ចិន​ប្រាប់​ប្រទេស​៥​ឲ្យទទួល​ស្គាល់​ការពិត​ចំពោះ​ហុងកុង​

20-11-2020 9:58 am 1312

នៅ​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ចិន​បាន​ទាត់ចោល ការវាយប្រហារ​ចុងក្រោយ​របស់​ប្រទេស​ចំនួន​៥ មកលើ​គោលនយោបាយ​របស់​ចិន​ចំពោះ​ហុងកុង ដោយ​និយាយថា ពួកគេ​គួរតែ​ប្រឈមមុខ​ជាមួយ​ការពិត​ថា អតីត​អាណានិគម​អង់គ្លេស បានប្រគល់​ហុងកុង​មកឲ្យ​ចិន​ហើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​រួម មាន​អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា​និង​ណូវែល​ហ្សេ​ឡង់ ដែល​រួមគ្នា​បង្កើត​ភាពជា​ដៃគូ​ស៊ើប​ការណ៍ ដែល​ហៅថា ភ្នែក​ប្រាំ​។ ​លោក​Zhao Lijian ថា «​មិន​ថា​ពួកគេ​មាន​ភ្នែក ៥ ឬ ១០​ភ្នែក​នោះទេ ប្រសិនបើ​ពួកគេ​ហ៊ាន​ធ្វើ​អ្វី ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព សន្តិសុខ​និង​ផលប្រយោជន៍​របស់​ចិន ពួកគេ​គួរតែ​ប្រយ័ត្នប្រយែង ចំពោះ​ភ្នែក​របស់​ពួកគេ ដែល​អាច​ត្រូវបាន​គេ​ចាក់​ទម្លុះ​ហើយ​ធ្វើឲ្យ​ខ្វាក់​»​។ លោក​លោក​Zhao និយាយថា ហុងកុង​គឺជា​ផ្នែក​មួយ​ដែលជា​របស់​ប្រទេស​ចិន​ដោយ​គេច​មិន​ផុត​ឡើយ ហើយ​មន្ត្រី​សាធារណៈ​ត្រូវតែ​ស្មោះត្រង់​ចំពោះ​មាតុភូមិ​។ 

​ការ​ប្រតិកម្ម​ខ្លាំងៗ​របស់​ចិន ធ្វើឡើង​ក្រោយ​ប្រទេស​ចំនួន​៥​រួមមាន អាមេរិក អង់គ្លេស  អូស្ត្រាលី កាណាដា​និង​ណូវែល​ហ្សេ​ឡង់ បានចេញ​សេចក្តីថ្លែងការណ៍​រួម បរិហារ​ពី​គោលនយោបាយ​របស់​ចិន​ចំពោះ​ហុងកុង​។ បរិហារ​ចិន បន្ទាប់ពី​ចិន​ចេញ​សេចក្តីសម្រេច អនុញ្ញាតឲ្យ​នាយកប្រតិបត្តិ​ហុងកុ​ង ដកហូត​សិទ្ធិ​សមាជិកសភា​ជាប់ឆ្នោត​៤​នាក់ ចេញពី​ក្រុមប្រឹក្សា​និតិ​បញត្តិ​របស់​ហុងកុង​។ សមាជិកសភា​ដែល​បាន​ដកហូត​សិទ្ធិ​ទាំងនោះ ត្រូវគេ​ចាត់ទុកថា ជា​អ្នកនយោបាយ​ពូកែ​ខាង​តស៊ូ​មតិ ដើម្បី​ឯករាជ្យភាព​ហុងកុង​, ឃុបឃិត​ជាមួយ​កម្លាំសង​បរទេសឬ​គំរាមកំហែ​ង​សន្តិសុខ​ជាតិ​។ ការ​លូកដៃ​ចូល​កាន់តែ​ជ្រៅ​ក្នុង​នយោបាយ​នៅ​ហុងកុង ត្រូវបាន​សម្ព័ន្ធមិត្ត​ទាំង​៥ ចោទប្រកាន់​ចិន​ថា បាន​រំលោភ​ការសន្យា​ជាមួយ​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៨៤ ថា​នឹង​ការពារ​ស្វ័យភាព​ហុងកុង និង​សេរីភាព​នៃ​ការបញ្ចេញមតិ បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧​។ 

​គួរ​ជម្រាបជូន​ថា ហុងកុង​ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់​អង់គ្លេស​អស់​រយៈពេល​ជាង​១៥០​ឆ្នាំ​។ នៅ​ឆ្នាំ​១៩៩៧ អង់គ្លេស​បាន​ប្រគ​ល់ហុ​ង​កុង​ឲ្យ​ចិន​វិញ​។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៨៤ ដើម្បី​ធានាថា ហុងកុង​ត្រូវ​អនុវត្ដ​តាម​គោលការណ៍​ « ប្រទេសមួយ​ប្រព័ន្ធ​ពីរ​​» រយៈពេល​៥០​ឆ្នាំ ពោល គឺ​ចាប់ពី​ពេលដែល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន រហូតដល់​ឆ្នាំ​២០៤៧​។ ក្រោម​ការ​ព្រមព្រៀងគ្នា រវាង​រដ្ឋាភិបាល​ចិន​និង​អង់គ្លេស​ជំនាន់​នោះ ហុងកុង​នឹងមិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ទាំងស្រុង​ទេ គឺ​ហុងកុង​ត្រូវដាក់​ជា​តំបន់​រដ្ឋបាល​ពិសេស តាម​គោលការណ៍​« ប្រទេសមួយ​ប្រព័ន្ធ​ពីរ​»។ ហុងកុង​មាន​ប្រព័ន្ធ​រដ្ឋបាល សេដ្ឋកិច្ច និង​ប្រព័ន្ធតុលាការ​ដាច់ដោយឡែក​ពី​ចិន លើកលែងតែ​វិស័យ​យោធា​និង​ទំនាក់ទំនង​ការបរទេស​ប៉ុណ្ណោះ ដែល​ត្រូវ​ពឹងផ្អែក​លើ​ចិន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ចិនហុងកុង

ព័ត៌មានផ្សេងទៀត