លោក​ប្រា​យុទ្ធ​ថា​ច្បាប់​ទាំងអស់​នឹងត្រូវ​យកមក​ប្រើ​ទប់ទល់​នឹង​អ្នក​តវ៉ា​

19-11-2020 4:00 pm 309

​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​នាយករដ្ឋមន្ត្រី​ថៃ និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ស្ថានភាព​នេះ​មិនមាន​ភាពប្រសើរឡើង​ទេ មាន​ហានិភ័យ​នៃ​ការកើនឡើង​អំពើហិង្សា​កាន់តែច្រើន បើ​មិន​ដោះស្រាយ អាច​បំផ្លាញ​ប្រទេស​និង​រាជានិយម​។ រដ្ឋាភិបាល​នឹង​ពង្រឹង​សកម្មភាព​របស់ខ្លួន និង​ប្រើប្រាស់​ច្បាប់​ទាំងអស់ និង​គ្រប់​មាត្រា ដើម្បី​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​ដែល​បាន​រំលោភច្បាប់​នេះ​»​។ 

​ប៉ុន្តែ​លោក​ប្រា​យុទ្ធ​មិន​បានបញ្ជាក់​ឡើយ​ថា វិធានការ​ផ្លូវច្បាប់​ដែល​នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ទប់​ទល់នឹង​អ្នក​តវ៉ា​នោះ រួមបញ្ចូល​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង អំពី ការហាមឃាត់​ការប្រមាថ​ព្រះមហាក្សត្រ​នោះទេ​។ ព្រះមហាក្សត្រ​ថៃ និង​ញាតិ​រាជវង្ស​ដ៏ទៃទៀត ត្រូវបាន​ការពារ​ដោយ​ច្បាប់ព្រហ្មទណ្ឌ ហើយ​ករណី​មាន​ការបំពាន​ណាមួយ គឺអាច​ជាប់ពន្ធនាគារ​យូរ​បំផុត​១៥​ឆ្នាំ​។ យ៉ាងណាក៏ដោយ បើតាម​លោក​ប្រា​យុទ្ធ​និយាយ​នៅ​ដើមឆ្នាំ​នេះ​ថា មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ​ដ៏​ចម្រូងចម្រាស់​នេះ មិន​ត្រូវបាន​ប្រើប្រាស់​ភ្លាមៗ​ទេ ដោយសារតែ​មាន​ការស្នើ​ពី​ព្រះមហាក្សត្រ​។​

បើតាម​សំដី​របស់​សកម្មជន​ម្នាក់​ឈ្មោះ Tanawat Wongchai ការលើកឡើង​របស់លោក​ប្រា​យុទ្ធ អាច​មានន័យថា មាត្រា​១១២​អាច​ត្រូវ​យកមកប្រើ ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​។ សកម្មជន​ម្នាក់នេះ បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ដោយ​ដាក់​សញ្ញា​សួរថា តើ​នេះ​ឬ​ជា​ការសម្របសម្រួល​? សកម្មជន​Tanawat Wongchai​ចង់​សំដៅលើ​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ថៃ កាលពីពេល​ថ្មីៗ​នេះ ដោយ​ព្រះអង្គ ចាត់ទុក​ប្រទេស​ថៃ​ថា ជា​ដែនដី​នៃ​ការសម្របសម្រួល​។​

​ការប្រកាស​របស់លោក​ប្រា​យុទ្ធ ពី​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង​អ្នក​តវ៉ា ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ក្រុមអ្នកតវ៉ា បាននាំគ្នា​ទៅ​អុកឡុក​នៅ​ទីស្នាក់ការ​ប៉ូលិស នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ការប្រមូលផ្តុំ​តវ៉ា​នៅ​ទីស្នាក់ការ​ប៉ូលិស ជា​ការឆ្លើយតប​ទៅនឹង​ប៉ូលិស ដែល​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​និង​សារធាតុ​រាវ​បង្ហូរទឹកភ្នែក បង្ក្រាប​លើ​អ្នក​តវ៉ា​នៅក្បែរ​សភាជាតិ​ថៃ កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដែល​បណ្តាលឲ្យ​មនុស្សជាង​៥០​នាក់​រងរបួស​។ ការតវ៉ា​កាលពី​ថ្ងៃ​អង្គារ​នោះ មាន​ការប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ឡើយ ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង នៅ​ខែកក្កដា​ឆ្នាំ​២០២០​មក​។​

​ការតវ៉ា​២​ថ្ងៃ​ចុងក្រោយ គឺ​ថ្ងៃទី​១៧​និង​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ ជា​ផ្នែក​មួយ​នៃ​ការតវ៉ា​បន្តបន្ទាប់ ដែល​អូសបន្លាយ​តាំងពី​ខែកក្កដា​។ ក្នុងពេល​តែមួយ ការតវ៉ា​ដែល​ដឹកនាំ​ដោយ​និស្សិត​វ័យក្មេងៗ បានទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ទាមទារ​កែប្រែ​រដ្ឋធម្មនុញ្ញ និង​ធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ពួកគេ​ចង់ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន មាន​តួនាទី​ត្រឹម​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិនត្រូវ​មានអំណាច​លើសពីនេះ​ទេ ព្រមទាំង​ទាមទារ​ឲ្យ​លុប​ច្បាប់​ដាក់ទោស​លើ​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ផងដែរ​។ ស្ថាប័ន​ព្រះមហាក្សត្រ ដែល​មិន​ធ្លាប់មាន​នរណា​ហ៊ាន​ប៉ះពាល់ តែ​ត្រូវបាន​ក្រុមអ្នកតវ៉ា​រិះគន់​ពេញៗ​មាត់ និង​ទាមទារ​ធ្វើកំណែទម្រង់ រហូត​ហែ​ក្បួន​តវ៉ា សុំ​ការចរចា​ជាមួយ​ព្រះមហាក្សត្រ​ថៃ នៅ​ព្រះបរមរាជវាំង​ទៀតផង​។ 

​នៅក្នុង​ការតវ៉ា​អស់​រយៈពេល​ជិត​៥​ខែ​កន្លងមកនេះ មាន​អ្នក​តវ៉ា​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​នោះ​រួមមាន​ទាំង​មេដឹកនាំ​ការតវ៉ា​លេចធ្លោ​ជាច្រើន​នាក់​ផងដែរ ត្រូវបាន​ចាប់ខ្លួន​ពី​បទចោទប្រកាន់​ផ្សេងៗ​គ្នា​។ បើទោះបីជា​រង​នូវ​ការបង្ក្រាប និង​ចាប់ខ្លួន​យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ា មិន​បញ្ឈប់​សកម្មភាព​ត្រឹមនេះ​ទេ ពោល ពួកគេ​គ្រោង​រៀបចំ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ នៅឯ​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រាជវាំង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Crown Property Bureau នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត