ឋ​Georgia និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍្ត​ថា ការផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​បាន​បញ្ជាក់ថា ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​ពិតជា​បាន​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នក​ឈ្នះ​ក្នុង​ការបោះឆ្នោត​។​

​គួរកត់សម្គាល់​ថា លោក​បាយ​ដិន បាន​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ដំបូង​គេ​បំផុត​ក្នុង​រយៈពេល​ជាង ៣​ទស្សវត្ស​ចុង​ក្រោយ​នេះ ដែល​បាន​យក​ឈ្នះ​នៅ​ក្នុង​រដ្ឋ Georgia ជា​រដ្ឋ​មួយ​ស្ថិតក្នុង​ចំណោម​រដ្ឋ Swing state(​រដ្ឋ​មាន​សំឡេង​ប្រទាញប្រទង់​រវាង​បក្ស​ទាំងពីរ​)​។​

​សូម​រម្លឹកថា លោក​ត្រាំ បាន​អះអាង​ដោយ​គ្មាន​ភស្ដុតាង​ថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ជាង ៥​លាន​សន្លឹក​នៅក្នុង​រដ្ឋ Georgia ត្រូវបាន​គេ​លួច​បន្លំ ហើយ​ថា​លោក​គឺជា​អ្នក​ឈ្នះ​ក្នុង​រដ្ឋ​មួយ​នេះ​ដដែល ប្រសិនបើ​ជា​ការរាប់​សន្លឹកឆ្នោត​មាន​ភាពត្រឹមត្រូ​វ​។ យ៉ាងណា​សម្រាប់​លទ្ធផល​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០៣​វិច្ឆិកា​កន្លងទៅ បង្ហាញ​ថា​លោក​បាយ​ដិន ទទួលបាន​ជ័យជម្នះ​លើ​លោក​ត្រាំ ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៣០៦​អង្គ​បោះឆ្នោត​តំណាង ខណៈ​លោក​ត្រាំ​ទទួល​បាន​ត្រឹមតែ ២៣២​អង្គ​បោះឆ្នោត​ប៉ុណ្ណោះ​។ ដោយឡែក​សម្រាប់​ការប្រកាស​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ថ្មី​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត