កម្ពុជា​ឆ្លងកាត់​វិញ្ញាសារ​ធំៗ​៤ អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩

19-11-2020 4:20 pm 589

​លោកស្រី​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបញ្ជាក់​ថា មាន​វិញ្ញាសារ​ចំនួន ៤​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ។​លោកស្រី​បាន​បន្ថែមថា នៅក្នុង​បរិបទ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​នោះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ស្មុគស្មាញ​ដែល​មាន​ហានិភ័យ​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ និង​ការគ្រប់គ្រង​សភាពការណ៍​បាន​ល្អ​។​

​ជាមួយគ្នានេះដែរ ចំពោះ​វិញ្ញាសា​រទាំង ៤​ដែល​លោកស្រី​ឱ វណ្ណឌី​ន  បានបញ្ជាក់​នោះ​រួមមាន​៖

​វិញ្ញាសារ​ទី​១៖ ព្រឹត្តិការណ៍​នៃ​ការវិលត្រឡប់​របស់​បង​ប្អូន​ពលករ​ខ្មែរ​មក​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ស្របពេល​ដែល​ជំងឺ​កូវី​ដ​-១៩ កំពុងតែ​មាន​ការ​រាតត្បាត​ខ្លាំង នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​សកលលោក​។​

​វិញ្ញាសារ​ទី​២៖ ព្រឹត្តិការណ៍​នាវា​ខ្នាត​យក្ស MS Westerdam ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដែល​មាន​អ្នកធ្វើដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង ២,២០០​នាក់ ។​

​វិញ្ញាសារ​ទី​៣៖ ការគ្រប់គ្រង​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស ក្នុងពេល​ដែល​មាន​ការ​គិតគូរ​ដោយ​យកចិត្តទុកដាក់​ក្នុង​ការសម្រួល​ឲ្យ​បងប្អូន​ខ្មែរ​ដែល​ជាប់គាំង​នៅ​ក្រៅប្រទេស អាច​វិល​ត្រឡប់​មក​កាន់​ផ្ទះ​របស់​ខ្លួន​វិញ និង​តម្រូវការ​នៃ​អ្នកដំណើរ​ផ្សេងៗ​ទៀត​ចូល​មក​កាន់​កម្ពុជា​។​

​វិញ្ញាសារ​ទី​៤៖ ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដែល​កន្លងផុត​ទៅ​ថ្មីៗ​នេះ ដែល​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើកចុងក្រោយ​លើ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ជាង ១,៤០០​នាក់ គឺ​អវិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ទាំងអស់​។​

​បន្ទាប់ពី​បាន​បង្ហាញ​នូវ​វិញ្ញាសារ​ចំនួន ៤​នេះ​រួច​ហើយ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ខាងលើ ក៏​បានឲ្យ​ដឹង​ដែរ ចំពោះ​វិញ្ញាសារ​«​នាវា​ខ្នាត​យក្ស MS Westerdam »​និង​«​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​»​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​ដ៏​តូច​មួយ​នេះ គឺ​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​ស្ថានភាព​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូវី​ដ​-១៩ បាន​ទាន់ពេលវេលា ដែល​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា ចៀសផុត​ពី​ការចម្លង​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

ទន្ទឹមនឹងនេះ​ដែរ លោកស្រី​ឱ វណ្ណឌី​ន ក៏​បាន​អរគុណ​ដល់​កងទ័ព​អាវ​ស​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការជួយ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ និង​ការស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់ រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

​សូម​បញ្ជាក់​ដែរ​ថា យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា បានឲ្យដឹងថា គិត​ត្រឹម​ម៉ោង​៧:០០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ៣០៤​នាក់ ក្នុង​នោះ​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ២៩១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ មាន​ចំនួន ១២​នាក់ និង​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ចំនួន ១​នាក់​៕​ដោយ​៖​ថា ចាន់​ធី​

 

 

ព័ត៌មានផ្សេងទៀត