បើ​ទទួលបាន​​ការអនុញ្ញាត​​ចុងឆ្នាំ​នេះ​​ក្រុមហ៊ុន​Pfizer​​នឹង​ផលិត​​វ៉ាក់សាំង​​កូវី​ដ​-១៩​ជា​ផ្លូវការ​

19-11-2020 10:58 pm 258
វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន​Pfizer​-​BioNTechមានប្រសិទ្ធភាព៩៥ភាគរយ

ក្រុមហ៊ុន​Pfizer​របស់​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​ដែល​ខ្លួន​បាន​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​BioNTech មាន​ប្រសិទ្ធភាព​រហូតដល់​៩៥​ភាគរយ ហើយ​ពុំ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។ លទ្ធផល​នេះ​បង្ហាញ​ក្រោយពេល​វិភាគ​ទៅលើ​ទិន្នន័យ​នៃ​ការ​ធ្វើ​តេស្ដ​លើកចុងក្រោយ​លើ​មនុស្ស ដោយ​វ៉ាក់សាំង​អាច​ការពារ​បាន​នូវ​អាការៈ​មធ្យម​និង​ធ្ងន់ធ្ង​រនៃ​ជំងឺ​កូវី​ដ​-១៩ និង​មាន​ប្រសិទ្ធភាព​៩៤​ភាគរយ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​អាយុ​លើ​៦៥​ឆ្នាំ ដែល​ជា​ក្រុម​មនុស្ស​ងាយ​នឹង​វិវត្ដ​ទៅ​រកសភាព​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លងកូវី​ដ​-១៩​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់បន្ថែម​ថា​គ្រោង​នឹង​ស្នើសុំ​ទៅ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដើម្បី​ទទួលបាន​ការអនុញ្ញាត​បន្ទាន់​ក្នុង​ការផលិត​ដើម្បី​ប្រើប្រាស់ ដែល​នេះ​ក៏​ជា​ក្ដីសង្ឃឹម​ថា​វ៉ាក់សាំង​នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ពិតប្រាកដ​។ នៅពេល​ទទួលបាន​ការ​អនុញ្ញាត​ក្រុមហ៊ុន​នឹង​ផលិត​៥០​ដូស ដែល​អាច​ប្រើប្រាស់​សម្រាប់​មនុស្ស​២៥​លាន​នាក់​នៅ​ចុងឆ្នាំ​នេះ ហើយ​នឹង​បង្កើន​ការផលិត​ដល់​១.៣​ពាន់​លាន​ដូ​សនៅ​ចុងឆ្នាំ​២០២១​។ ពលរដ្ឋ​អាមេរិក​នឹង​ទទួលបាន​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​តម្លៃ​១.៩៥​ពាន់​លាន​ដុល្លារ រវាង​ក្រុមហ៊ុន​Pfizer​ជាមួយ​រដ្ឋាភិបាល​សហ​ព័ន្ធ ដែល​អាច​ទទួលបាន​វ៉ាក់សាំង​ចំនួន​១០០​លាន​ដូស​។​

​ដើម្បី​អាច​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​នេះ​នៅ​ជុំវិញ​ពិភពលោក​បាន អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​លោក​Mike Ryan​និយាយថា យ៉ាងហោចណាស់​ក៏​ត្រូវ​ចំណាយ​ពេល​ពី​៤​ទៅ​៦​ខែ​ដែរ​។ ចំពោះ​ការ​រក្សាទុក​វិញ​ក៏​ជា​ផលវិបាក​មួយ​ដែរ ដោយសារ​តែ​វ៉ាក់សាំង​នេះ​ត្រូវ​ទុក​នៅ​ទីតាំង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​-៧០​អង្សា​សេ​។ បើ​រក្សាទុក​ក្នុង​ទូទឹកកក​ធម្មតា​បាន​រយៈពេល​៥​ថ្ងៃ និង​រក្សា​ទុក​ក្នុង​ប្រអប់​សម្រាប់​ដឹក​ជញ្ជូន​បាន​១៥​ថ្ងៃ​។ 

​ចំណែកឯ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​-១៩​របស់​ក្រុមហ៊ុន​អាមេរិក​Modern ដែល​ទើប​ប្រកាស​ពី​ប្រសិទ្ធភាព​ប្រមាណ​៩៤.៥​ភាគរយ​ដែរ​នោះ​ក្នុងការ​ធ្វើ​តេស្ដ​លើកចុងក្រោយ បើ​ទុក​នៅ​ទីតាំង​មាន​សីតុណ្ហភាព​-២០​អង្សា​សេ​អាច​បាន​រហូត​ដល់​៦​ខែ ហើយ​បើ​រក្សាទុក​ក្នុង​ទូទឹកកក​ធម្មតា​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី​២​ទៅ​៨​អង្សា​សេ អាច​ទុក​បាន​រយៈពេល​៣០​ថ្ងៃ​៕

ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត