ទីបំផុត​កូរ៉េខាងត្បូង​ឯកភាព​សង់​ស្ពាន​ឆ្លងទន្លេ​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល​

20-11-2020 11:22 am 4201

​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ឯកភាព​ជួយ​សាងសង់​ស្ពាន​មួយ​ខ្សែ​ឆ្លងកាត់​ទន្លេ​នៅ​ភូមិសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​ខេត្តកណ្តាល​ហើយ​។ ការសម្រេច​នេះ​បាន​ធ្វើឡើង​តប​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​សារព័ត៌មាន​Fresh News នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​នេះ​ថា ក្រោយ​ការសម្រេច​ឯកភាព​ពី​កូរ៉េខាងត្បូង ពេលនេះ​ក្រុម​ការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​សិក្សា និង​រើស​ទីតាំង​។ 

​លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទីតាំង និង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​សាងសង់​នៅ​ឡើយ​នោះទេ ដោយ​លោក​គ្រាន់​បញ្ជាក់ថា ជា​ស្ពាន​ឆ្លងកាត់​ទន្លេ និង​មាន​ទីតាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​
​ប្រមុខ​រដ្ឋាភិបាល​បាន​លើកឡើង​ថា បច្ចុប្បន្ន​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​, ស្ពាន​មិត្តិភាព​កម្ពុជា​-​ជប៉ុន ឆ្លងកាត់​ទន្លេ​អស់ហើយ​។ តែ​មិន​ទាន់​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេ​នៅ​ឡើយ ដូច្នេះ​លោក​បាន​ស្នើ​ប្រធានាធិបតី​កូរ៉េ ជួយ​សាងសង់​ស្ពាន​មិត្តភាព​ឆ្លងកាត់​ទន្លេ​នេះ​។​

​គួរបញ្ជាក់​ថា កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា ស្ពាន​ឆ្លងកាត់​ទន្លេ​ដែល​លោក​ចង់​សាងសង់​នោះ គឺ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ក្នុង​ភូមិសាស្ត្រ​ទឹកដី​ជ្រោយចង្វា ឆ្ពោះ​ទៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ស្ពាន​ឆ្លងកាត់​ទន្លេ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ឃុំ​ស្វាយជ្រុំ ជា​មិទ្ធ​ផល​មួយ​ដែល​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​រំពឹង​ចង់ឃើញ​ជា​យូរណាស់​មកហើយ​។ បើសិន​ជា​ស្ពាន​នេះ​លិចចេញ​ជា​រូបរាង នឹង​ក្លាយ​ជា​សម្បត្តិ​ដ៏​មហាសាល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​របស់​ពួកគេ​៕

ព័ត៌មានផ្សេងទៀត