ហេតុអ្វីគេងមិនលក់?

18-11-2020 4:46 pm 164

ការគេងលង់លក់បានស្កប់ស្កល់ គឺជាកត្តាមួយដែលអាចជួយស្តារកម្លាំង ភាពហត់នឿយឱ្យមកប្រក្រតីវិញបាននៅពេលក្រោកឡើង ថែមទាំងមានអារម្មណ៍ថាស្រស់ស្រាយ។ ចំណែកឯការគេងមិនលក់ ជាពិសេសនៅពេលយប់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលបានជះឥទ្ធិពលអវិជ្ជមានខ្លាំងចំពោះសុខភាព នឹងធ្វើឲ្យរាងកាយងាយនឹងចុះទ្រុធទ្រោម។ គេងមិនលក់នៅពេលយប់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថានឿយហត់នៅពេលព្រឹក។ មានមូលហេតុច្រើន ដែលបណ្ដាលឲ្យកើតមានអាការៈគេងមិនលក់ដូចជា ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងដែលមានជាតិហ្គាស អាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ដូចជាមានផ្ទុកជាតិអាស៊ីត អាហារហឹរ ដែលវាសុទ្ធសឹងតែអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ 

ក្រៅពីនេះ បើយោងតាមគេហទំព័របរទេស health.harvard ក៏នៅមានកត្តាសុខភាពជាច្រើនទៀត ដែលបង្ករឲ្យអ្នកគេងមិនលក់ ក្នុងនោះរួមមាន ការឈឺចាប់ដូចជា ឈឺសន្លាក់ ឬការឈឺចាប់ផ្សេងៗទៀត ជាមូលហេតុមួយមិនធ្វើឱ្យអ្នកងងុយគេងនោះទេ ហើយវាក៏អាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍ឈឺចាប់កាន់តែខ្លាំងផងដែរ។ បន្ថែមលើនេះ ក៏នៅមានកង្វះលំហាត់ប្រាណ ការគិតច្រើន ការតានតឹង ថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត យឺតយ៉ាវក្នុងការគេង បរិយាកាស ទីកន្លែងគេងមិនល្អ ការពាក់ព័ន្ធនឹងគ្រឿងញៀន ឬញៀនសារធាតុមួយចំនួនដូចជា ស្រា ឬថ្នាំងងុយគេង ឬសូម្បីតែការប្រើប្រាស់ថ្នាំសម្រាប់ជំងឺផ្សេងៗច្រើនពេក ក៏អាចបណ្តាលឲ្យមានករណីគេងមិនលក់កើតឡើងដែរ។

បើយោងតាមគេហទំព័រសុខភាព WebMD ក៏បានឲ្យដឹងដែរថា ការគេងមិនលក់ ឬមិនបានគ្រប់គ្រាន់ និងធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យសុខភាពជាច្រើនដូចជា ៖គាំងបេះដូង ចង្វាក់បេះដូងលោតមិនទៀងទាត់ សម្ពាធឈាមខ្ពស់ ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ស្បែកមិនស្អាត រួមជាមួយកត្តាជាច្រើនផ្សេងទៀត។ មិនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ តែវាក៏បង្ករផលមិនល្អដល់ការងារប្រចាំថ្ងៃរបស់អ្នក ថែមទាំងអាចបង្ករជាគ្រោះថ្នាក់នៅលើដងផ្លូវ មិនចាញ់ឥទ្ធិពលគ្រឿងស្រវឹងនោះឡើយ។ ដូច្នេះហើយ ដើម្បីឲ្យខ្លួនអ្នកអាចគេងលក់ ថែមទាំងបានស្កប់ស្កល់ឆ្អែតគ្រប់គ្រាន់ ជៀសវាងបានពីបញ្ហាទាំងអស់ខាងលើ អ្នកគប្បីអនុវត្តនូវវិធីមួយដូចជា៖

១ រៀបចំកន្លែងគេងឲ្យមានផាសុខភាព៖ បរិយាកាសកន្លែងគេង គឺពិតជាសំខាន់ណាស់ ដើម្បីជួយអ្នកឲ្យគេងយប់បានលក់ស្រួល។ អ្នកត្រូវរៀបចំបន្ទប់គេងឲ្យមានសណ្ដាប់ធ្នាប់ ផ្លាស់ប្ដូរកម្រាលពូក មុង ភួយឲ្យបានញឹកញាប់ រក្សាសីតុណ្ហភាពឲ្យថេរ មិនក្ដៅពេកឬត្រជាក់ពេក ដើម្បីជាជំនួយដល់ដំណេកពេលយប់របស់អ្នក។ 

២ ឧស្សាហ៍ធ្វើលំហាត់ប្រាណ៖ គួរហាត់ប្រាណ បើអាចឲ្យបានជាប្រចាំជាការល្អ ពី២០-៣០នាទី ជាពិសេសនៅពេលព្រឹក ព្រោះវានឹងជួយឱ្យសុខភាពរាងកាយរឹងមាំ គេងលក់ស្រួលនៅពេលយប់។

៣ កំណត់ទម្លាប់គេងឲ្យបានទៀងទាត់៖អ្នកគួរតែកំណត់ពេលវេលាគេងឲ្យបានទៀងទាត់ ដើម្បីអាចរក្សាប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកឲ្យមានសុខភាពល្អ។ លើសពីនេះ មិនត្រូវគិតរឿងស្មុគស្មាញច្រើនឡើយ ហើយប្រសិនបើគេងមិនលក់ អ្នកអាចជ្រើសរើសការអានសៀវភៅបន្តិច នោះនឹងអាចជួយឲ្យអ្នកគេងលក់ស្រួល។

៤ ទទួលទានទឹក និងអាហារពេលល្ងាចឲ្យត្រឹមត្រូវ៖ អ្នកគួរទទួលទានអាហារក្នុងបរិមាណមួយដែលត្រឹមត្រូវ ពិសេសនៅពេលល្ងាច។ តែយ៉ាងណា អ្នកគួរជៀសវាងទទួលទានច្រើនពេក ហឹរពេក ឬអាហារដែលមានជាតិជូរខ្លាំង ព្រោះវាអាចបណ្ដាលឲ្យរលាកបេះដូង និងពិបាកកិនរំលាយពេលជិតចូលដំណេក។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារផ្ទុកជាតិស្ករ និងស្ករសុទ្ធដូចជានំប៉័ង បាយ និង មី គុយទាវ ជាដើម ព្រោះវាអាចបណ្ដាលឲ្យស្មារតីស្វាង មិនងងុយគេង។ ពិសាភេសជ្ជៈក្តៅឧណ្ហៗ ក៏ដូចជាទឹកក្ដៅឧណ្ហៗមុនពេលចូលគេង៕ ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត