អគារទីស្តីការក្រសួងសាធារណការថ្មីសម្រេចការសាងសង់បាន៩៥ភាគរយហើយ

20-11-2020 2:36 pm 233

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មកដល់ពេលនេះ អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី សម្រេចការសាងសង់បាន៩៥ភាគរយហើយ ពោលគឺស្ទើរតែទាំងស្រុង នៅឡើយតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួនបង្កើនសោភ័ណភាព ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។ ការថ្លែងរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឱកាសដែលលោកបាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានណែនាំឱ្យគណៈកម្មការទទួលបន្ទុកការងារសាងសង់ ធ្វើការកែសម្រួលចំណុចខ្វះខាតមួយចំនួននៅខាងក្រៅ ក៏ដូចជាផ្ទៃខាងក្នុងអគារ ដើម្បីបង្កើនគុណភាព និងលើកកម្ពស់សោភ័ណភាពអគារឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណាសម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការប្រកបដោយផាសុកភាព។ លោកបញ្ជាក់បន្ថែមទៀតដា អគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

គួរបញ្ជាក់ផងដែរថា អាគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខ៕ ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត